ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា កិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិន និងអ៊ុយក្រែនបង្ហាញពីទំនួលខុសត្រូវរបស់ចិន ក្នុងនាមជាប្រទេសសំខាន់លើកិច្ចការអន្តរជាតិ
2023-04-27 15:38:23cri
Share with:

នៅរសៀលថ្ងៃទី២៦ ខែមេសា លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនតាមការណាត់ ។ លោក Yu Jun អគ្គនាយករងនៃនាយកដ្ឋានកិច្ចការអឺរ៉ុប-អាស៊ីកណ្តាលនៃក្រសួងការបរទេសចិនបានថ្លែងទៅកាន់អ្នកសារព័ត៌មានចិន និងបរទេសអំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ។ លោក Yu Jun បានថ្លែងថា កិច្ចសន្ទនាលើកនេះបង្ហាញថា ជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែនគឺច្បាស់លាស់ និងមានភាពជាប់លាប់ ដែលបានបង្ហាញពីជំហរយុត្តិធម៌និងសត្យានុម័តរបស់ចិនក្នុងកិច្ចការអន្តរជាតិ ព្រមនិងទំនួលខុសត្រូវរបស់ចិនក្នុងនាមជាប្រទេសធំ។

លោក Yu Jun បានបន្តថា កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានរដ្ឋចិន Xi Jinping និងលោក Zelensky ប្រធានាធិបតីអ៊ុយក្រែន គឺផ្អែកលើមូលដ្ឋានពីរ៖ ទី១ ប្រទេសចិន និងអ៊ុយក្រែន ជាដៃគូយុទ្ធសាស្ត្រ ។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៣១ឆ្នាំមក ទំនាក់ទំនងចិន-អ៊ុយក្រែនមានការអភិវឌ្ឍជាលំដាប់ ហើយភាគីទាំងពីរបានរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់យ៉ាងជិតស្និទ្ធ។ ទី២ ចាប់តាំងពីការផ្ទុះវិបត្តិអ៊ុយក្រែនមក ចិនជាប្រទេសសំខាន់ដែលមានទំនួលខុសត្រូវ និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានប្រកាន់ខ្ជាប់នូវគោលជំហរយុត្តិធម៌ ខិតខំប្រឹងប្រែងដើម្បីជំរុញការផ្សាះផ្សានិងការចរចា ក៏ដូចជាបានរក្សាការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធ”។

លោកបានបញ្ជាក់ទៀតថា ជានិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាងនៃសន្តិភាព ហើយមានឆន្ទៈក្នុងការរួមសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីបន្តដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស