ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតឆ្លើយតបឱ្យនិស្សិតនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់សកលវិទ្យាល័យកសិកម្មចិន ដើម្បីអបអរសាទរចំពោះយុវជនទូទាំងប្រទេសក្នុងឱកាសមកដល់នៃទិវាយុវជនថ្ងៃទី៤ឧសភា
2023-05-03 15:36:27cri
Share with:

ពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតឆ្លើយតបឱ្យនិស្សិតទាំងឡាយនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់សកលវិទ្យាល័យកសិកម្មចិនថា ក្នុងឱកាសទិវាយុវជនថ្ងៃទី៤ឧសភាដែលជិតមកដល់ សូមអបអរសាទរថ្ងៃទិវាចំពោះយុវជនទាំងឡាយនៅទូទាំងប្រទេសចិន ។

លោក Xi Jinping បានថ្លែងក្នុងសារលិខិតផ្ញើឆ្លើយតបថា ខ្ញុំសប្បាយចិត្តណាស់ដោយបានដឹងថា តាមរយៈវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលបង្កើតដោយសាលា អ្នកទាំងអស់គ្នាបានដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ប្រជាជននិងស្វែងយល់ពីបញ្ហាក្នុងដំណើរស្តារជនបទឡើងវិញ ។ លោក Xi Jinping បានគូសបញ្ជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានចាត់ចែងរៀបចំចំពោះការកសាងប្រទេសខ្លាំងក្លាខាងកសិកម្ម ហេតុដូច្នេះ រំពឹងទុកថា និស្សិតទាំងឡាយអាចគួបផ្សំការរៀនសូត្រក្នុងថ្នាក់រៀននិងការអនុវត្តជាក់ស្តែងនៅជនបទយ៉ាងជិតស្និទ្ធ បង្កើតគុណូបការៈក្នុងកិច្ចការស្តារជនបទឡើងវិញ ដើម្បីរួមចំណែកកម្លាំងរបស់យុវជនក្នុងការពន្លឿនធ្វើទំនើបកម្មខាងកសិកម្មនិងជនបទនិងកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។

កាលពីឆ្នាំ២០០៩ សកលវិទ្យាល័យកសិកម្មចិនបានស្វែងរកនិងបង្កើតឡើងនូវវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅស្រុក Quzhou ខេត្ត Hebei ។ ពេលថ្មីៗកន្លងទៅនេះ តំណាងនិស្សិតនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់សកលវិទ្យាល័យកសិកម្មចិនបានផ្ញើសារលិខិតជូនលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីរាយការណ៍ពីសមិទ្ធផលនិងចំណាប់អារម្មណ៍របស់ពួកគេ ក៏ដូចជាសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរួមចំណែកក្នុងការកសាងប្រទេសខ្លាំងក្លាខាងកសិកម្ម ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស