នាពេលថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលឆ្លើយតបវីរុសកុំព្យូទ័រជាបន្ទាន់របស់ចិននិងក្រុមហ៊ុន ៣៦០ បានរួមគ្នាចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយច្បាប់ ដោយបានប្រើប្រាស់ការពិតជាក់ស្តែងយ៉ាងច្រើនសម្បើម ដើម្បីលាតត្រដាងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកប្រមូលព័ត៌មានចារកម្មអំពីរដ្ឋាភិបាល ក្រុមហ៊ុននិងប្រជាពលរដ្ឋនៃប្រទេសដទៃក្នុងរយៈពេលយូរ ហើយបានអនុវត្តដោយសម្ងាត់នូវ “ការផ្លាស់ប្តូរដោយសន្តិភាព”និង “បដិវត្តន៍ពណ៌”នៅតំបន់នានាទូទាំងពិភពលោក ព្រមទាំងបានធ្វើសកម្មភាពចារកម្មជាបន្តបន្ទាប់ទៀតផង ។ ប្រការទាំងនេះធ្វើឱ្យអ្នកផងទាំងពួងមើលបានច្បាស់ថា អាមេរិកជា “អាណាច្រកហែក”ពិតប្រាកដ ក្នុងនាមជា“ក្រញ៉ាំស្រួច”របស់វា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបង្កជាការគំរាមកំហែងជាបន្តបន្ទាប់ចំពោះសន្តិសុខនិងការអភិវឌ្ឍរបស់សកលលោក ។
សូមបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានបង្កើតឡើងនៅឆ្នាំ១៩៤៧ តាមការប៉ាន់ប្រមាណ មុខងាររបស់វា គឺស្វែងរក ចាត់ចែង វិភាគនិងប្រមូលព័ត៌មានចារកម្ម រួចប្រគល់ជូនអ្នកដឹកនាំកំពូលរបស់អាមេរិក ដើម្បីផ្តល់ទីសំអាងនិងឯកសារយោងសម្រាប់ធ្វើសេចក្តីសម្រេចចិត្ត ។ យ៉ាងណាមិញ ដល់យុគសម័យសង្គ្រាមត្រជាក់ ក្រោមការញុះញង់ពីមហិច្ឆតាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលអាមេរិកនិងប្រភពធនធានដ៏ធំសម្បើម បានជាមុខងារធ្វើ “សកម្មភាព”របស់ទីភ្នាក់ស៊ើបការណ៍សម្ងាត់អាមេរិកបានរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយបានកើតមានរឿងអាស្រូវ ដូចជាបរាជ័យនៅ Bay of Pigs Invasion នៃប្រទេសគុយបា និង Iran–Contra affair ជាដើម ។
បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ ដើម្បីពង្រឹងអំណាចអធិរាជរបស់ខ្លួន អាមេរិកបានផ្តោតសំខាន់ទៅលើបណ្តាញអ៊ីនធឺណែត ។ កាលពីឆ្នាំ១៩៩៥ ក្រសួងការពារជាតិអាមេរិកបានដាក់ចេញរបាយការណ៍ផ្ទៃក្នុងស្តីពី «បណ្តាញអ៊ីនធឺណែត ៖ ការវាយតម្លៃចំពោះយុទ្ធសាស្ត្រ » ដោយបានលើកឡើងយ៉ាងច្បាស់ថា អាចប្រើប្រាស់បណ្តាញអ៊ីនធឺណែតសម្រាប់ធ្វើការវាយប្រហារ ។ បន្ទាប់ពីឈានចូលសតវត្សរ៍ទី២១ ក្រោម “កិច្ចខិតខំប្រឹងប្រែង”ឥតស្រាកស្រាន្តរបស់រដ្ឋាភិបាលអាមេរិកគ្រប់អាណតិ្ត អាមេរិកបានបង្កើតយុទ្ធសាស្ត្រអំពីបណ្តាញអ៊ីនធឺណែតដែលប្រកបដោយលក្ខណៈវាយប្រហារ ។ រីឯទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកវិញ ក៏បានផ្លាស់ប្តូរទៅជាបាតដៃខ្មៅលើបណ្តាញអ៊ីនធឺណែត ហើយបានអភិវឌ្ឍអាវុធវាយប្រហារតាមបណ្តាញអ៊ីនធឺណែតយ៉ាងច្រើនសម្បើម ។
កាលពីខែមីនា ឆ្នាំ២០១៧ វេបសាយ WikiLeaks បានទម្លាយឱ្យដឹងនូវឯកសារសម្ងាត់ចំនួន៨៧១៦ច្បាប់ ដែលត្រូវគេអះអាងថា បានមកពីមជ្ឈមណ្ឌលស៊ើបការណ៍លើបណ្តាញអ៊ីនធឺណែតរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដែលមានខ្លឹមសារពាក់ព័ន្ធនឹងមធ្យោបាយវាយប្រហាររបស់ក្រុមហែក ឈ្មោះរបស់កម្មវិធីវាយប្រហារ បច្ចេកវិទ្យានិងក្បូនខ្នាតរបស់ឧបករណ៍វាយប្រហារជាដើម ។ វេបសាយ WikiLeaks បានដាក់ឈ្មោះឯកសារពាក់ព័ន្ធថា “Vault7” ។
របាយការណ៍ដែលប្រទេសចិនចេញផ្សាយលើកនេះបានយកសំណាកអាវុធសម្រាប់ធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតជាច្រើនក្នុងកម្មវិធី “Vault7” បន្ទាប់ពីការធ្វើវិភាគបានរកឃើញថា អាវុធរបស់អាមេរិកនៅតាមបណ្តាញអ៊ីនធឺណែតស្ទើរតែគ្រប់ដណ្តប់លើបណ្តាញអ៊ីនធឺណែតនិងបណ្តាញIOTទាំងអស់នៅលើពិភពលោក អាចគ្រប់គ្រងបណ្តាញអ៊ីនធឺណែតប្រទេសដទៃគ្រប់ពេលវេលា និងលួចយកទិន្នន័យសំខាន់និងរសើបរបស់ប្រទេសដទៃទៀត ។ ប្រការនេះអាចបង្ហាញថា អាមេរិកជាអាណាចក្រហែកលេខមួយនៅលើពិភពលោកដ៏សុទ្ធសាធ ប្រទេសជាច្រើន ក្នុងនោះក៏បូករួមទាំងប្រទេសចិនផង សុទ្ធតែជាប្រទេសរងគ្រោះក្នុងករណីលួចការណ៍សម្ងាត់និងវាយប្រហាររបស់អាមេរិកតាមបណ្តាញអ៊ីនធឺណែត ។ តាមការធ្វើស្ថិតិឱ្យដឹងថា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកបានគ្រោងផ្តួលរលំ ឬប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ យ៉ាងហោចណាស់ចំនួន៥០ប្រទេស ហើយបណ្តាលឱ្យប្រទេសពាក់ព័ន្ធកើតមានវិបត្តិចលាចល ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោក ។ រីឯអាមេរិកវិញ ក៏បានរងការបំផ្លាញពី“ក្រញ៉ាំស្រួច”របស់ខ្លួននេះផងដែរ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិស្អុយរលួយ ទីបំផុតពិតជានឹងលេបត្របាក់ខ្លួនឯងវិញជាមិនខាន ៕