ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Min Aung Hlaing មេដឹកនាំមីយ៉ាន់ម៉ាជួបពិភាក្សាការងារជាមួយលោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន
2023-05-03 15:44:19cri
Share with:

ថ្ងៃទី ២ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Min Aung Hlaing មេដឹកនាំមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារជាមួយលោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននៅក្រុង Nay Pyi Taw ។

លោក Qin Gang បានថ្លែងថា ប្រទេសចិនរីករាយសហការជាមួយភាគីមីយ៉ាន់ម៉ា ដើម្បីរួមគ្នាកសាងសហគមន៍វាសនារួមរវាងចិននិងមីយ៉ាន់ម៉ា អនុវត្តមុនគេនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងមីយ៉ាន់ម៉ាបន្តឆ្ពោះទៅមុខ ។

លោក Qin Gang បានលើកឡើងថា ប្រទេសចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ស្ថានការណ៍របស់ប្រទេសមីយ៉ាន់ម៉ានឹងមានស្ថិរភាពនិងមានការអភិវឌ្ឍ ។ ភាគីចិនគាំទ្រភាគីមីយ៉ាន់ម៉ាក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍និងមានលក្ខណៈពិសេសរបស់មីយ៉ាន់ម៉ា ។ ភាគីចិនគាំទ្រមីយ៉ាន់ម៉ាក្នុងការបន្តជំរុញដំណើរការនៃការផ្លាស់ប្តូររូបមន្តយោបាយ គាំទ្រគ្រប់ភាគីនៅប្រទេសមីយ៉ាន់ម៉ាដោះស្រាយការខ្វែងគំនិតឱ្យបានត្រឹមត្រូវនិងសម្រេចបាននូវការផ្សះផ្សាជាតិក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញនិងច្បាប់ ។ ប្រទេសចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិគោរពអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ានិងដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការសម្រេចបាននូវសន្តិភាពនិងការផ្សះផ្សាជាតិនៅប្រទេសមីយ៉ាន់ម៉ា ។ ប្រទេសចិននឹងបន្តផ្តល់ជំនួយទៅតាមលទ្ធភាពសម្រាប់ការអភិវឌ្ឍប្រទេសមីយ៉ាន់ម៉ា ពន្លឿនការជំរុញគម្រោងសហប្រតិបត្តិការសំខាន់ៗក្នុងរបៀងសេដ្ឋកិច្ចរវាងចិននិងមីយ៉ាន់ម៉ា និងអភិវឌ្ឍគម្រោងដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន ដូចជា វិស័យកសិកម្ម ការអប់រំនិងវេជ្ជសាស្រ្តជាដើម ។

 លោក Qin Gang បានបន្តទៀតថា ប្រទេសចិនគាំទ្រមីយ៉ាន់ម៉ានិងបង់ក្លាដែសក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជួយសម្រុះសម្រួលក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធតាមរយៈការពិគ្រោះពិភាក្សា ហើយរីករាយសហការជាមួយប្រទេសទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន មីយ៉ាន់ម៉ានិងបង់ក្លាដែស ។

លោក Min Aung Hlaing បានថ្លែងថា ក្នុងរយៈពេលជាង ៧០ ឆ្នាំដែលតាំងពីការបង្កើតទំនាក់ទំនងការទូតរវាងមីយ៉ាន់ម៉ានិងចិនមក ទំនាក់ទំនងទ្វេភាគីតែងតែរក្សាបាននូវនិន្នាការនៃការអភិវឌ្ឍនិងទទួលបានសមិទ្ធផលជាផ្លែផ្កា ។ ភាគីមីយ៉ាន់ម៉ារីករាយសហការជាមួយភាគីចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងមីយ៉ាន់ម៉ានិងចិនអោយមថែមមួយកម្រិតទៀត កសាងយ៉ាងសកម្មនូវសហគមន៍វាសនារួមរវាងមីយ៉ាន់ម៉ានិងចិន ។ ភាគីមីយ៉ាន់ម៉ាសូមកោតសរសើរចំពោះគោលបំណងនិងគោលជំហរដ៏យុត្តិធម៌របស់ភាគីចិនលើបញ្ហាទាក់ទងនឹងមីយ៉ាន់ម៉ា ហើយស្វាគមន៍ប្រទេសចិនដើរតួនាទីកាន់តែធំ ។ ភាគីមីយ៉ាន់ម៉ាយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារសុវត្ថិភាពរបស់ពលរដ្ឋនិងស្ថាប័ននានារបស់ភាគីចិននៅប្រទេសមីយ៉ាន់ម៉ា រីករាយសហការជាមួយប្រទេសចិនក្នុងការរក្សាសុខសន្តិភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស