យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិនកាលពីថ្ងៃទី ១៣ ខែមេសាបានបង្ហាញឱ្យឃើញថា ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ទំហំនាំចេញសរុបនៃ"ផលិតផលចំនួន ៣ "របស់ចិន គឺ រថយន្តដឹកអ្នកដំណើរដើរដោយថាមពលអគ្គិសនី អាគុយលីចូមនិងអាគុយថាមពលសូឡាបានកើនឡើង ៦៦,៩ ភាគរយ ដែលបានបង្កើនល្បឿនកំណើននៃការនាំចេញទាំងមូលចំនួន ២ ភាគរយ ហើយកម្លាំងចលករថ្មីបានដើរតួនាទីកាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អតិផរណាសកលបាននិងកំពុងកើនឡើងយ៉ាងខ្ពស់ កំណើននៃអង្គភាពសេដ្ឋកិច្ចសំខាន់ៗមានកម្លាំងទន់ខ្សោយដែលបានបណ្តាលឱ្យតម្រូវការក្រៅប្រទេសត្រូវបានកាត់បន្ថយ ។ អង្គការពាណិជ្ជកម្មពិភពលោកប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្មទំនិញជាសកលនៅឆ្នាំនេះកើនឡើងត្រឹមតែ ១ ភាគរយដែលប្រហែលបង្អង់ល្បឿន ២,៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ។ ដោយមកពីរងផងប៉ះពាល់នៃហានិភ័យគ្រប់បែបយ៉ាង ដូចជា ការពារនិយាមនិងភូមិសាស្ត្រនយោបាយជាដើម បានជាការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបាននិងកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ។
ដោយឡែក បើមើលពីទិន្នន័យជាទូទៅនៃត្រីមាសទីមួយឆ្នំនេះអាចឃើញថា ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនិងនាំចូលទំនិញរបស់ចិនមានចំនួន ៩,៨៩ ទ្រីលានប្រាក់យាន់ចិនដែលបានកើនឡើង ៤,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ស្របពេលជាមួយគ្នានេះ ក្នុងត្រីមាសទីមួយ សហគ្រាសទុនបរទេសរបស់ចិនដែលទទួលបានសមិទ្ធផលជាក់ស្តែងខាងការនាំចេញនាំចូលមានចំនួន ៤៥៧,០០០ សហគ្រាសដែលបានកើនឡើង៥,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ប្រការនេះបានបង្ហាញថា ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានធន់នឹងការពិសោធ ក៏ដូចជាសម្រេចបាននូវនិន្នាការជាទូទៅដែលរីកចម្រើនយ៉ាងល្អប្រសើរប្រកបដោយស្ថិរភាពនៅដើមឆ្នាំនេះដោយផ្អែកលើភាពធន់យ៉ាងខ្លាំងបង្គួរ ហើយបានតាំងមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវគោលដៅខាងពាណិជ្ជកម្មជាមួយបរទេសនៃប្រទេសចិនពេញមួយឆ្នាំ ពោលគឺ ជំរុញស្ថិរភាពនិងលើកកម្ពស់គុណភាព ។
"ការលំនឹងទ្រង់ទ្រាយនិងធ្វើឱ្យមានសុក្រឹតភាពនូវរចនាសម្ព័ន្ធ"គឺជាតម្រូវការដ៏ចាំបាច់នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។
និន្នាការនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិននៅដើមឆ្នាំនេះបានរីកចម្រើនយ៉ាងល្អប្រសើរប្រកបដោយស្ថិរភាពដែលបានឆ្លុះបញ្ចាំងពីទីបង្អែកនិងភាពកក់ក្តៅនៃសេដ្ឋកិច្ចចិន ។ ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍ស្តីពីស្ថានការណ៍សេដ្ឋកិច្ចនៃតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកកាលពីចុងខែមីនាឆ្នាំនេះដោយបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៣ ឡើងដល់ ៥,១ ភាគរយដែលខ្ពស់ជាង ៤,៣ ភាគរយដែលបានព្យាករណ៍កាលពីខែមករាយ៉ាងខ្លាំង ។ ការងើបឡើងវិញប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចចិននឹងលើកទឹកចិត្តដល់តម្រូវការខាងផលិតផលនាំចូលជាបន្តបន្ទាប់ ក៏ដូចជាជំរុញការនាំចេញផលិតផលផងដែរ ។
ព្រមពេលជាមួយគ្នានេះ ការដែលប្រទេសចិនបន្តជំរុញការបើកចំហចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់តទៅទៀតវាបានផ្តល់ការគាំទ្រដ៏ខ្លាំងក្លាដល់ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។ ប្រការដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ 《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់》ហៅកាត់ RCEP នឹងចូលជាធរមានជាផ្លូវការចំពោះប្រទេសហ្វីលីពីននៅថ្ងៃទី ២ ខែមិថុនាខាងមុខនេះ ។ ដល់ពេលនោះ RCEP នឹងចូលជាធរមានដោយគ្រប់ជ្រុងជ្រោយនៅរដ្ឋសមាជិកចំនួន ១៥ ហើយតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកមួយនេះនឹងឈានចូលដំណាក់កាលថ្មីដែលទទួលបានការអនុវត្តដោយគ្រប់ជ្រុងជ្រោយ ។
ស្របពេលជាមួយគ្នានេះ សហគ្រាសក៏កំពុងចាត់វិធានការយ៉ាងសកម្មផងដែរ ។ សហគ្រាសបានធ្វើកិច្ចខិតខំប្រឹងប្រែងដោយម្ចាស់ការ ពោលគឺ ស្វែងរកការបញ្ជាទិញនិងពង្រីកទីផ្សារយ៉ាងសកម្មដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការលំនឹងទ្រង់ទ្រាយនិងធ្វើឱ្យមានសុក្រឹតភាពនូវរចនាសម្ព័ន្ធ ។
នាពេលបច្ចុបន្ននេះ ស្ថានភាពអន្តរជាតិមានភាពកាន់តែតានតឹងនិងស្មុគស្មាញ អនាគតពាណិជ្ជកម្មសកលនៅតែរងកម្លាំងសម្ពាធដដែល ។ ប៉ុន្តែ អ្វីដែលកាន់តែត្រូវមើលឃើញនោះគឺ សេដ្ឋកិច្ចចិនមានភាពធន់ កម្លាំងរស់រវើកនិងសក្តានុពលដ៏ខ្លាំងក្លា ក៏ដូចជានិន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរក្នុងរយៈពេលជាយូរនឹងមិនកែប្រែនោះទេ ។ ស្របនឹងពេលដែលស្ថានការណ៍សេដ្ឋកិច្ចនៃប្រទេសចិនមានភាពល្អឡើងវិញជាទូទៅ ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនត្រូវបានរំពឹងថា នឹងបន្តរក្សានិន្នាការល្អប្រសើរតទៅទៀតដែលនឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោក ៕