ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើអ្នកណាមកការពារជនជាតិអាមេរិកដែលមិនទាន់បាននិយាយផងក៏ត្រូវគេបាញ់សម្លាប់ទាំងនោះ ?
2023-04-26 12:29:34cri
Share with:

     "ពួកគេគ្រាន់តែចូលច្រឡំកន្លែង បើកច្រឡំទ្វារ ហើយភាន់ច្រឡំដោយអចេតនា បែរជាបណ្តាលឱ្យកើតមានផលវិបាកដែលប៉ះពាល់ដល់អាយុជីវិត"។ សំដៅចំពោះករណីបាញ់ប្រហារជាច្រើនលើកដែលកើតមាននៅសហរដ្ឋអាមេរិកនាពេលថ្មីៗកន្លងទៅនេះ កាសែតNew York Timesបានធ្វើការអត្ថាធិប្បាយដូចពោលខាងលើ ។ សោកនាដកម្មមួយលើកក្នុងចំណោមនោះគួរឱ្យសោកស្តាយនិងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺ នៅពេលដែលយុវជនអាមេរិកដើមកំណើតអាហ្វ្រិកអាយុ ១៦ ឆ្នាំម្នាក់នៅរដ្ឋ Michigan បានទៅទទួលប្អូនប្រុសរបស់គាត់ទៅផ្ទះវិញ គាត់បានចូលច្រឡំផ្ទះដោយមិនបានប្រុងប្រយ័ត្ន ហើយត្រូវបានម្ចាស់ផ្ទះបាញ់សម្លាប់ភ្លាមៗ។

    រកខុសកន្លែង ដើរខុសផ្លូវ ឡើងខុសឡាន ។ល។ កំហុសអចេតនាទាំងនេះប្រហែលជាបង្កឱ្យមានគ្រោះចង្រៃដល់អាយុជីវិតរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ។ ស្ត្រីម្នាក់នៅរដ្ឋញូវយ៉កត្រូវបានម្ចាស់ផ្ទះបាញ់សម្លាប់ដោយសារគាត់បើកឡានចូលច្រឡំផ្លូវពេលរកផ្ទះរបស់មិត្តភក្តិ ក្រុមអ្នកលើកទឹកចិត្តវ័យក្មេងពីរនាក់នៅរដ្ឋតិចសាស់បើកច្រឡំទ្វាររថយន្តដោយមិនបានប្រុងប្រយ័ត្ន ហើយត្រូវបានបុរសក្នុងរថយន្តបាញ់ឱ្យរបួស ។ល។

    មនុស្សគ្រប់រូបស្ថិតក្នុងសភាពគ្រោះថ្នាក់ មនុស្សគ្រប់រូបត្រូវការពារខ្លួនឯង ហើយមនុស្សគ្រប់រូបមានអារម្មណ៍អសន្តិសុខកាន់តែខ្លាំងឡើងៗ ពោលគឺ បច្ចុប្បន្ននេះ អារម្មណ៍ភ័យខ្លាចកាន់តែខ្លាំងឡើងៗបាននិងកំពុងគ្របដណ្តប់លើជានជាតិអាមេរិក ។ ភាពភ័យខ្លាចផ្លូវចិត្តបែបនេះគឺ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការកើនឡើងនៃអត្រាកើតមានបទឧក្រិដ្ឋនៅសហរដ្ឋអាមេរិកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការយុត្តិធម៌និងបង្រ្កាបព្រហ្មទណ្ឌរបស់អាមេរិកបានបង្ហាញឱ្យឃើញថា នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ករណីឆក់ប្លន់ក្នុងទីក្រុងសំខាន់ៗរបស់អាមេរិកបានកើនឡើង ១៩ ភាគរយ ដោយឡែកករណីចោរកម្មបានកើនឡើង ២០ ភាគរយ ។ កាសែតUSA TODAYបានចុះផ្សាយដំណឹងថា នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ករណីឃាតកម្មក្នុងទីក្រុងធំៗដែលជាសមាជិកនៃសមាគមមានសមត្ថកិច្ចត្រួតពិនិត្យទីក្រុងធំៗនៃអាមេរិកបានកើនឡើង ៥០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩ ហើយករណីវាយប្រហារដ៏ធ្ងន់ធ្ងរបានកើនឡើងប្រហែល ៣៦ ភាគរយ ។

    ដោយសាររងឥទ្ធិពលពីទស្សនៈប្រកាន់ពូជសាសន៍ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងផ្នត់គំនិតរបស់មនុស្សជាយូរណាស់មកហើយ បានជាជនជាតិអាមេរិកច្រើនបង្គួរបាននិងកំពុងប្រកាន់ទស្សនៈខុសឆ្គងថា "ក្រុមមនុស្សមិនមែនជាជនជាតិស្បែកស គឺមានគ្រោះថ្នាក់" ហេតុនេះហើយ ពួកគេបានបាញ់ប្រហារចំពោះក្រុមជនជាតិដើមភាគតិចដោយមិនបានរងការគំរាមកំហែងណាមួយឡើយ ។ យោងតាមទិន្នន័យបានបង្ហាញថា ក្នុងចំណោមជនរងគ្រោះនៃករណីបាញ់ប្រហារ ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកដែលមានអាយុពី ១៥ ឆ្នាំដល់ ៣៤ ឆ្នាំមានសមាមាត្រខ្ពស់បំផុត ហើយហានិភ័យដែលពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកត្រូវគេបាញ់សម្លាប់ត្រូវជា ១០ ដងនៃជនជាតិស្បែកស ។

    សូមបញ្ជាក់ថា ការបាញ់ប្រហារដោយមិនបានប្រឈមនឹងការគំរាមកំហែងបានហួសពីក្របខ័ណ្ឌនៃ"សិទ្ធិការពារខ្លួន"ក្នុងអត្ថន័យធម្មតា ។ យ៉ាងណាមិញ ទង្វើបែបនេះបែរជាត្រូវបានអនុញ្ញាតក្នុងច្បាប់តំបន់មួយចំនួននៅសហរដ្ឋអាមេរិក ។ ឧទាហរណ៍ដូចជា "ច្បាប់ស្តីពីការការពារខ្លួននៅកន្លែងកើតហេតុ"របស់រដ្ឋ Missouri បានអនុញ្ញាតឱ្យប្រើមធ្យោបាយដ៍សាហាវ ដើម្បីការពារខ្លួនឬអ្នកដទៃខណៈពេលរងការគំរាមកំហែងឬ"មានអារម្មណ៍រងការគំរាមកំហែង" តែមិនគិតពិចារណាថា តើមានលទ្ធភាពជម្លៀសខ្លួនចេញដោយសុវត្ថិភាពឬអត់ ។

    មួយផ្នែក អារម្មណ៍អសន្តិសុខកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ មួយផ្នែកទៀត គឺថ្លៃដើមនៃ"ការកាន់កាំភ្លើង"កាន់តែទាបទៅៗ ។ នឹកស្មានមិនដល់ថា នៅក្នុងមហាអំណាចផុតលេខតែមួយគត់លើទូទាំងពិភពលោកដែលអួតអាងថា ខ្លួនជា"ប៉មសិទ្ធិមនុស្ស" "ការបាញ់បោះ"បានកើតមានឡើងមុនពេល"ហាមាត់និយាយ"ទៅទៀត ។ សំដៅចំពោះជនជាតិអាមេរិកដែលមិនទាន់បាននិយាយផងក៏ត្រូវគេបាញ់សម្លាប់ទាំងនោះ តើអ្នកណាអាចធានាសិទ្ធិមនុស្សរបស់ពួកគេ ?

អ្នកបកប្រែ:魏伟
ប្លុកពិសេស