ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖"មិត្តចាស់របស់ប្រជាជនចិន"មកហើយ!
2023-04-12 12:14:13cri
Share with:

     ប្រទេសចិននិងប្រេស៊ីលមានចម្ងាយពីគ្នាប្រហែល១ម៉ឺន៨ពាន់៨រយគីឡូម៉ែត្រ ហើយជាប្រទេសកំពុងអភិវឌ្ឍធំជាងគេនៅអឌ្ឍគោលខាងកើតនិងខាងលិចដោយឡែកពីគ្នា។ ទន្ទឹមនឹងការដែលលោកLulaប្រធានាធិបតីប្រេស៊ីលចាប់ផ្តើមដំណើរទស្សនកិច្ចមកកាន់ប្រទេសចិននៅថ្ងៃទី១២ខែមេសា  ប្រទេសមហាអំណាចដែលកំពុងងើបឡើងថ្មីទាំងពីរដែលពុះចែកដោយមហាសមុទ្រនឹងចាប់ដៃគ្នាម្តងទៀត។

      នេះគឺជាលើកទីបីហើយដែលលោកLulaបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ហើយក៏ជាលើកដំបូងដែលលោកបានបំពេញទស្សនកិច្ចនៅប្រទេសក្រៅតំបន់គិតតាំងពីលោកបានចូលកាន់មុខតំណែងជាប្រធានាធិបតីប្រេស៊ីលនៅខែមករាឆ្នាំនេះផងដែរ។ សម្រាប់ប្រជាជនចិន  លោកប្រធានាធិបតីLulaគឺជាមិត្តចាស់មួយរូប។ ក្នុងអំឡុងពេលលោកបានកាន់មុខតំណែងជាប្រធានាធិបតីជាលើកដំបូង  លោកបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចំនួនពីរលើកហើយបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០០៨។ ក្នុងអំឡុងពេលកាន់តំណែងរបស់លោកប្រធានាធិបតីLula   ទំនាក់ទំនងចិននិងប្រេស៊ីលបានវិវឌ្ឍទៅមុខដោយលោតផ្លោះ។

      នៅខែមករាឆ្នាំនេះ លោកLulaដែលមានអាយុ៧៧ឆ្នាំបានឡើងកាន់មុខតំណែងជាប្រធានាធិបតីប្រេស៊ីលជាលើកទីបី។លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើលិខិតដើម្បីអបអរសាទរចំពោះការឡើងកាន់មុខតំណែងរបស់លោក ដោយសង្កត់ធ្ងន់ថា ប្រទេសចិននិងប្រេស៊ីល គឺជាប្រទេសកំពុងអភិវឌ្ឍដែលប្រកបដោយឥទ្ធិពលសកលនិងជាទីផ្សារងើបឡើងថ្មីដ៏សំខាន់ ចិននិងប្រេស៊ីលគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់គ្នាទៅវិញទៅមកដែលមានផលប្រយោជន៍រួមគ្នាយ៉ាងទូលំទូលាយ។ នៅពេលទទួលយកសារតាំងពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសប្រេស៊ីលនៅខែកុម្ភៈឆ្នាំនេះ លោកប្រធានាធិបតីLulaបានថ្លែងថា  ប្រេស៊ីលរំពឹងថា នឹងធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយភាគីចិនមានភាពកាន់តែជិតស្និទ្ធ  ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក៏ដូចជា"ជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរវិវឌ្ឍទៅមុខដោយខ្លាំងក្លាថែមមួយកម្រិតទៀត"។

      បញ្ហាសេដ្ឋកិច្ចជាចំណុចសំខាន់ធំមួយនៃដំណើរទស្សនកិច្ចរបស់លោកLulaលើកនេះ។ នាពេលបច្ចុប្បន្ននេះ  ប្រទេសប្រេស៊ីលកំពុងប្រឈមមុខនឹងភារកិច្ចធ្ងន់នៃការស្តារឡើងវិញក្រោយពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩  ហើយលោកLulaបានប្តេជ្ញាចិត្តក្នុងការជំរុញ"ឧស្សាហូបនីយកម្មម្តងទៀត"របស់ប្រទេសប្រេស៊ីល។  រីកឯប្រទេសចិនកំពុងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកចំហប្រកបដោយកម្រិតខ្ពស់ដែលនឹងផ្តល់ឱកាសឈ្នះ-ឈ្នះសម្រាប់បណ្តាប្រទេសពិភពលោកដែលបូករួមទាំងប្រទេសប្រេស៊ីលផងដែរ។ មុនពេលលោកLulaចេញដំណើរ  មន្ត្រីប្រេស៊ីលនិងតំណាងសហគ្រិនជាច្រើនបានមកដល់ទីក្រុងប៉េកាំងមុនពេលកំណត់។  លោកCarlosFávaroរដ្ឋមន្ត្រីក្រសួងកសិកម្មនិងចិញ្ចឹមសត្វប្រទេសប្រេស៊ីលបានថ្លែងនៅពេលផ្តល់បទសម្ភាស៍នៅទីក្រុងប៉េកាំងថា"យើងនឹងបង្កើតទំនាក់ទំនងភាពដៃគូសហការកាន់តែច្រើនជាមួយប្រទេសចិន  ដើម្បីរួមគ្នាបង្កើនផលិតភាពនិងទិន្នផលរបស់ភាគីទាំងពីរ"។

    ក្នុងពេលជាមួយគ្នានេះ  ដំណឹងល្អមួយទៀតសម្រាប់ភាពងាយស្រួលនៃពាណិជ្ជកម្មនិងការវិនិយោគរវាងចិននិងប្រេស៊ីលបានប្រកាសចេញមក។ នៅចុងខែមីនា  រដ្ឋាភិបាលប្រេស៊ីលបានថ្លែងថា ប្រទេសប្រេស៊ីលបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិនដែលនឹងទូទាត់ពាណិជ្ជកម្មតាមរូបិយវត្ថុរបស់ប្រទេសខ្លួន។

      ក្រោមការជំរុញពីមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ  កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងចិននិងប្រេស៊ីលកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ហើយទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរក៏កាន់តែជិតស្និទ្ធជាបន្តបន្ទាប់ផងដែរ។ ក្រៅពីបាល់ទាត់ របាំសាំបា និងសាច់អាំង  ជនជាតិចិនសព្វថ្ងៃ ជាពិសេសយុវជនចិនបានស្គាល់ប្រេស៊ីលច្រើនជាងមុន។

      "មិត្តចាស់របស់ប្រជាជនចិន"មកដល់ហើយ!  មជ្ឈដ្ឋានខាងក្រៅយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកLulaមកកាន់ប្រទេសចិន ពីព្រោះក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍធំជាងគេនៅអឌ្ឍគោលខាងកើតនិងខាងលិចការពង្រីកទំនាក់ទំនងរវាងប្រទេសចិននិងប្រេស៊ីលមិនត្រឹមតែមានអំណោយផលដល់ភាគីទាំងពីរប៉ុណ្ណោះទេ  ថែមទាំងក៏នឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូលទៀតផង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស