ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រសិនបើសហរដ្ឋអាមេរិកធ្វើតាមតែទំនើងចិត្តលើបញ្ហាតៃវ៉ាន់ នោះ មុខជានឹងបណ្តាលឱ្យកើតមានផលវិបាកដ៏ធ្ងន់ធ្ងរជាក់ជាមិនខាន
2023-05-15 11:12:05cri
Share with:

    លោក Blinken រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗកន្លងទៅនេះដោយបាន"លើកទឹកចិត្តយ៉ាងខ្លាំង"ឱ្យអង្គការសុខភាពពិភពលោកអញ្ជើញចិនតៃវ៉ាន់ឱ្យចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោកឆ្នាំនេះក្នុងនាមជាអ្នកអង្កេតការណ៍ ។ ប្រព័ន្ធសារព័ត៌មានជាច្រើនសម្គាល់ឃើញថា ក្រោមការញុះញង់របស់សហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលជិតនឹងបើកធ្វើនៅប្រទេសជប៉ុននឹងឃោសនាបំប៉ោងពី"ការគំរាមកំហែងរបស់ចិន" ហេតុនេះហើយ តាមការប៉ាន់ប្រមាណ បញ្ហាតៃវ៉ាន់នឹងទទួល"ការយកចិត្តទុកដាក់"ជាពិសេស ។

    ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសលោកខាងលិចមួយចំនួនតូចដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបង្កររឿងហេតុលើបញ្ហាតៃវ៉ាន់ជាញឹកញាប់ ។ នៅពេលដែលលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកកាលនោះបានទៅបំពេញទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់កាលពីខែសីហា ឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងការបរទេសនៃរដ្ឋសមាជិកប្រទេស G7 ធ្លាប់ចេញផ្សាយនូវអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួមមួយដោយបានទាមទារឱ្យប្រទេសចិនកុំប្រើប្រាស់កម្លាំងបាយមកកែប្រែស្ថានការណ៍បច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់ដោយឯកតោភាគី ។ នេះជាពាក្យសម្តីខុសទំនងដែលនិយាយប្រែសជាខ្មៅ ។ អ្នកចេះដឹងសុទ្ធតែអាចមើលច្បាស់ថា ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ គឺ សកម្មភាពអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងការបណ្តែតបណ្តោយនិងគាំទ្រពីកម្លាំងខាងក្រៅ ។

    គួរបញ្ជាក់ថា បញ្ហាតៃវ៉ាន់គឺជាចំណុចគន្លឹះនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ។ គោលការណ៍ចិនតែមួយជាគំនិតឯកភាពរួមជាទូទៅនៃសហគមន៍អន្តរជាតិនិងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលទទួលបានការទទួលស្គាល់ជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ ហើយក៏ជាមូលដ្ឋាននយោបាយសម្រាប់ប្រទេសចិនក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសដទៃទៀត ។ ប្រសិនបើសហរដ្ឋអាមេរិកចង់ឱ្យអូសទាញសម្ព័ន្ធមិត្តក្នុងការប្រើបញ្ហាតៃវ៉ាន់ធ្វើជាសន្លឹកបៀ រហូតដល់បង្កើតអ្វីដែលហៅថា "គំនិតឯកភាពរួម"ណាមួយលើឆាកអន្តរជាតិ នោះ វាគឺជាការគិតខុសទាំងស្រុង ។

    អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា នៅពេលដែលលោក Emmanuel Macron ប្រធានាធិបតីបារាំងបានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែមេសា ឆ្នាំនេះ លោកបានរំលឹកឡើងវិញថា ប្រទេសបារាំងគោរពព្រមទាំងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយលោកបានលើកឡើងថា អឺរ៉ុបចាំបាច់ត្រូវកំណត់ផលប្រយោជន៍និងតម្រូវការរបស់ខ្លួនលើបញ្ហាតៃវ៉ាន់ ព្រមទាំងធ្វើការសម្រេចចិត្តដោយសំអាងតាមការនេះ ។ យ៉ាងណាមិញ ការបង្ហាញឥរិយាបថបែបនេះបានបង្កឱ្យមានការមិនពេញចិត្តពីសំណាក់អាមេរិក ។ បើគិតពិចារណាពីវិបតិ្តទំនុកចិត្តដែលបណ្តាលមកពីការបែកធ្លាយនៃឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិកសម្រាប់ឃ្លាំមើលនិងលួចស្តាប់សម្ព័ន្ធមិត្តរបស់ខ្លួន ផ្ទៃក្នុងប្រទេស G7 បានកើតមានការបែកបាក់គ្នាផ្ទៃក្នុងជាយូរមកហើយ ។

    ទាក់ទិននឹងបញ្ហាតៃវ៉ាន់ មួយផែ្នក សហរដ្ឋអាមេរិកបានអះអាងថា នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ មិនគាំទ្រកម្លាំងអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ មួយផ្នែកទៀត បែរជាបានលេងឧបាយកលនយោបាយដែល"ប្រើបញ្ហាតៃវ៉ាន់មកទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន"ថែមមួយកម្រិតទៀត ។ ពីការដែលលោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្តអាមេរិកបានជួបសន្ទនាជាមួយបុគ្គល Tsai Ing-wen មេដឹកនាំតំបន់ចិនតៃវ៉ាន់ដែលទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក រហូតដល់នាវាចម្បាំងកងទ័ពអាមេរិកបានធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្រោមលេស"សេរីភាពខាងនាវាចរណ៍" ពីក្រុមមហ៊ុនទទួលម៉ៅកិច្ចការពារជាតិរបស់អាមេរិកជាង ២០ សហគ្រាសបានធ្វើដំណើរទៅដល់តៃវ៉ាន់ដើម្បីធ្វើការពិគ្រោះពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់រហូតដល់អ្នកនយោបាយអាមេរិកជួយតៃវ៉ាន់ឱ្យត្រួសត្រាយអ្វីដែលហៅថា"លំហអន្តរជាតិ" តើប្រទេសណាមួយនិយាយបានតែមាត់ថា នឹងគាំពារសន្តិភាពនៃច្រកសមុទ្រតៃវ៉ាន់ តាមការពិត បែរជាបានធ្វើអ្វីដែលចាក់សាំងលើភ្លើង ? ពិភពលោកបានមើលឃើញយ៉ាងច្បាស់រួចហើយ ។

    សូមបញ្ជាក់ដែរថា នៅលើទូទាំងពិភពលោកមានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយនៃទឹកដីប្រទេសចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។ គោលការណ៍ចិនតែមួយទទួលបានការគាំទ្រជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ នេះជាគោលបំណងទូទៅរបស់ប្រជាជនដែលនិន្នាការនេះមិនអាចដើរបញ្រ្ចាសបានទេ ។ បើអ្នកណាចង់ធ្វើឱ្យប្រទេសចិនបន្ធូរបន្ថយជំហរលើបញ្ហាតៃវ៉ាន់ នោះ វាគឺជាការស្រមើស្រមៃប្រៀបដូចជាយកដុំថ្មទម្លាក់លើជើងខ្លួនឯង ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស