ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រជាជនស្រុក Okinawa ចង់បានសន្តិភាពមិនចង់បានគ្រាប់មីស៊ីលទេ
2023-04-27 11:05:08cri
Share with:

កាលពីថ្ងៃទី២៤ខែមេសា រដ្ឋាភិបាលជប៉ុនបានប្រកាសថា នឹងដាក់ពង្រាយប្រព័ន្ធគ្រាប់មីស៊ីលការពារដែនអាកាស PAC-3 នៅលើកោះចំនួនពីរនៃស្រុក Okinawa ។ ប្រព័ន្ធសារព័ត៌មានក្នុងតំបន់បានរិះគន់ថា ទង្វើរបស់រដ្ឋាភិបាលជប៉ុនដែលពង្រីកសព្វាវុធឥតឈប់ឈរគឺល្មើសនឹង រដ្ឋធម្មនុញ្ញសន្តិភាព ហើយក៏នាំមកនូវការគំរាមកំហែងដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់ផងដែរ ។

ដើម្បីបង្ហាញពីការទាមទារសន្តិភាព នៅថ្ងៃទី២៤និងថ្ងៃទី២៥ខែមេសាកន្លងទៅនេះ គណៈប្រតិភូសមាជិកសភានៃស្រុក Okinawa បានដាក់លិខិតសម្រេចចិត្តស្តីពីមតិយោបល់ការទូតប្រកបដោយសន្តិភាពដែលអនុម័តដោយសភាស្រុកជូនចំពោះក្រសួងការពារជាតិ ទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងការបរទេសរបស់ជប៉ុន ។ លិខិតសម្រេចចិត្តនេះចោទជាមន្ទិលសង្ស័យចំពោះ ឯកសារចំនួនបីស្តីពីការការពារសន្តិសុខថ្មីដែលជប៉ុនបានអនុម័តនៅចុងឆ្នាំទៅមិញ ដោយទាមទារឱ្យរដ្ឋាភិបាលជប៉ុនគោរពតាមគោលការណ៍នានាដែលបានកំណត់ក្នុងឯកសារនយោបាយចំនួន៤រវាងចិននិងជប៉ុន ជំរុញចំណងមិត្តភាពរវាងចិននិងជប៉ុន ក៏ដូចជាបង្កើតសន្តិភាពយ៉ាងសកម្មតាមរយៈកិច្ចសន្ទនានិងទម្រង់ការទួត ។

ដូចលិខិតសម្រេចចិត្តអ៊ីចឹងដែលចោទជាមន្ទិលសង្ស័យចំពោះគោលនយោបាយការទូតដ៏ខុសឆ្គងចំពោះប្រទេសចិននៃរដ្ឋាភិបាលជប៉ុនក្នុងនាមជាសភាក្នុងតំបន់គឺជាលើកទីមួយក្នុងប្រទេសជប៉ុន ។ វាបានបង្ហាញពីសំឡេងរួមរបស់ប្រជាជនស្រុក Okinawa ចំនួន១លាន៤សែន៦ម៉ឺននាក់ ហើយក៏តំណាងឱ្យស្នូរសម្រែកនៃកម្លាំងសន្តិភាពក្នុងប្រទេសជប៉ុនដែរ ដូច្នេះ រដ្ឋាភិបាលជប៉ុនមិនត្រូវធ្វើពុតជាមិនដឹងមិនឮនោះទេ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ និម្មាបនកម្មនយោបាយពិភពលោកបានប្រែប្រួលយ៉ាងស៊ីជម្រៅ ។ ទន្ទឹមនឹងការដែលសហរដ្ឋអាមេរិកចាត់ទុកប្រទេសចិនថា ជា ដៃគូប្រកួតប្រជែងដ៏សំខាន់បំផុតយ៉ាងខុសឆ្គង អង្គការណាតូបានជ្រៀតជ្រែកកិច្ចការអាស៊ីប៉ាស៊ីហ្វិកឥតឈប់ឈរ ដូច្នេះ កម្លាំងនយោបាយស្តាំនិយមរបស់ជប៉ុនយល់ឃើញថា បានរកបានឱកាសសម្រាប់បំពាន រដ្ឋធម្មនុញ្ញសន្តិភាពនិងធ្វើឱ្យយោធានិយមរស់ឡើងវិញ ។ ពួកគេបានឃោសនាបំប៉ោង ការគំរាមកំហែងរបស់ប្រទេសចិនឥតឈប់ឈរ បន្ថែមថវិកាការពារជាតិយ៉ាងខ្លាំង អភិវឌ្ឍអាវុធវាយសម្រុក ខំព្យាយាមទទួលបានសមត្ថភាពវាយប្រហារសត្រូវ ដើម្បីប៉ុនប៉ងធ្វើវិទ្ធង្សនាសណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទីពីរ ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ កងស្វ័យការពារជប៉ុនក៏បានពង្រីកកម្លាំងឥទ្ធិពលរបស់ខ្លួននៅស្រុក Okinawa ជាបន្តបន្ទាប់ដែរ ។ កាលពីខែធ្នូឆ្នាំទៅមិញ រដ្ឋាភិបាលជប៉ុនបានអនុម័តលើឯកសារចំនួនបីស្តីពីការការពារសន្តិសុខ ដែលសុទ្ធតែបានលើកឡើងដល់ការបង្កើនកងកម្លាំងស្វ័យការពារជប៉ុនដែលបោះប្រចាំនៅស្រុក Okinawa  ហើយនឹងពង្រីកក្របខ័ណ្ឌប្រើប្រាស់ព្រលានយន្តហោះនិងកំពង់ផែក្នុងតំបន់នៃកងកម្លាំងស្វ័យការពារជប៉ុនផងដែរ ។ ប្រព័ន្ធសារព័ត៌មានក្នុងតំបន់បានលើកឡើងថា រដ្ឋាភិបាលជប៉ុនគឺចង់ធ្វើឱ្យស្រុក Okinawa ក្លាយជា ប៉មប្រយុទ្ធ ។

ដោយសាររងទុក្ខវេទនាពីសង្គ្រាមជាយូរណាស់ហើយ ប្រជាជនស្រុក Okinawa បានដឹងច្បាស់ពីគុណតម្លៃដ៏ថ្លៃថ្លារបស់សន្តិភាព ។ កាលពីថ្ងៃទី២៤ខែមេសា សមាគមអ្នកក្រុងជប៉ុនជាច្រើនក៏បានប្រកាសថា នឹងរៀបចំធ្វើមីទ្ទីងសន្តិភាពទ្រង់ទ្រាយធំនៅថ្ងៃទី២១ខែឧសភា ដើម្បីប្រឆាំងកងកម្លាំងស្វ័យការពារដាក់ពង្រាយកងទ័ពគ្រាប់មីស៊ីលនៅស្រុក Okinawa ក៏ដូចជាអំពាវនាវថា កុំឱ្យស្រុក Okinawa ក្លាយជាសមរភូមិ ។

ប្រជាជនស្រុក Okinawa ចង់បានសន្តិភាព មិនចង់បានគ្រាប់មីស៊ីលទេ ។ ចំពោះសំណូមពរដ៏ត្រឹមត្រូវរបស់ពួកគេ រដ្ឋាភិបាលជប៉ុនគួរតែត្រងត្រាប់ស្តាប់យ៉ាងផ្ចិតផ្ចង់ ។ សំដៅចំពោះបញ្ហាដែលថា តើនឹងពុះពារឧបសគ្គនិងកាត់បន្ថយបន្ទុកនៃទំនាក់ទំនងរវាងចិននិងជប៉ុនយ៉ាងដូចម្ត៉េច រដ្ឋាភិបាលជប៉ុនកាន់តែត្រូវគិតពិចារណាឱ្យបានល្អ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស