ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាបានជួយរំដោះពលរដ្ឋចិនជាច្រើននាក់ដែលត្រូវជាប់ឃុំនៅក្នុងតំបន់ Myawaddy
2023-05-15 14:17:40cri
Share with:

យោងតាមដំណឹងរបស់ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាឱ្យដឹងថា នាពេលថ្មីៗនេះ ពលរដ្ឋចិនជាច្រើននាក់បានចាញ់បោកការល្បួងបញ្ឆោតឱ្យឆ្លងដែនដោយខុសច្បាប់ទៅកាន់តំបន់ Myawaddy នៃប្រទេសមីយ៉ាន់ម៉ា ក្រោមល្បិចថា “មានការងារដែលមានប្រាក់បៀវត្សរ៍ខ្ពស់” ហើយពួកគេត្រូវបានបង្ខំឱ្យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ បន្ទាប់ពីទទួលបានដំណឹងសុំជួយអន្តរាគមន៍ ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាបានចាប់ដំណើរការផែនការសង្គ្រោះបន្ទាន់ភ្លាមៗ និងរួមសហការជាមួយអាជ្ញាធរប៉ូលិសមីយ៉ាន់ម៉ា ដើម្បីធ្វើការជួយសង្គ្រោះជនរងគ្រោះ។ បច្ចុប្បន្ននេះ ជនរងគ្រោះពាក់ព័ន្ធត្រូវបានជួយរំដោះដោយសុវត្ថិភាព។

សូមបញ្ជាក់ថា ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការដែលក្រុមឧក្រិដ្ឋជនដែលឆបោកតាមប្រព័ន្ធទូរគមនាគមន៍នៅតាមតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ាប្រព្រឹត្តបទល្មើសដែលរំលោភដល់ផលប្រយោជន៍របស់ពលរដ្ឋចិន។ ប្រទេសចិនបាននិងកំពុងធ្វើប្រតិបត្តិការអនុវត្តច្បាប់រួមគ្នាជាមួយប្រទេសមីយ៉ាន់ម៉ានិងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្ក្រាបក្រុមឧក្រិដ្ឋជនយ៉ាងម៉ឺងម៉ាត់ និងជួយសង្គ្រោះជនរងគ្រោះចិនដែលត្រូវជាប់ឃុំនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស