ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនអាមេរិកឱ្យបញ្ឈប់ការបង្កកត្តាអស្ថិរភាពដែលបណ្តាលឱ្យស្ថានការណ៍នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានភាពតានតឹង
2023-05-06 14:52:14cri
Share with:

      សំដៅចំពោះការដែលនាពេលថ្មីៗកន្លងទៅនេះ អាមេរិកនិងតៃវ៉ាន់បានបង្កើនសកម្មភាពឃុបឃិតគ្នាលើវិស័យយោធាជាបន្តបន្ទាប់  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានដាស់តឿនអាមេរិកក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៥ ខែឧសភាថា ត្រូវគោរពគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីប្រកាសរួមទាំង៣រវាងចិននិងអាមេរិក បញ្ឈប់ការលក់អាវុធទៅឱ្យតៃវ៉ាន់និងធ្វើការប្រាស្រ័យទាក់ទងលើវិស័យយោធាជាមួយតៃវ៉ាន់ និងបញ្ឈប់ការបង្កកត្តាអស្ថិរភាពដែលបណ្តាលឱ្យស្ថានការណ៍នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានភាពតានតឹង ។

      លោកស្រី Mao Ning បានលើកឡើងថា នាពេលថ្មីៗកន្លងទៅនេះ អាមេរិកនិងតៃវ៉ាន់បានបង្កើនសកម្មភាពឃុបឃិតគ្នាលើវិស័យយោធាជាបន្តបន្ទាប់ ឈ្មួញអាវុធរបស់អាមេរិកចំនួន២៥ បានធ្វើដំណើរទៅដល់តៃវ៉ាន់ និងរួមជាមួយបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលជាអាជ្ញាធរតៃវ៉ាន់រៀបចំធ្វើអ្វីដែលហៅថា “វេទិកាការពារជាតិ”   ប្រការនេះបានបង្ហាញម្តងទៀតថា អាមេរិកបាននិងកំពុងប្រែក្លាយតៃវ៉ាន់ឱ្យទៅជា “ធុងរំសេវ”   អ្នករងគ្រោះគឺបងប្អូនជនរួមជាតិតៃវ៉ាន់ទាំងឡាយ ។ នៅក្បែរទីតាំងរៀបចំធ្វើ “វេទិកា”នេះ  តំណាងនៃសមាគមគ្រប់មជ្ឈដ្ឋាននៅតៃវ៉ាន់ បានស្រែកពាក្យស្លោក ដើម្បីប្រឆាំងតវ៉ាចំពោះ“សកម្មជនបង្កសង្រ្គាម និងជួញដូរសព្វាវុធ”  ប្រឆាំងនឹងការ “ពឹងផ្អែកអាមេរិកប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ  ដែលជាការនាំចចកចូលផ្ទះ ក៏ដូចជានិយាយបញ្ចុះបញ្ចូលយុវជនតៃវ៉ាន់ កុំឱ្យចូលរួមធ្វើសង្គ្រាម អំពាវនាវថា ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជាប្រទេសចិនតែមួយ ត្រូវរក្សាសន្តិភាពនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ។ បក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលជាអាជ្ញាធរតៃវ៉ាន់គួរតែស្តាប់សំឡេងរបស់បងប្អូនជនរួមជាតិតៃវ៉ាន់ បញ្ឈប់ភ្លាមនូវការលក់ដូរផលប្រយោជន៍ជាមូលដ្ឋានរបស់ជនរួមជាតិតៃវ៉ាន់ ដើម្បីបម្រើតែផលប្រយោជន៍ផ្ទាល់ខ្លួន ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស