ទាក់ទិននឹងប្រធានបទសម្រាប់ពិភាក្សានៃកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសG7 ស្តីអំពីសភាពការណ៍ច្រកសមុទ្រតៃវ៉ាន់ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី ១៧ ខែមេសាថា ការពិតបានបញ្ជាក់ម្តងហើយម្តងទៀតថា ក្រោមការញុះញង់និងគាំទ្រពីកម្លាំងខាងក្រៅ ពួកអបគមន៍និយមដែលចង់ឱ្យ “តៃវ៉ាន់ឯករាជ្យ” នៅកោះតៃវ៉ាន់បានធ្វើសកម្មភាពបំបែកបំបាក់តាមគ្រប់កលល្បិចជាញឹកញាប់ ដែលបានបំផ្លាញសភាពការណ៍បច្ចុប្បន្ននៃច្រកសមុទ្រតៃវ៉ាន់ នេះជាមូលហេតុពិតប្រាកដដែលបណ្តាលឱ្យច្រកសមុទ្រតៃវ៉ាន់មានសភាពការណ៍តានតឹង។
លោក Wang Wenbin បានបន្តថា នៅលើពិភពលោកមានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ចិនដែលមិនអាចកាត់ផ្តាច់បានជាដាច់ខាត រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិន នេះគឺខ្លឹមសារស្នូលនៃគោលការណ៍ចិនតែមួយ ហើយក៏ជាគន្លឹះនៃការគាំពារសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ផងដែរ៕