ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការវិនិយោគនៅប្រទេសចិនគឺជាការវិនិយោគសម្រាប់អនាគត
2023-04-22 14:48:51cri
Share with:

       យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិននាពេលថ្មីៗនេះបង្ហាញឱ្យឃើញថា  ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣ ប្រទេសចិនបានប្រើប្រាស់ជាក់ស្តែងនូវដើមទុនបរទេសចំនួន៤សែន៨ពាន់៤រយ៥០លានយាន់ប្រាក់ចិន  កើនឡើង៤.៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលសម្រេចបាន"ការចាប់ផ្តើមប្រកបដោយស្ថេរភាព"។ ក្នុងចំណោមនោះ សហគ្រាសទុនបរទេសដែលត្រូវបានបង្កើតឡើងថ្មីមានចំនួនលើសពី១ម៉ឺន  កើនឡើង២៥.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២  ។ ទៅកាន់ប្រទេសចិនកំពុងក្លាយជាប្រធានបទពិភាក្សាដ៏ក្ដៅគគុករបស់បណ្តាប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោក។

       តាំងពីដើមឆ្នាំ២០២៣មក  នាយកប្រតិបត្តិនៃក្រុមហ៊ុនបរទេសជាច្រើនបាននាំគ្នាបំពេញទស្សនកិច្ចទៅប្រទេសចិន ។ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ក្រុមហ៊ុនVolkswagenGroupរបស់ប្រទេសអាល្លឺម៉ង់បានប្រកាសផែនការវិនិយោគថ្មីមួយនៅប្រទេសចិន ពោលគឺនឹងចេញប្រាក់ចំនួនប្រហែល១ពាន់លានអឺរ៉ូ សម្រាប់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍រថយន្តអគ្គិសនីនៅទីក្រុងHefeiខេត្តAnHui ប្រទេសចិន ។ លោក OliverBlumeអគ្គនាយកក្រុមហ៊ុនVolkswagenGroupបានថ្លែងថា បន្ទាប់ពីការត្រួតពិនិត្យការងារនៅប្រទេសចិនកាលពីដើមឆ្នាំនេះ  ពួកគេបានរកឃើញវិធីដែលចូលទៅជិតអ្នកប្រើប្រាស់នៃប្រទេសចិនហើយ។

      នាពេលបច្ចុប្បន្ននេះ  សេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងសភាពធ្លាក់ចុះ  ស្ថានភាពភូមិសាស្ត្រនយោបាយមានភាពស្មុគស្មាញ ហើយពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាយ៉ាងខ្លាំង។ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍បានព្យាករណ៍ថា ការវិនិយោគឆ្លងដែនសកលនៅឆ្នាំ២០២៣ប្រហែលនឹងបន្តធ្លាក់ចុះទៀត។ ក្នុងបរិបទបែបនេះ ការដែលប្រទេសចិនបានស្រូបយកដើមទុនបរទេសនៅក្នុងត្រីមាសទីមួយបានប្រគល់នូវចម្លើយប្រកបដោយស្ថេរភាព  លទ្ធផលនេះគឺបានមកដោយមិនងាយទេ  ហើយក៏ស្ថិតនៅក្នុងការរំពឹងទុកផងដែរ ។

      យើងមើលពីការវិនិយោគជាក់ស្តែងជាមុនសិន  មិនត្រឹមតែមានបរិមាណកាន់តែច្រើនប៉ុណ្ណោះទេ  ថែមទាំងគុណភាពក៏ខ្ពស់ជាងមុនទៀតផង។ នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៣ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានប្រើប្រាស់ជាក់ស្តែងនូវដើមទុនបរទេស ចំនួន១សែន៥ម៉ឺន៦ពាន់៧រយ១០លានយាន់ប្រាក់ចិន កើនឡើង១៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ ប្រការនេះបានឆ្លុះបញ្ចាំងពីឧត្តមភាពរបស់ប្រទេសចិនក្នុងការទាក់ទាញដើមទុនបរទេសប្រកបដោយគុណភាពខ្ពស់ ។

      បើមើលពីភូមិសាស្ត្រ  ការវិនិយោគទុននៅប្រទេសចិនរបស់ប្រទេសទាំងពីរបារាំងនិងអង់គ្លេសមានភាពលេចធ្លោយ៉ាងខ្លាំង ពោលគឺកំណើននៃការវិនិយោគសុទ្ធតែបានលើសពី៦ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ នេះគឺជាលទ្ធផលដែលទទួលបានដោយសារកត្តាលើច្រើនវិស័យ ។ ស្របតាមប្រទេសចិនបានកែលំអគោលនយោបាយបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩នៅឆ្នាំ២០២៣មក  ការទៅមកឆ្លងដែនមានភាពកាន់តែងាយស្រួល ដែលបានជំរុញតម្រូវការវិនិយោគរបស់សហគ្រាសបរទេស ។ ព្រមពេលជាមួយគ្នានេះ ក្នុងបរិបទដែលអ្នកនយោបាយអឺរ៉ុបជាច្រើនបំពេញទស្សនកិច្ចនៅប្រទេសចិន  "ការបង្កើនពាណិជ្ជកម្មជាមួយប្រទេសចិន"បានក្លាយជាគំនិតឯកភាពរួមរបស់សហគ្រាសអឺរ៉ុប  ។

      ព្រមពេលជាមួយគ្នានេះ  ប្រទេសចិនដែលបាននិងកំពុងបើកទូលាយ រីករាយចែករំលែក"នំខេក"ជាមួយពិភពលោកនិងធ្វើឱ្យនំខេកកាន់តែធំ។ ចាប់ពីការលើកទឹកចិត្តឱ្យពាណិជ្ជករបរទេសមកវិនិយោគ បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ ដល់ការរៀបចំសកម្មភាព"ឆ្នាំវិនិយោគនៅប្រទេសចិន"  រហូតដល់ការរៀបចំវេទិកាជាន់ខ្ពស់ស្តីពីអភិវឌ្ឍន៍ប្រទេសចិន  វេទិកាអាស៊ីBoao  ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី៣ និងពិព័រណ៍Cantonលើកទី១៣៣ ប្រទេសចិនបានលើកទឹកចិត្តឱ្យដើមទុនបរទេសចែករំលែកនូវឱកាសទីផ្សារធំ  ឱកាសបើកទូលាយបែបប្រព័ន្ធរបប និងឱកាសធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសចិន។

      ក្រុមហ៊ុនTeslaបានប្រកាសនឹងបង្កើតរោងចក្រទំនើបផុតលេខនៅឯនាយសមុទ្រលើកដំបូងនៅទីក្រុងសៀងហៃ ក្រុមហ៊ុនAirbusបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មទីពីរនៅទីក្រុងTianJin  ហើយក្រុមហ៊ុនAstraZenecaបានប្រកាសជាម្តងទៀតនូវការពង្រីកទំហំវិនិយោគផលិតកម្មនៅប្រទេសចិន។ល។  សហគ្រាសទុនបរទេសកំពុងបោះទុនវិនិយោគកាន់តែច្រើនឡើងៗនៅប្រទេសចិនតាមរយៈសកម្មភាពជាក់ស្តែង ពីព្រោះពួកគេដឹងថា ការវិនិយោគនៅប្រទេសចិនគឺជាការវិនិយោគសម្រាប់អនាគត៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស