ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ត្រូវការសន្តិភាព ត្រូវការអភិវឌ្ឍន៍ ស៊ីរីបានវិលត្រឡប់ទៅសម្ព័ន្ធអារ៉ាប់វិញ
2023-05-09 14:52:31cri
Share with:

    ក្រោយពីត្រូវដាក់ឱ្យនៅឯកោអស់រយៈពេល ១២ ឆ្នាំ ទីបំផុតស៊ីរីបានវិលត្រឡប់ទៅកាន់មហាគ្រួសារសម្ព័ន្ធអារ៉ាប់វិញកាលពីថ្ងៃទី ៧ ខែឧសភា ។ សម្ព័ន្ធអារ៉ាប់បានសម្រេចចិត្តក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសដែលធ្វើឡើងនាថ្ងៃដដែលនោះថា ចាប់ពីថ្ងៃនេះតទៅ នឹងរៀបចំឡើងវិញនូវនិតីសម្បទារបស់គណៈប្រតិភូរដ្ឋាភិបាលស៊ីរីក្នុងការចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ ក៏ដូចជាកិច្ចប្រជុំនៃអង្គការនិងស្ថាប័នទាំងអស់របស់ក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ "។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា នេះគឺជាព្រឹត្តិការណ៍ជានិមិត្តសញ្ញាមួយទៀតក្នុងដំណើរផ្សះផ្សានៅតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានចាប់ដៃគ្នាផ្សះផ្សានៅទីក្រុងប៉េកាំង ។

    គួរំលឹកថា សម្ព័ន្ធអារ៉ាប់ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៤៥ ដែលរួមមានរដ្ឋសមាជិកសរុបចំនួន ២២ ។ ប្រទេសស៊ីរីធ្លាប់ជាប្រទេសស្ថាបនិកមួយក្នុងចំណោមរដ្ឋសមាជិកស្ថាបនិក ។ បន្ទាប់ពីវិបត្តិស៊ីរីបានផ្ទុះឡើងកាលពីឆ្នាំ ២០១១ សម្ព័ន្ធអារ៉ាប់បានបញ្ឈប់លក្ខណសម្បតិ្តជារដ្ឋសមាជិករបស់ស៊ីរី ហើយប្រទេសអារ៉ាប់ជាច្រើន ដូចជាអារ៉ាប៊ីសាអូឌីតជាដើមបានបិទស្ថានទូតរបស់ខ្លួនប្រចាំនៅស៊ីរី ។ ហេតុនេះហើយ ការទូតរបស់ស៊ីរីបានធ្លាក់ក្នុងសភាពឯកោ ព្រមពេលជាមួយគ្នា ស៊ីរីក៏រងការដាក់ទណ្ឌកម្មនិងគាបសង្កត់បន្ថែមទៀតពីសហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចផងដែរ ។

    បន្ទាប់ពីរំលងអស់រយៈពេល ១២ ឆ្នាំ ស៊ីរីបានវិលត្រឡប់ទៅកាន់មហាគ្រួសារសម្ព័ន្ធអារ៉ាប់វិញ តាមពិតទៅ វាគឺមិនមែនជារឿងចៃដន្យនោះឡើយ ។

    បើក្រឡេកមើលពីការវិវឌ្ឍរីកចម្រើននៃស្ថានការណ៍មជ្ឈិមបូព៌ាអាចឃើញថា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានចាប់ដៃផ្សះផ្សាគ្នាក្រោមការសម្របសម្រួលរបស់ចិនដែលបានជំរុញដោយផ្ទាល់ឱ្យស៊ីរីវិលត្រឡប់ទៅសម្ព័ន្ធអារ៉ាប់វិញ ។ ដោយសារអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានគាំទ្រកម្លាំងនយោបាយទីទៃពីគ្នាក្នុងវិបត្តិស៊ីរី គ្មានអ្វីគួរឱ្យសង្ស័យឡើយ ការផ្សះផ្សាគ្នារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានបង្កើតឱកាសដ៏ល្អប្រសើរសម្រាប់ការបន្ធូរបន្ថយទំនាក់ទំនងរវាងប្រទេសស៊ីរីនិងប្រទេសសម្ព័ន្ធអារ៉ាប់ ។

    អ្វីដែលសំខាន់ជាងទៀត គឺ បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងរយៈកាលរង្គោះរង្គើនិងមានការផ្លាស់ប្តូរថ្មី ហើយប្រទេសអារ៉ាប់ដែលបានឃើញកាន់តែច្បាស់នូវនិន្នាការជាទូទៅនៃពិភពលោកបាននាំគ្នា"ភ្ញាក់រលឹក" ។ ជាយូរណាស់មកហើយ សហរដ្ឋអាមេរិកបាននិងកំពុងលូតដៃចូលក្នុងកិច្ចការមជ្ឈិមបូព៌ាតាមទំនើងចិត្ត ញុះញង់ឱ្យបង្កការប្រឈមដាក់គ្នានិងការបំបែកបំបាក់ ក៏ដូចជាបង្កឱ្យកើតមានការប៉ះទង្គិចនិងសង្រ្គាមរ៉ាំរ៉ៃ ។ ប្រជាជនមជ្ឈិមបូព៌ាសម្គាល់ឃើញកាន់តែច្បាស់ថា ចាំបាច់ត្រូវក្តាប់ជោគវាសនារបស់ប្រទេសមជ្ឈិមបូព៌ាក្នុងដៃរបស់ខ្លួន ។ ដូចប្រសាសន៍របស់លោក Ahmed Aboul-Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ដែលលើកឡើងថា "ផលប្រយោជន៍រួមរបស់ប្រទេសអារ៉ាប់ទាមទារឱ្យពួកយើងលែងព្រងើយកន្តើយនឹងបញ្ហាស៊ីរីទៀតហើយ" ។

    សំដៅចំពោះសម្ព័ន្ធអារ៉ាប់ដែលបានព្រមទទួលយកប្រទេសស៊ីរីឡើងវិញ សហគមន៍អន្តរជាតិបានសម្តែងការស្វាគមន៍ជាទូទៅចំពោះរឿងនេះ ។ អ្នកវិភាគបានសង្កេតឃើញថា ទង្វើដ៏ត្រឹមត្រូវបែបនេះនឹងមានអំណោយផលដល់ស៊ីរីក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ កែលម្អសភាពការណ៍សេដ្ឋកិច្ចនិងកិច្ចកសាងជាថ្មីឡើងវិញបន្ទាប់ពីសង្គ្រាម ហើយក៏មានអំណោយផលដល់សម្ព័ន្ធអារ៉ាប់ក្នុងការលើកកម្ពស់សិទ្ធិបញ្ចេញមតិលើផ្ទៃអន្តរជាតិរបស់សម្ព័ន្ធអារ៉ាប់ ក៏ដូចជាជួយប្រទេសអារ៉ាប់ឱ្យបង្កើតជាកម្លាំងរួមខាងនយោបាយនិងដើរតួនាទីកាន់តែសំខាន់ឡើងៗលើផ្ទៃអន្តរជាតិផងដែរ ដោយឡែកស្របពេលជាមួយគ្នានេះ វាមានអំណោយផលដល់ការប្រមូលផ្តុំនូវគំនិតឯកភាពរួមសម្រាប់ដោះស្រាយវិបត្តិស៊ីរីតាមវិធីនយោបាយដើម្បីជំរុញការបន្ធូរបន្ថយស្ថានការណ៍នៅមជ្ឈិមបូព៌ាថែមមួយកម្រិតទៀត ។

    ជារឿងចៃដន្យណាស់គឺ នៅថ្ងៃដែលសម្ព័ន្ធអារ៉ាប់បានប្រកាសរៀបចំឡើងវិញនូវនិតីសម្បទាជារដ្ឋសមាជិករបស់ស៊ីរី លោក Jake Sullivan ទីប្រឹក្សាទទួលបន្ទុកកិច្ចការសន្តិសុខជាតិអាមេរិកបានបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចុះផ្សាយដំណឹងដោយសម្គាល់ឃើញថា ការសម្រេចចិត្តរបស់សម្ព័ន្ធអារ៉ាប់ស្តីពីការ"មិនអើពើនឹងសហរដ្ឋអាមេរិក"បានឆ្លុះបញ្ចាំងពីការថមថយចុះនៃកម្លាំងឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់នាំចេញប្រេងកាត ។

    ពីការចាប់ដៃផ្សះផ្សាគ្នារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់រហូតដល់ការដែលស៊ីរីបានវិលត្រឡប់ទៅសម្ព័ន្ធអារ៉ាប់វិញ ប្រទេសមជ្ឈិមបូព៌ាបានបញ្ចេញសញ្ញាយ៉ាងច្បាស់ថា ពួកគេត្រូវការសន្តិភាព ត្រូវការអភិវឌ្ឍន៍និងដើរតាមផ្លូវរបស់ខ្លួន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស