ពេលថ្មីៗកន្លងទៅនេះ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបរទេសឱ្យដឹងថា សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានផ្ញើសារលិខិតទៅឱ្យម៉ាឡេស៊ីជាបន្តបន្ទាប់ ដែលប៉ុនប៉ងដាក់សម្ពាធទៅលើសហគ្រាសចិន ។ ដើម្បីដាក់សម្ពាធទៅលើភាគីម៉ាឡេស៊ីឱ្យឈប់ប្រើប្រាស់ក្រុមហ៊ុន HUAWEI របស់ចិនក្នុងការស្ថាបនាប្រព័ន្ធសេវាកម្ម ៥G ពួកគេសឹងតែអះអាងថា ក្រុមហ៊ុន HUAWEI នឹងបង្កជាអ្វីដែលហៅថា “ហានិភ័យខាងសន្តិសុខជាតិនិងការវិនិយោគបរទេស”ចំពោះម៉ាឡេស៊ី ។ ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ធតែឃើញច្បាស់ថា សហរដ្ឋអាមេរិកទើបជាអ្នកលួចយកការណ៍សម្ងាត់ដ៏ធំបំផុតលើទូទាំងពិភពលោក រីឯក្រុមហ៊ុន HUAWEI គឺជាខែលសម្រាប់ការពារសន្តិសុខទូរគមនាគមន៍របស់ប្រទេសនានា ។
តាមផែនការពីមុន ប្រទេសម៉ាឡេស៊ីគ្រោងនឹងដាក់ចេញនូវផែនការបណ្តាញសេវាកម្ម ៥G ទីពីរនៅខែមករាឆ្នាំ២០២៤ ដើម្បីបំបែកការផ្តាច់មុខលើអាជីវកម្មដែលបណ្តាលមកពីមានបណ្តាញសេវាកម្ម ៥G តែមួយ ក៏ដូចជាធានាឱ្យទីផ្សារកាន់តែមានកម្លាំងប្រកួតប្រជែង ។ ទង្វើរបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានរំខានយ៉ាងធ្ងន់ធ្ងរដល់ដំណើរកសាងបណ្តាញសេវាកម្ម ៥G ទីពីររបស់ម៉ាឡេស៊ី រហូតដល់បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ម៉ាឡេស៊ី ។
តាមការពិត សហរដ្ឋអាមេរិកបានលួចស្តាប់ទូទាំងពិភពលោកតាមមធ្យោបាយច្រើនបែបយ៉ាងក្នុងរយៈពេលជាយូរណាស់មកហើយ ។ ពេលថ្មីៗកន្លងទៅនេះ ឯកសារសម្ងាត់មួយចំនួននៃកងទ័ពអាមេរិកត្រូវបានបែកធ្លាយលើបណ្តាញទំនាក់ទំនងសង្គមជាច្រើនដូច Twitter ជាដើម ។ ឯកសារទាំងនេះបានបង្ហាញថា រដ្ឋាភិបាលអាមេរិកមិនត្រឹមតែបានលូកដៃជ្រៅក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងក៏តាមដានឃ្លាំមើលនិងលួចស្តាប់សម្ព័ន្ធមិត្តនិងដៃគូជាបន្តបន្ទាប់ផងដែរ ក្នុងនោះ រហូតដល់បូករួមទាំងមន្ត្រីអង្គការសហប្រជាជាតិដូចជាលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិជាដើម ។ តាមការផ្សាយដំណឹងនៃកាសែត《Washington Post》 ឱ្យដឹងថា សហរដ្ឋអាមេរិកបានលួចស្តាប់កិច្ចសន្ទនារវាងលោក Antonio Guterres និងជំនួយការរបស់លោក ព្រមទាំងមន្ត្រីអង្គការសហប្រជាជាតិផ្សេងទៀត ។
សហរដ្ឋអាមេរិកប្រកាន់ខ្ជាប់ការដាក់សម្ពាធទៅលើក្រុមហ៊ុន HUAWEI គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរឿងដែលសហរដ្ឋអាមេរិកលួចស្តាប់ពិភពលោក ។ គ្រឿងបរិក្ខារទូរគមនាគមន៍នៃក្រុមហ៊ុន HUAWEI គឺពាសពេញទូទាំងពិភពលោក ដែលមិនគ្រាន់តែមានល្បឿន ទូរគមនាគមន៍ឆាប់រហ័សប៉ុណ្ណោះទេ អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ គ្រឿងបរិក្ខារនៃក្រុមហ៊ុន HUAWEI គ្មានទ្វារក្រោយណាមួយទេ ពោលគឺមានសន្តិសុខណាស់ ។ គ្រឿងបរិក្ខារនៃក្រុមហ៊ុន HUAWEI ផ្តល់សន្តិសុខល្អណាស់ មុខជានឹងបង្កជាផលប៉ះពាល់ដល់ “ផែនការលួចស្តាប់”របស់សហរដ្ឋអាមេរិក ដូច្នេះ សហរដ្ឋអាមេរិកចាំបាច់ត្រូវដាក់សម្ពាធទៅលើក្រុមហ៊ុន HUAWEI ។
មួយរយៈពេលកន្លងទៅនេះ ចំណតទីមួយក្នុងដំណើរទស្សនកិច្ចរបស់លោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីលនៅប្រទេសចិនគឺក្រុមហ៊ុន HUAWEI នៅក្រុងសៀងហៃ ពីព្រោះប្រេស៊ីលបានសម្រេចចិត្តនឹងប្រគល់ទីផ្សារទូរគមនាគមន៍ទាំងអស់ទៅឱ្យក្រុមហ៊ុន HUAWEI ។ វាច្បាស់ណាស់ថា លោក Luiz Inácio Lula da Silva បានយល់ឃើញថា ក្រុមហ៊ុន HUAWEI ទើបជាខែលពិតប្រាកដសម្រាប់ការពារប្រទេសនានាកុំឱ្យសហរដ្ឋអាមេរិកលួចស្តាប់ ។ តាមការពិត ប្រទេសកាន់តែច្រើនឡើងៗបានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន HUAWEI ក្រៅពីកត្តាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាប្រពៃណី ក៏រួមមានទាំងការគិតពិចារណាខាងសន្តិសុខនយោបាយផងដែរ ។
ដើម្បីគាំពារអនុត្តរភាពតាមបណ្តាញអ៊ីនធើណេតរបស់ខ្លួន មួយផ្នែក រដ្ឋាភិបាលអាមេរិកបានប្រើក្រុមហ៊ុនភាគីទីបីដើម្បីជួយបិទបាំង ប្រើប្រាស់ដោយខុសច្បាប់នូវបច្ចេកទេសឃ្លាំមើលនិងលួចយកការណ៍សម្ងាត់តាមបណ្តាញអ៊ីនធើណេត ដែលបំផ្លាញអធិបតេយ្យភាពនៃប្រទេសដទៃទៀតនិងការណ៍សម្ងាត់ឯកជនរបស់អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទូទាំងពិភពលោក មួយផ្នែកទៀត ប្រព្រឹត្តទង្វើ “ចោរស្រែកចាប់ចោរ”ដោយយកសន្តិសុខជាតិនិងសិទ្ធិមនុស្សធ្វើជាលេស ដើម្បីគាបសង្កត់និងដាក់ទណ្ឌកម្មទៅលើសហគ្រាសប្រទេសដទៃទៀត ។ សហរដ្ឋអាមេរិកចោទប្រកាន់ទៅលើក្រុមហ៊ុន HUAWEI ថា បានបង្កជាហានិភ័យដល់ “សន្តិសុខជាតិ” គឺចង់លាក់បាំងអារម្មណ៍អសុវត្ថិភាពរបស់ខ្លួនដែលជាអ្នកលួចយកការណ៍សម្ងាត់ ។ ប៉ុន្តែការពិតជាក់ស្តែងបានបញ្ជាក់ថា តើអ្នកណាជាជនបង្កប់នៅពីក្រោយហេតុការណ៍លួចស្តាប់ពិភពលោកទាំងមូល សហគមន៍អន្តរជាតិបានឃើញច្បាស់តាំងពីដំបូងមកហើយ ។ ទង្វើលួចយកការណ៍សម្ងាត់តាមបណ្តាញអ៊ីនធើណេតរបស់សហរដ្ឋអាមេរិកជាការគំរាមកំហែងដ៏ធំបំផុតចំពោះលំហបណ្តាញអ៊ីនធើណេតសកល ៕