ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការបង្កើនកិច្ចសហប្រតិបត្តិការរវាងចិននិងបារាំងមានអនាគតដ៏ទូលំទូលាយ
2023-04-09 10:16:22cri
Share with:

    កាលពីថ្ងៃទី ៧ ខែមេសា លោក Emmanuel Macron ប្រធានាធិបតីបារាំងបានបង្ហោះសារជាភាសាចិន អង់គ្លេសនិងបារាំង តាមរយៈបណ្តាញទំនាក់ទំនងសង្គមក្នុងន័យចែករំលែកនូវដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោកដែលទើបបានបញ្ចប់ ។ នាថ្ងៃដដែលនោះ កាសែត«Financial Times»របស់អង់គ្លេសបានដកស្រង់ការលើកឡើងរបស់អ្នកវិភាគដោយអះអាងថា "បើមើលពីរយៈពេលជាយូរ មិនថាការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយប្រទេសចិនឬក៏ជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនក៏ដោយ ក៏ដំណើរទស្សនកិច្ចរបស់លោក Emmanuel Macron លើកនេះវាសុទ្ធតែមានសារៈសំខាន់ជាវិជ្ជមាន ។

    សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចនៅប្រទេសចិនលើកទី ៣ របស់លោក Emmanuel Macron ចាប់តាំងពីលោកបានឡើងកាន់មុខតំណែងជាប្រធានាធិបតីបារាំងមក ។ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី  ខែមេសា លោកប្រធានរដ្ឋចិន Xi Jinping បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅនិងប្រកបដោយគុណភាពខ្ពស់ជាមួយលោកនៅទីក្រុងប៉េកាំងនិងក្រុងក្វាងចូវដែលបានបង្ហាញទិសដៅយ៉ាងច្បាស់លាស់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនិងអន្តរជាតិរវាងចិននិងបារាំងនៅពេលខាងមុខ ។ ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារគ្របដណ្តប់លើវិស័យគ្រប់ផ្នែក ដូចជា ការបង្កើនកិច្ចសន្ទនាផ្នែកនយោបាយ ការរួមគ្នាជំរុញសន្តិសុខនិងស្ថិរភាពពិភពលោក ការជំរុញការផ្លាស់ប្តូរលើវិស័យសេដ្ឋកិច្ច ការចាប់ដំណើរការឡើងវិញនូវការផ្លាស់ប្តូរលើវិស័យវប្បធម៌មនុស្សជាតិ ក៏ដូចជាការរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកលជាដើម ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងបារាំងទទួលបានសមិទ្ធផលថ្មីៗ ។

    នាពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរ ចិននិងបារាំងសុទ្ធតែកំពុងប្រឈមនឹងការសាកល្បងនៃឯកតោភាគីនិយមនិងការពារនិយាម ក៏ដូចជាមានភារកិច្ចដូចគ្នាលើវិស័យការអភិវឌ្ឍសេដ្ឋកិច្ចនិងធានាជីវភាពរស់នៅរបស់ប្រជាជន ហើយភាគីទាំងពីរក៏មានការយល់ឃើញប្រហាក់ប្រហែលគ្នាជាច្រើនអំពីបញ្ហាជាចំណុចក្តៅក្នុងតំបន់និងអន្តរជាតិ ដូចជា ការដោះស្រាយវិបត្តិអ៊ុយក្រែននិងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ជាដើម ។ ដូច្នេះ ភាគីទាំងពីររក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីនិងប្រមូលផ្តុំគំនិតឯកភាពរួមកាន់តែច្រើន ប្រការនេះមិនត្រឹមតែមានអំណោយផលដល់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងអឺរ៉ុប ក៏ដូចជាជំរុញសន្តិភាពនិងស្ថិរភាពពិភពលោកផងដែរ ។

    បើមើលពីសមិទ្ធផលនៃកិច្ចសន្ទនារវាងប្រមុខរដ្ឋចិននិងបារាំងអាចឃើញថា ការចាប់ដំណើរការឡើងវិញនូវយន្តការសន្ទនាជាចំណុចលេចធ្លោមួយ ។ ប្រការនេះនឹងមានអំណោយផលដល់ភាគីទាំងពីរក្នុងការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយប្រែគំនិតឱ្យក្លាយទៅជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗ ។ ប្រទេសបារាំងបានរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់គោលនយោបាយប្រទេសចិនតែមួយ ដែលបានឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់ផ្នែកនយោបាយចំពោះគ្នារវាងភាគីទាំងពីរ ។

     ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតនៃដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Emmanuel Macron លើកនេះ ។ ប្រទេសចិនបាននិងកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការធ្វើទំនើបកម្មតាមបែបផែនចិន ប្រការនេះនឹងផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសនានានៅលើពិភពលោកក្នុងនោះក៏បូករួមទាំងប្រទេសបារាំងផងដែរ ។

    បច្ចុប្បន្ននេះ ក្នុងទំនាក់ទំនងជាមួយបរទេសរបស់បារាំងនិងអឺរ៉ុប វិបត្តិអ៊ុយក្រែនគឺជាបញ្ហាស្នូល ហើយរំពឹងទុកជំរុញដំណោះស្រាយវិបត្តិតាមវិធីនយោបាយក្នុងពេលឆាប់ៗ ។ ចិនមិនមែនជាប្រទេសសាមីនៃវិបត្តិអ៊ុយក្រែនទេ ប៉ុន្តែចិនបានជំរុញការផ្សះផ្សានិងការចរចាសន្តិភាពយ៉ាងសកម្មជាប់រហូតមក ។ ខណៈពេលនេះ ប្រឈមមុខនឹងការយកចិត្តទុកដាក់របស់បារាំងនិងអឺរ៉ុប ចិនបានលើកឡើងពីវិធានការជាក់លាក់ ៥ ចំណុច ក្នុងនោះបូករួមទាំងការគាំទ្រភាគីអឺរ៉ុបដើរតួនាទីក្នុងការដោះស្រាយវិបត្តិតាមវិធីនយោបាយ គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់មនុស្សធម៌អន្តរជាតិនិងចាប់ដំណើរការឡើងវិញនូវការចរចាសន្តិភាពក្នុងពេលឆាប់ៗជាដើម ។ លោក Emmanuel Macron ប្រធានាធិបតីបារាំងនិងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានសម្តែងថា "រីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីស្វែងរកមធ្យោបាយសម្រាប់ជំរុញការផ្សះផ្សានិងការចរចាសន្តិភាព" ។

    ជឿជាក់ថា ក្រោមការណែនាំរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងបារាំងនឹងឡើងដល់កម្រិតថ្មីថែមទៀត ក៏ដូចជានាំមកនូវទិដ្ឋភាពថ្មីក្នុងការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស