ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូរបស់ប្រទេសជប៉ុនបានប្រកាសកាលពីថ្ងៃទី ២៥ខែមេសាថាខ្លួនបានបញ្ចប់ការងារជីករូងក្រោមបាតសមុទ្រដែលសាងសង់ឡើងសម្រាប់ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaរបស់ជប៉ុនរួចហើយ ព្រមនឹងបន្តជំរុញការងារជាបន្តបន្ទាប់ទៀត។
ក្រុមហ៊ុន TEPCO គ្រោងនឹងសាងសង់ផ្លូវរូងក្រោមបាតសមុទ្រដែលមានប្រវែងប្រហែល ១គីឡូម៉ែត្រពីរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទី១ដែលនៅជិតសមុទ្រ ហើយបង្ហូរទឹកសំណល់នុយក្លេអ៊ែរដែលត្រូវបានធ្វើប្រព្រឹត្តិកម្មចូលទៅមហាសមុទ្រប៉ាស៊ីហ្វិកតាមរយៈផ្លូវរូងក្រោមបាតសមុទ្រនេះ។ ការងារជីករូងក្រោមបាតសមុទ្របានចាប់ផ្តើមជាផ្លូវការពីខែសីហា ឆ្នាំ ២០២២ ហើយតាមការប៉ាន់ប្រមាណ ការងារត្រៀមរៀបចំផ្សេងៗ រួមទាំងការដំឡើងបរិក្ខារបង្ហូរទឹក នឹងត្រូវបញ្ចប់នៅចុងខែមិថុនាឆ្នាំនេះ។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនប៉ាន់ប្រមាណថា ការបង្ហូរទឹកសំណល់នឹងចាប់ផ្តើមនៅក្នុងខែកក្កដាខាងមុខ។ ឯការលើកឡើងរបស់រដ្ឋាភិបាលជប៉ុនស្តីពីពេលវេលាចាប់ផ្តើមបង្ហូរទឹកសំណល់នុយក្លេអ៊ែរគឺនៅតែថា នឹងធ្វើឡើងនៅ"និទាឃរដូវ ឬរដូវក្តៅនៃឆ្នាំនេះ" ដែលបានប្រកាសនៅក្នុងខែមករាឆ្នាំនេះ។