ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនបានដាស់តឿនសហគមន៍អន្តរជាតិឱ្យជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ
2023-05-16 15:40:38cri
Share with:

       ថ្ងៃទី ១៥ ខែឧសភា  លោក Zhang Jun តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងសន្និសីទបើកចំហស្តីពីបញ្ហាមនុស្សធម៌នៅអ៊ុយក្រែន លោកបានដាស់តឿនសហគមន៍អន្តរជាតិឱ្យជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយដោយបន្ទាន់បំផុត។

          លោក Zhang Jun  បានលើកឡើងថា  ជាបឋម ត្រូវខិតខំដោយពេញទំហឹងដើម្បីកាត់បន្ថយការរងគ្រោះនិងភាពឈឺចាប់របស់ជនស៊ីវិល។ ទីពីរត្រូវគាំពារខ្សែបន្ទាត់ក្រហមនៃសុវត្ថិភាពអាវុធនុយក្លេអ៊ែរ។ ការដាក់ទណ្ឌកម្មដោយឯកតោភាគីមិនគ្រាន់តែបានបំផ្លាញដល់មនុស្សធម៌កាន់តែធ្ងន់ធ្ងរតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំផ្លាញខ្សែសង្វាក់ផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។ ប្រទេសពាក់ព័ន្ធដូចជាអាមេរិកជាដើមត្រូវគិតពិចារណាពីកំហុសរបស់ខ្លួនដោយមធ្យ័ត ហើយកែតម្រូវកំហុសឆ្គងភ្លាម។

      លោកបានគូសបញ្ជាក់ថា  យើងគួរជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយដោយបន្ទាន់បំផុត។ ការបើកកិច្ចចរចាឡើងវិញមិនត្រូវពន្យារម្តងហើយម្តងទៀតនោះទេ។   បណ្តាភាគីគួរបង្កលក្ខណសម្បត្តិសម្រាប់ការបើកធ្វើការចរចា  ពុំមែនញុះញង់ឱ្យមានជម្លោះកាន់តែខ្លាំង  ដើម្បីកេងយកផលប្រយោជន៍ពីក្នុងនោះទេ។  អំពីបញ្ហាអ៊ុយក្រែន  ភាគីចិនប្រកាន់ខ្ជាប់គោលជំហរសន្តិភាពជានិច្ច ចិនខិតខំជំរុញឱ្យធ្វើការចរចាដោយសន្តិវិធី។ លោក Li Hui   តំណាងពិសេសរដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអាស៊ីអឺរ៉ុបបានចេញដំណើរទៅកាន់អ៊ុយក្រែន  ប៉ូឡូញ   បារាំងនិងរុស្ស៊ីហើយ  ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់ជាមួយបណ្តាភាគីអំពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ។ ភាគីចិនមានឆន្ទៈរួមជាមួយសហគមន៍អន្តជាតិ បន្តធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស