ថ្ងៃទី ២៤ ខែមេសាគឺជាទិវាអវកាសចិនលើកទី ៨ គម្រោងរុករកភពព្រះចន្ទរបស់ប្រទេសចិននឹងមានសកម្មភាពថ្មី។ លោកបណ្ឌិត Wu Weiren អគ្គរចនាករនៃគម្រោងរុករកភពព្រះចន្ទរបស់ប្រទេសចិនបានថ្លែងថា ប្រទេសចិនបាននិងកំពុងអនុវត្តគម្រោងរុករកភពព្រះចន្ទក្នុងដំណាក់កាលទី ៤ ។ ក្នុងចំណោមនោះ យានអវកាស Chang'e-6 គ្រោងនឹងត្រូវបង្ហោះនៅមុនឬក្រោយឆ្នាំ ២០២៤ ។ ភារកិច្ចរបស់វាគឺយកសំណាកនៅប៉ែកខាងក្រោយនៃភពព្រះចន្ទ ព្រមនិងនាំយកសំណាកមកផែនដីវិញ ហើយនេះក៏ជាលើកទីមួយដែលមនុស្សជាតិបានប្រមូលយកសំណាកដីពីប៉ែកខាងក្រោយនៃភពព្រះចន្ទ។ យានអវកាសChang'e-7 នឹងត្រូវបានបាញ់បង្ហោះនៅមុនឬក្រោយឆ្នាំ ២០២៦។ ភារកិច្ចចម្បងរបស់វាគឺទៅកាន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ ដើម្បីស្វែងរកភស្តុតាងសម្រាប់បញ្ជាក់ថានៅលើភពព្រះចន្ទមានប្រភពទឹក ។ កិច្ចការនេះមានភាពស្មុគស្មាញ និងកត្តាហានិភ័យខ្ពស់ណាស់។ យានអវកាសChang'e-7 ត្រូវបានគេរំពឹងថានឹងក្លាយជាយានអវកាសដំបូងគេដែលចុះចតនៅលើប៉ូលខាងត្បូងនៃភពព្រះចន្ទ។ ចំណែកឯយានអវកាសChang'e-8 នឹងសហការជាមួយយានអវកាស Chang'e-7 ដើម្បីបង្កើតជាមូលដ្ឋាននៃស្ថានីយស្រាវជ្រាវខាងវិទ្យាសាស្ត្រអំពីភពព្រះចន្ទអន្តរជាតិនៅប៉ូលខាងត្បូងនៃភពព្រះចន្ទ ដើម្បីធ្វើការពិសោធន៍មួយចំនួនអំពីការរុករក និងប្រើប្រាស់ធនធាននៃភពព្រះចន្ទ៕