ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុអ្វីបានជាសហគមន៍អន្តរជាតិប្រតិកម្មប្រឆាំងយ៉ាងខ្លាំងក្លាចំពោះករណីដែលជប៉ុនមានផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ ?
2023-05-16 14:28:26cri
Share with:

 

ឧប្បតិ្តហេតុផ្ទុះរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ាទី ១ របស់ជប៉ុនកាលពីឆ្នាំ ២០១១ បានបណ្តាលឱ្យប្រជាជនជប៉ុននិងប្រជាជននៃប្រទេសជុំវិញរងផលប៉ះពាល់យ៉ាងខ្លាំងពីការបែកធ្លាយសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរម្តងរួចមកហើយ ។ ជាង ១០ កន្លងផុតទៅ ជប៉ុនបានសម្រេចចិត្តបង្ហូរទឹកសំណល់នុយក្លេអ៊ែរដែលរងភាពបំពុលដោយសារសារធាតុវិទ្យុសកម្មចូលទៅក្នុងសមុទ្រ ដែលការសម្រេចចិត្តមួយនេះវាមិនខុសពីការប្រើកាំបិតចាក់ដោតទៅលើស្នាមរបួសចាស់ម្តងទៀតនោះឡើយ ។

 

បន្ទាប់ពីជប៉ុនបានប្រកាសពីផែនការរបស់ខ្លួនបែបនេះ ក៏ត្រូវសហគមន៍អន្តរជាតិ ពិសេស ប្រទេសជុំវិញប្រតិកម្មប្រឆាំងយ៉ាងខ្លាំងក្លា ហើយប្រជាជនជប៉ុនក៏បាននាំគ្នាធ្វើបាតុកម្មតវ៉ាជាច្រើនដង ដោយទទូចឱ្យរដ្ឋាភិបាលជប៉ុនពិចារណាឡើងវិញពីផលប៉ះពាល់នៃផែនការមួយនេះ ហើយងាកទៅរកដំណោះស្រាយដែលភាគីពាក់ព័ន្ធផលប្រយោជន៍អាចទទួលយកបាន ។

 

ហេតុអ្វីបានជាសហគមន៍អន្តរជាតិ បូករួមទាំងប្រជាជនជប៉ុនខ្លួនឯងសុទ្ធតែមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំងក្លាបែបនេះ ? ជាបឋម យើងមកឈ្វេងយល់ពីផលប៉ះពាល់នៃសារធាតុវិទ្យុសកម្មដែលកើតចេញពីការបែកធ្លាយនៃសារធាតុនុយក្លែអ៊ែរ ។

 

សារធាតុវិទ្យុសកម្មអាចបំផ្លាញកោសិកានិងDNAរបស់មនុស្សនិងសត្វ ធ្វើឱ្យសមត្ថភាពប្រព័ន្ធស៊ាំធ្លាក់ចុះ បំផ្លាញប្រព័ន្ធប្រសាទ ពិសេសធ្វើឱ្យប៉ះពាល់ដល់សុខភាពស្ត្រីមានផ្ទៃពោះ ដែលធ្វើឱ្យទារកកើតមកមានរូបរាងខុសប្រក្រតី និងអាចបង្កជាជំងឺមហារីក ។ល។

 

ចំណុចទីពីរយើងមកឈ្វេងយល់ពីផលប៉ះពាល់ជាក់ស្តែងនៃសារធាតុវិទ្យុសកម្មដែលកើតចេញពីការសាយភាយសារធាតុនុយក្លេអែរ ។ កាលពីឆ្នាំ ២០១១ ឧប្បត្តិហេតុផ្ទុះរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ាទី ១ បានធ្វើឱ្យពលរដ្ឋជប៉ុនដែលរស់នៅជុំវិញកន្លែងកើតហេតុកើតមានជំងឺកម្រជាច្រើន ពិសេសអត្រានៃទារកដែលកើតមកមានរូបរាងខុសប្រក្រតីបានកើនឡើងយ៉ាងខ្លាំង ។ ក្រៅពីនេះ សត្វសមុទ្រនៅទីនោះក៏រងផលប៉ះពាល់ផងដែរ អ្នកនេសាទនិងពលរដ្ឋដែលបានបរិភោគសត្វសមុទ្រនៅទីនោះក៏កើតមានបញ្ហាសុខភាពជាបន្តបន្ទាប់ ។

 

ប្រសិនជាជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ នោះវានឹងបង្កជាគ្រោះថ្នាក់ជាលើកទី ២ ហើយគ្រោះថ្នាក់នេះគឺមិនអាចស្រោចស្រង់បានទេ ដែលវានឹងស្ថិតមានជាដរាប ។ ពីព្រោះថាប្រសិនជាសារធាតុវិទ្យុសកម្មបានជ្រាបចូលទៅក្នុងសមុទ្រ បរិស្ថានសមុទ្រនឹងត្រូវបំផ្លាញ សត្វសមុទ្រនឹងរងគ្រោះជាបន្តបន្ទាប់ ហើយមនុស្សជាតិដែលទាញផលពីសមុទ្រក៏ត្រូវរងផលប៉ះពាល់ទាំងសុខភាពនិងសេដ្ឋកិច្ចផងដែរ ។

 

អ្វីដែលគួរបញ្ជាក់គឺផលប៉ះពាល់ដ៏អាក្រក់នេះ វាមិនមែនសំដៅតែប្រជាពលរដ្ឋជប៉ុននោះទេ គឺវាប៉ះពាល់ដល់សុខភាពនិងសុវត្ថិភាពអាយុជីវិតរបស់ប្រជាជននៃប្រទេសជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានន័យថាទាំងបរិស្ថានធម្មជាតិនិងមនុស្សជាតិសុទ្ធតែត្រូវរងផលប៉ះពាល់យូរអង្វែងពីសកម្មភាពបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្ររបស់ជប៉ុន ។

 

មិនថារដ្ឋាភិបាលឬប្រជាជនជប៉ុននោះទេ សុទ្ធតែដឹងច្បាស់ពីឥទ្ធិពលអវិជ្ជមាននៃសារធាតុវិទ្យុសកម្មដែលកើតចេញពីការបែកធ្លាយសារធាតុនុយក្លេអ៊ែរ ហើយសហគមន៍អន្តរជាតិក៏បាននាំគ្នាដាស់តឿនឱ្យរដ្ឋាភិបាលជប៉ុនគិតពិចារណាឱ្យបានហ្មត់ចត់ និងស្វែងរកដំណោះស្រាយផ្សេងដែលអាចកាត់បន្ថយផលប៉ះពាល់ឱ្យដល់កម្រិតអប្បបរមា ។ ប៉ុន្តែចុះហេតុអ្វីបានរដ្ឋាភិបាលជប៉ុននៅតែទទូចអនុវត្តផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រទៀត ?

 

កត្តាចម្បងគឺជប៉ុនយល់ឃើញដោយខ្លួនឯងថា ចំណាត់ការចំពោះទឹកសំណល់នុយក្លេអ៊ែរ វាជាកិច្ចការ«ផ្ទៃក្នុង»របស់ជប៉ុន ដូច្នេះជប៉ុនសម្រេចចិត្តបែបណាវាជា«រឿងរបស់ជប៉ុន» ។ តើវាពិតទេដែលថារឿងនេះវាជា«រឿងផ្ទៃក្នុង»របស់ជប៉ុន ? ចម្លើយគឺច្បាស់ណាស់ ប្រសិនជាជប៉ុនចាត់ចែងទឹកសំណល់នុយក្លេអ៊ែរដោយមិនបង្កផលប៉ះពាល់ដល់អ្នកដទៃ នោះវាជារឿងផ្ទាល់ខ្លួនរបស់ជប៉ុន តែជប៉ុនសម្រេចចិត្តបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលសមុទ្រ ដែលនឹងបង្កគ្រោះមហន្តរាយដល់បរិស្ថានសមុទ្រដែលមិនអាចស្រោចស្រង់បានជាដរាប ក៏ដូចជាបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាជនដែលរស់នៅជុំវិញ នោះវាមិនមែនជា«រឿងផ្ទាល់ខ្លួន»របស់ជប៉ុនទៀតទេ ។

 

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បរិស្ថានសមុទ្រជាបរិស្ថានសាធារណៈ ដែលពាក់ព័ន្ធនឹងផលប្រយោជន៍និងជោគវាសនារបស់ប្រទេសជាច្រើន ។ អាស្រ័យហេតុនេះ ការដែលចាត់វិធានការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រគឺជាទង្វើអាត្មានិយមបំផុតដែលចង់យករួចតែខ្លួន ។ ប៉ុន្តែអ្វីដែលគួរឱ្យរំឮកនោះគឺ ដំណោះស្រាយរបស់ជប៉ុនវាមិនត្រឹមតែប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសជិតខាងនោះទេ វាថែមទាំងបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាជនជប៉ុនផងដែរ ។

 

សហគមន៍អន្តរជាតិនិងពលរដ្ឋជប៉ុនបានដាស់តឿននិងអំពាវនាវដល់រដ្ឋាភិបាលជប៉ុនម្តងហើយម្តងទៀតឱ្យស្វែងរកដំណោះស្រាយដែលកាន់តែមានប្រសិទ្ធភាព សុវត្ថិភាពនិងមានហានិភ័យទាប ព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យដល់កម្រិតអប្បបរមា ។ ជប៉ុនគួរតែស្តាប់សំឡេងអំពាវនាវបស់ប្រជាជនខ្លួនឯង ស្តាប់ការដាស់តឿនរបស់សហគមន៍អន្តរជាតិ ធ្វើការពិភាក្សាជាមួយប្រទេសពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយដ៏សមរម្យដែលជាការរួមចំណែកដល់ការការពារបរិស្ថានធម្មជាតិ និងសុខភាពសាធារណៈ ពិសេសសុខភាពរបស់ប្រជាពលរដ្ឋជប៉ុនផ្ទាល់តែម្តង កុំដើរខុសមួយជំហានដែលនាំឱ្យអន្តរាយទាំងខ្លួនឯងនិងអ្នកដទៃ ៕

 

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

 

 


 

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស