ថ្ងៃទី២២ ខែមេសា មហោស្រពភាពយន្តអន្តរជាតិប៉េកាំងលើកទី១៣បានសម្ពោធបើកនៅមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិYanqihuនៃក្រុងប៉េកាំង។ មហោស្រពលើកនេះទទួលបានភាពយន្តចំនួន១៤៨៨រឿងដែលមកពីប្រទេសនិងតំបន់ចំនួន៩៣ ចូលរួមប្រកួតប្រជែងយកពានរង្វាន់ Tiantan ក្នុងនោះភាពយន្តចំនួន ១៥ រឿងដូចជាភាពយន្តចិនរឿង «瞧一桥/CIAO» ជាដើមបានចូលដល់វគ្គផ្តាច់ព្រ័ត្រ។ លោក Zhang Yimou អ្នកដឹកនាំភាពយន្តល្បីឈ្មោះរបស់ប្រទេសចិនបានធ្វើជាប្រធានគណៈកម្មការអន្តរជាតិនៃពានរង្វាន់ Tiantan នៃមហោស្រពភាពយន្តអន្តរជាតិប៉េកាំងលើកនេះ។ លទ្ធផលពានរង្វាន់ Tiantan ចំនួន១០រង្វាន់នឹងត្រូវប្រកាសក្នុងពិធីបិទបញ្ចប់មហោស្រពភាពយន្តអន្តរជាតិប៉េកាំងដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៩ខែមេសាខាងមុខនេះ។
សូមបញ្ជាក់ថា ឆ្នាំ២០២៣ជាខួប១០ឆ្នាំនៃការលើកឡើងពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដូចនេះហើយកម្មវិធី “ ពិព័រណ៍និងចាក់បញ្ចាំងប៉េកាំង “ នៃមហោស្រពភាពយន្តអន្តរជាតិប៉េកាំងឆ្នាំនេះបានរៀបចំប្រធានបទពិសេសស្តីពី “ ខួប ១០ ឆ្នាំនៃផ្លូវសូត្រ នឹកស្រមៃពីអនាគត៖ ភាពយន្តតភ្ជាប់អាស៊ី” ដែលនឹងដាក់បញ្ចាំងភាពយន្តថ្មីបំផុតដែលផលិតដោយប្រទេសតាមបណ្តោយផ្លូវសូត្រចំនួន ១០ រឿង ដើម្បីបង្ហាញពីកម្លាំងច្នៃប្រឌិតនៃភាពយន្តអាស៊ី៕