ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញថ្លែងថា៖ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាលនឹងបើកទំព័រថ្មី
2023-05-14 12:51:57cri
Share with:

    កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនឹងប្រារព្ធឡើងនៅទីក្រុង Xi'an ខេត្ត Shanxi នៃប្រទេសចិនចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែឧសភាខាងមុខ ។ អ្នកជំនាញសម្គាល់ឃើញថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៣១ ឆ្នាំមក ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាលត្រូវបានលើកកម្ពស់គុណភាពនិងកម្រិតថ្នាក់ជាបន្តបន្ទាប់និងសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ ។ កិច្ចប្រជុំកំពូលលើកនេះមានសារសំខាន់ជានិមិត្តសញ្ញាក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍ទំនាក់ទំនងរវាងចិននិងប្រទេសអាស៊ីកណ្តាលដែលនឹងបើកទំព័រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាល ។

    គួរបញ្ជាក់ថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៣១ ឆ្នាំមក ទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសអាស៊ីកណ្តាលទាំងប្រាំបានកើនឡើងជាង១០០ដង ។ កាលពីឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីបានឡើងដល់ ៧ ម៉ឺន ២ រយលានដុល្លារអាមេរិកដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ ពីខែមករាដល់ខែមីនា ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំងប្រាំបានកើនឡើង ២២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។

    លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនាពេលថ្មីៗកន្លងទៅនេះថា ចិនរីករាយរួមសហការជាមួយក្រសួងឬស្ថាប័នផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសអាស៊ីកណ្តាលនានា ចាត់ទុកកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលជាកាលានុវត្តភាពដើម្បីពង្រឹងនិងពង្រីកនិន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មនិងការវិនិយោគ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាលឱ្យឡើងដល់កម្រិតថ្មីថែមទៀត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស