ថ្ងៃទី ១៧ ខែមេសា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា នាថ្ងៃទី ១៤ ខែមេសាតាមម៉ោងក្នុងតំបន់ រដ្ឋាភិបាលអាមេរិកបាមនប្រកាសដាក់ពាក្យបណ្តឹងនិងដាក់ទណ្ឌកម្មលើសហគ្រាសចិននិងពលរដ្ឋចិនដែលជាប់ពាក់ព័ន្ធនឹងវត្ថុធាតុដើមនៃថ្នាំ Fentanyl។ តើភាគីមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?
លោក Wang Wenbin បានលើកឡើងថា ម្ខាងអាមេរិកនិយាយថាសង្ឃឹមចិនស្តារកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនទៀតជាមួយអាមេរិកឡើងវិញ ម្ខាងទៀតដាក់ពាក្យបណ្តឹងនិងដាក់ទណ្ឌកម្មលើសហគ្រាសចិននិងពលរដ្ឋចិនយ៉ាងងងើលម្តងទៀត ដែលបានបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនិងបុគ្គលពាក់ព័ន្ធ។ ភាគីចិនថ្កោលទោសយ៉ាងខ្លាំងចំពោះករណីនេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីអាមេរិករួចហើយ។
លោក Wang Wenbin បន្តទៀតថា អ្វីដែលចាំបាច់ត្រូវតែបញ្ជាក់គឺ អ្វីដែលអាមេរិកហៅថាវត្ថុធាតិដើមនៃថ្នាំ Fentanyl វាគឺជាសារធាតុគីមីធម្មតា។ យើងបានដឹងស្រាប់ហើយថា ទំនួលខុសត្រូវនៃការបង្ការមិនឱ្យសារធាតុគីមីធម្មតាហូរចូលសំបុកផលិតគ្រឿងញៀនក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិគឺស្ថិតនៅលើភាគីនាំចូល។ អាមេរិកមួលបង្កាច់ការពិត និយាយឆ្ការដៃឆ្ការជើងចំពោះការធ្វើពាណិជ្ជកម្មសារធាតុគីមីជាប្រក្រតីរវាងចិននិងប្រទេសពាក់ព័ន្ធ ហើយចាត់ទុករឿងនេះជាហេតុផលដើម្បីដាក់ពាក្យបណ្តឹងនិងដាក់ទណ្ឌកម្មចំពោះសហគ្រាសចិននិងពលរដ្ឋចិន នេះបានលាតត្រដាងយ៉ាងពេញលេញនូវអនុត្តរភាពនិងភាពក្រអឺតក្រអោងរបស់អាមេរិក ហើយក៏ជាការប្រមាថមើលងាយនិងឈាន់ឈ្លីចំពោះស្មារតីនីតិរដ្ឋអន្តរជាតិផងដែរ៕