ថ្ងៃទី ១៩ ខែមេសា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ មានអ្នកកាសែតសួរថា មតិសាធារណៈអន្តរជាតិបានសម្គាល់ថាសេដ្ឋកិច្ចចិននៅត្រីមាសទីមួយឆ្នាំ២០២៣ មានការចាប់ផ្តើមយ៉ាងល្អប្រសើរ ដែលនឹងជំរុញជំនឿចិត្តនៃការស្តារសេដ្ឋកិច្ចពិភពលោក។ តើអ្នកនាំពាក្យមានការវាយតម្លៃយ៉ាងណាចំពោះរឿងនេះ?
លោក Wang Wenbin បានថ្លែងថា ត្រីមាសទីមួយឆ្នាំនេះផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនឡើង4.5% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ជំនឿចិត្តនៃទីផ្សារបានត្រូវពង្រឹងយ៉ាងច្បាស់លាស់។ សេដ្ឋកិច្ចចិនបានបង្ហាញនូវនិន្នាការស្តារឡើងវិញនិងវិវឌ្ឍន៍រីកចម្រើនដ៏ល្អប្រសើរ ដែលបាននិងកំពុងផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសលើលោក។ នៅត្រីមាសទីមួយ ទំហំនាំចេញនាំចូលរវាងចិនជាមួយប្រទេសអាស៊ាន និងប្រទេសអាហ្វ្រិកបានកើនឡើងចំនួន16.1%និង14.1% រៀងគ្នា ។ របាយការណ៍ថ្មីបំផុតនៃអង្គការ IMF បានប៉ាន់ប្រមាណថា នៅឆ្នាំ២០២៣សេដ្ឋកិច្ចចិននឹងរួមចំណែកលើសពី 1/3 ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។
លោក Wang Wenbin បានបន្តថា លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា គោលនយោបាយកំណែទម្រង់និងបើកទូលាយរបស់ចិនគឺជាប់លាប់នឹងមិនកែប្រែ ហើយចិនដាច់ខាតមិនបិទទ្វារនៃការបើកទូលាយរបស់ខ្លួននោះទេ។ ប្រទេសទាំងអស់ដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយចិន ចិនសុទ្ធតែមានឆន្ទៈរួមគ្នាឆ្ពោះទៅមុខ ដើម្បីជំរុញវិបុលភាពនិងការអភិវឌ្ឍរួមនៃសេដ្ឋកិច្ចពិភពលោក។ នៅពេលអនាគត ប្រទេសចិននឹងបន្តខិតខំធ្វើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីចែករំលែកសមិទ្ធផលនៃការធ្វើទំនើបកម្មតាមបែបផែនចិនជាមួយសហគមន៍អន្តរជាតិ៕