"មេដឹកនាំចិននិងប្រេស៊ីលបង្កើតប្រវត្តិសាស្ត្រ""ដំណើរទស្សនកិច្ចរបស់លោកLulaនៅប្រទេសចិនបានផ្តល់ឱកាសអភិវឌ្ឍន៍ដល់ប្រេស៊ីល""បន្ទាប់ពីកិច្ចជំនួបជាមួយលោកXiJinpingប្រធានរដ្ឋចិន វ៉ាលីសរបស់លោកប្រធានាធិបតីLula គឺដាក់ពេញដោយកិច្ចព្រមព្រៀងទ្វេភាគីនិងផែនការសហប្រតិបត្តិការគ្រប់មុខ"។ល។សម្រាប់ដំណើរទស្សនកិច្ចរបស់លោកLulaប្រធានាធិបតីប្រេស៊ីលនៅប្រទេសចិនដែលបានបញ្ចប់នៅថ្ងៃទី១៥ខែមេសានេះ ប្រព័ន្ធសារព័ត៌មាននិងគ្រប់មជ្ឈដ្ឋាននៃប្រទេសប្រេស៊ីលបានវ៉ាយតម្លៃយ៉ាងសកម្ម។អ្នកទាំងអស់គ្នាបានកត់សម្គាល់ជាទូទៅថា ប្រមុខរដ្ឋនៃប្រទេសចិននិងប្រេស៊ីលបានកំណត់ពីទិសដៅឱ្យបានច្បាស់លាស់នូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងដំណាក់កាលបន្ទាប់ ដែលនឹងដឹកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរត្រួសត្រាយអនាគតថ្មី ។
ឆ្នាំនេះគឺជាខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងប្រេស៊ីលហើយឆ្នាំក្រោយគឺជាខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរទៀតផង។ ក្នុងគ្រាដ៏សំខាន់នេះ ការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់លោកLulaប្រធានាធិបតីប្រេស៊ីលដែលបានដំណើរការចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ខែមេសានេះ បានទទួលការយកចិត្តទុកដាក់កម្រិតខ្ពស់ពីសហគមន៍អន្តរជាតិ។ បើមើលពីលទ្ធផលនៃកិច្ចចរចារវាងប្រមុខរដ្ឋចិននិងប្រេស៊ីល និងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយភាគីទាំងពីរអាចឃើញថា ដំណើរទស្សនកិច្ចរបស់លោកLulaនៅប្រទេសចិនលើកនេះ ទទួលបានផលជោគជ័យដោយគាប់ប្រសើរ។ លោកXiJinpingប្រធានរដ្ឋចិនបានថ្លែងថា ភាគីចិនរីករាយរួមជាមួយភាគីប្រេស៊ីល ដើម្បីត្រួសត្រាយអនាគតថ្មីនៃទំនកា់ទំនងរវាងចិននិងប្រេស៊ីលក្នុងយុគសម័យថ្មី។ លោកLulaប្រធានាធិបតីប្រេស៊ីលបានថ្លែងថា ការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិនដោយគ្រប់ជ្រុងជ្រោយ គឺជាបំណងប្រាថ្នារួមដ៏ខ្លាំងក្លារបស់អង្គការនីតិបញ្ញត្តិនិងគ្រប់មជ្ឈដ្ឋានក្នុងសង្គមនៃប្រេស៊ីល។
ប្រទេសចិននិងប្រេស៊ីល គឺជាប្រទេសកំពុងអភិវឌ្ឍធំជាងគេ និងជាទីផ្សារងើបឡើងថ្មីដ៏សំខាន់នៅអឌ្ឍគោលខាងកើតនិងខាងលិច។ លោកLulaប្រធានាធិបតីប្រេស៊ីលបានមកបំពេញទស្សនកិច្ចនៅប្រទេសចិនចំនួនបួនលើក ដែលត្រូវបានគេហៅថា"មិត្តចាស់របស់ប្រជាជនចិន"។
ក្នុងកិច្ចពិភាក្សាការងារកាលពីថ្ងៃទី១៤ខែមេសា លោកXiJinpingប្រធានរដ្ឋចិនបានប្រើពាក្យ"មុតមាំ"ចំនួនបី មកអធិប្បាយពីទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយនិងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្តរវាងចិននិងប្រេស៊ីល។ លោកLulaប្រធានាធិបតីប្រេស៊ីលបានរំពឹងថា ទំនាក់ទំនងរវាងប្រេស៊ីលនិងប្រទេសចិនអាចលើសពីវិស័យពាណិជ្ជកម្ម។ ប្រមុខរដ្ឋប្រទេសទាំងពីរសុទ្ធតែប្រើពាក្យ«ចក្ខុវិស័យយុទ្ធសាស្ត្រ»ដើម្បីដោះស្រាយទំនាក់ទំនងទ្វេភាគី។ ប្រការនេះបង្ហាញឱ្យឃើញថា កិច្ចកសាងទំនុកចិត្តគ្នាខាងនយោបាយរវាងភាគីទាំងពីរបានឈានដល់កម្រិតថ្មី ហើយមូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិននិងប្រេស៊ីលក្នុងយុគសម័យថ្មីនឹងកាន់តែរឹងមាំថែមទៀត។
ក្នុងនាមជាប្រទេសនាំមុខក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប្រេស៊ីលបានលើសពីក្របខ័ណ្ឌទ្វេភាគី ដែលបានដើរតួនាទីជំរុញយ៉ាងសកម្មក្នុងការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល។ នៅក្នុងអង្គការសហប្រជាជាតិ ប្រទេសBRICS និងប្រទេសG20ជាដើម ប្រទេសចិននិងប្រេស៊ីលបានបង្កើនកិច្ចសហការជាយុទ្ធសាស្ត្រអំពីបញ្ហាសកលដែលយកចិត្តទុកដាក់ដូចគ្នាជាប់រហូតមក។
ត្រូវការសន្តិភាព ត្រូវការអភិវឌ្ឍន៍ និងត្រូវការការធ្វើទំនើបកម្ម នេះគឺជាសេចក្តីប្រាថ្នារបស់ប្រជាជនប្រេស៊ីល ហើយក៏ជាសេចក្តីប្រាថ្នារបស់ប្រជាជនចិនផង។ យើងជឿជាក់ថាក្រោមការដឹកនាំរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងចិននិងប្រេស៊ីលក្នុងយុគសម័យថ្មីនឹងកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតដែលនឹងនាំមកនូវសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងបំពេញបន្ថែមនូវកម្លាំងចលករថ្មីទៅក្នុងកិច្ចសហប្រតិបត្តិការចិននិងអាមេរិកឡាទីន ក៏ដូចជាសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកផងដែរ ៕