ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី
2023-05-24 17:25:32cri
Share with:

    នារសៀលថ្ងៃទី ២៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង  ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានបង្ហាញថា ក្នុងខែមីនាឆ្នាំនេះ លោកបានបំពេញទស្សនកិច្ចផ្លូវរដ្ឋដោយជោគជ័យនៅប្រទេសរុស្ស៊ី ដោយរួមជាមួយលោកប្រធានាធិបតី Putin ដើម្បីគូរប្លង់មេសម្រាប់ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ីលើវិស័យនានាក្នុងមួយរយៈពេលខាងមុខ សង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាឱ្យឡើងដល់កម្រិតកាន់តែខ្ពស់ និងបន្តបំពេញបន្ថែមខ្លឹមសារដល់ទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហប្រតិបត្តិការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី។

លោក Xi Jinping បានបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈបន្តគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំជាមួយរុស្ស៊ីលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់គូភាគី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើឆាកពហុភាគីដូចជាអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការសៀងហៃ ប្រទេសBRICS និង ប្រទេសG20។ ប្រទេសចិនមានឆន្ទៈក្នុងការរួមសហការជាមួយប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដើម្បីជំរុញការរួមគ្នាកសាង"ខ្សែក្រវាត់ និងផ្លូវ"  តភ្ជាប់និងសហការជាមួយនឹងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដើម្បីជំរុញការបង្កើតទីផ្សារតំបន់ឱ្យកាន់តែបើកចំហ ធានាឱ្យបាននូវស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក្នុងន័យផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់បណ្តាប្រទេសក្នុងតំបន់។

ជាការឆ្លើយតប លោក Mishustin បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់លោក Xi Jinping នៅប្រទេសរុស្ស៊ីក្នុងខែមីនាឆ្នាំនេះ ទទួលបានជោគជ័យ និងបានបើកយុគសម័យថ្មីនៃទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហប្រតិបត្តិការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិន។ ភាគីរុស្ស៊ីមានឆន្ទៈរួមសហការជាមួយភាគីចិន ដើម្បីអនុវត្តយ៉ាងម៉ត់ចត់នូវគំនិតឯកភាពសំខាន់ៗរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានា។ រុស្ស៊ីមានឆន្ទៈរួមសហការមួយប្រទេសចិនដើម្បីជំរុញដំណើរការធ្វើពហុប៉ូលភាវូបនីយកម្មនៃពិភពលោក និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ។ ភាគីរុស្ស៊ីរំពឹងទុកថានឹងពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិជាមួយភាគីចិន ដើម្បីធ្វើឲ្យទំនាក់ទំនងមិត្តភាពរវាងរុស្ស៊ី និងចិនអាចបន្តវេនពីមួយជំនាន់ទៅមួយជំនាន់៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស