ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ជនក្បត់ជាតិដែលបានបំភ្លេចប្រវត្តិសាស្រ្តមុខជានឹងត្រូវផ្សារភ្ជាប់ជាមួយភាពអាម៉ាស់នៃប្រវត្តិសាស្ត្រជាមិនខាន
2023-04-06 11:55:31cri
Share with:

      ថ្ងៃទី៦ ខែមេសា ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់អាមេរិក លោកស្រីTsai Ing-wen អ្នកដឹកនាំនៃតំបន់ចិនតៃវ៉ាន់បានជួបសន្ទនាជាមួយលោក Kevin McCarthy ប្រធានសភាតំណាងរាស្ត្រអាមេរិក ។ នេះជាព្រឹតិ្តការណ៍បង្ករឿងផ្នែកនយោបាយមួយលើកទៀតដែលអាមេរិកនិងតៃវ៉ាន់ឃុបឃិតគ្នារៀបចំធ្វើ បន្ទាប់ពីលោកស្រី Pelosiធ្វើដំណើរទៅកាន់តៃវ៉ាន់កាលពីឆ្នាំមុន រឿងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយនិងការកំណត់នៃសេចកី្តប្រកាសរួមទាំង៣ច្បាប់រវាងចិននិងអាមេរិក បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន ក៏ដូចជាបានបញ្ចេញសញ្ញាខុសឆ្គងទៅកាន់កម្លាំងអបគមន៍របស់កោះតៃវ៉ាន់ផងដែរ ។ ប្រការនេះធ្វើឱ្យអ្នកផងមើលឃើញកាន់តែច្បាស់ថា ៖ បក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលជាអាជ្ញាធរតៃវ៉ាន់ប៉ុនប៉ង “ពឹងផ្អែកអាមេរិកដើម្បីស្វែងរកឱ្យតៃវ៉ាន់ឯករាជ្យ”ម្តងហើយម្តងទៀត រីឯអ្នកនយោបាយអាមេរិកមួយចំនួនក៏ស្វែងរក“ការទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដោយផ្ដោតលើបញ្ហាតៃវ៉ាន់” ប្រការទាំងនេះជាមូលហេតុពីឬគល់ដែលបណ្តាលឱ្យស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់កាន់តែតានតឹង ។

      បញ្ហាតៃវ៉ាន់ជាខ្លឹមសារសំខាន់នៃផលប្រយោជន៍ជាស្នូលរបស់ចិន ជាគ្រឹះមូលដ្ឋាននៃទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអាមេរិក ហើយក៏ជាខ្សែបន្ទាត់ក្រហមទីមួយដែលមិនអាចបំពានបានក្នុងទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ។ បើចង់ដោះស្រាយបញ្ហាតៃវ៉ាន់ឱ្យបានសមរម្យ គោលការណ៍ដ៏សំខាន់បំផុតគឺត្រូវប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ។ គោលការណ៍មួយនេះ ទទួលបានការបញ្ជាក់ក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៧១ គឺជាគំនិតឯកភាពរួមនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលត្រូវសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ។

      បន្ទាប់ពីលោកបៃឌិនឡើងកាន់មុខតំណែង រដ្ឋាភិបាលអាមេរិកបានសន្យាជាច្រើនលើកហើយថា មិនគាំទ្រ“តៃវ៉ាន់ឯករាជ្យ” មិនគាំទ្រ“ចិនពីរ”និង“ចិនមួយតៃវ៉ាន់មួយ” ។ ប៉ុន្តែ ទង្វើរបស់អាមេរិកតែងតែធ្វើតាមផ្លូវបញ្រ្ចាសជាមួយពាក្យសម្តី ពួកគេបានលេងល្បែងបង្ករឿងនិងបំផ្លិចបំផ្លាញគោលការណ៍ចិនតែមួយឥតឈប់ឈរ ។ ក្នុងនាមជាប្រធានសភាតំណាងរាស្ត្រនិងជាអ្នកនយោបាយលេខទីបីរបស់អាមេរិក លោក Kevin McCarthy ជួបសន្ទនាជាមួយលោកស្រីTsai Ing-wen ព្រឹតិ្តការណ៍នេះបានបំពានយ៉ាងធ្ងន់ធ្ងរលើពាក្យសន្យារបស់អាមេរិកចំពោះប្រទេសចិន ជាការបង្ករឿងខាងនយោបាយដោយចេតនាដែលប៉ុនប៉ងបង្កើនទំនាក់ទំនងផ្លូវការរវាងអាមេរិកនិងតៃវ៉ាន់ ក៏ដូចជាជំរុញការធ្វើកលល្បិច“ទប់ស្កាត់ចិនតាមរយៈការផ្តល់ការគាំទ្រដល់តៃវ៉ាន់ ” ។ ប្រការនេះពិតជានឹងនាំមកនូវផលវិបាកយ៉ាងខ្លាំងក្លាដល់សន្តិភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ទំនាក់ទំនងរវាងចិននិងអាមេរិក ក៏ដូចជាសណ្ដាប់ធ្នាប់អន្តរជាតិផងដែរ ។

      បើមើលពីអាជ្ញាធរតៃវ៉ាន់ គោលបំណងរបស់លោកស្រី Tsai Ing-wen ក្នុងការធ្វើដំណើរទៅកាន់អាមេរិកនិងជួបសន្ទនាជាមួយលោក Kevin McCarthy គឺឃោសនាបំប៉ោងពីគំនិតផ្តួចផ្តើមស្តីពី“តៃវ៉ាន់ឯករាជ្យ” និងលុតជង្គង់សុំការគាំទ្ររបស់កម្លាំងប្រឆាំងចិនក្នុងស្រុកអាមេរិក ក្រៅពីនេះ ក៏ចង់សម្តែងឆាកល្ខោនខាងនយោបាយផងដែរ ។ ពីព្រោះ នៅឆ្នាំក្រោយ លោកស្រី Tsai Ing-wen នឹងផុតអាណតិ្ត គាត់ចង់លើកស្ទួយសំឡេងរបស់បក្សវឌ្ឍនភាពប្រជាធិបតេយ្យតាមរយៈការធ្វើដំណើរទៅកាន់អាមេរិក ហើយក៏ប៉ុនប៉ងឱបភ្លៅជនជាតិអាមេរិក ដើម្បីស្វែងរកការធានាខាងសុវត្ថិភាពពីកម្លាំងខាងក្រៅ និងលើកទឹកចិត្តដល់កម្លាំងអបគមន៍ក្នុងកោះតៃវ៉ាន់ផងដែរ ។

      សូមបញ្ជាក់ថា តៃវ៉ាន់ជាចិនតៃវ៉ាន់ ការដោះស្រាយបញ្ហាតៃវ៉ាន់ជារឿងរបស់ប្រជាជនចិនខ្លួនឯង ។ មិនថាអាមេរិកនិងតៃវ៉ាន់ឃុបឃិតគ្នាតាមរបៀបយ៉ាងណាក៏ដោយ ក៏មិនអាចកែប្រែប្រវត្តិសាស្ត្រនិងការពិតផ្លូវច្បាស់ស្តីពីតៃវ៉ាន់ជាចំណែកមួយរបស់ចិននោះទេ វាមិនអាចរារាំងនិន្នាការប្រវតិ្តសាស្ត្រដែលចិននឹងសម្រេចបាននូវការបង្រួបបង្រួមជាតិទាំងស្រុងនោះឡើយ ក៏ដូចជាមិនអាចបដិសោធចំពោះស្ថានភាពជាទូទៅ ពោលគឺប្រទេសភាគច្រើនដាច់ខាតនៅលើពិភពលោកសុទ្ធតែទទួលស្គាល់និងគាំទ្រគោលការណ៍ចិនតែមួយ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស