ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានីយអ្នកកាសែតប្រចាំក្រុង Tegucigalpa នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គ្រប់មជ្ឈដ្ឋាននៃប្រទេសហុងឌូរ៉ាសរំពឹងថាប្រទេសទាំងពីរនឹងធ្វើការផ្លាស់ប្តូររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ
2023-03-29 16:10:32cri
Share with:


          ស្ថាប័នប្រព័ន្ធសារព័ត៌មានប្រចាំនៅហុងឌូរ៉ាសទីមួយរបស់ប្រទេសចិន ដែលទទួលបានការអនុញ្ញាតរួមពីក្រសួងនៃប្រទេសទាំងពីរចិននិងហុងឌូរ៉ាស  ពោលគឺ ស្ថានីយអ្នកកាសែតប្រចាំក្រុង Tegucigalpa  នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើពិធីបើកឱ្យដំណើរការនៅទីស្តីការប្រធានាធិបតីហុងឌូរ៉ាសនៅថ្ងៃទី ២៨ ខែមីនា តាមម៉ោងក្នុងតំបន់។ នេះជាស្ថានីយអ្នកកាសែតក្រៅប្រទេសចំនួនទី ១៩១  នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។

        ក្នុងពិធីនេះផងដែរ  អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិហុងឌូរ៉ាសបានចុះហត្ថលេខាលើលិខិតបញ្ជាក់ពីបំណងនៃការផ្លាស់ប្តូរនិងសហប្រតិបត្តិការ។ ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជា  ការបង្កើតស្ថាប័ន យន្តការសហប្រតិបត្តិការ  ខ្លឹមសារកម្មវិធី ការផ្លាស់ប្តូរបុគ្គល និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មជាដើម។ 

 

        ការិយាល័យព័ត៌មាននៃទីស្តីការប្រធានាធិបតីហុងឌូរ៉ាសបានផ្ញើលិខិតអបអរសាទរថា៖ «សូមចូលរួមអបអរសាទរដល់កាលៈទេសៈដែលមានលក្ខណៈជាប្រវត្តិសាស្ត្រមួយនេះ ដែលនឹងដឹកនាំឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរឈានទៅកាន់អនាគតកាន់តែភ្លឺស្វាង»។

         គួរបញ្ជាក់ថា សមាជិករដ្ឋសភា តំណាងមជ្ឈដ្ឋានប្រព័ន្ធសារព័ត៌មាន  វប្បធម៌និងសិល្បៈចំនួនជិតមួយរយនាក់របស់ហុងឌូរ៉ាសបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកនេះ ហើយប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ហុងឌូរ៉ាសជាច្រើនក៏បានផ្សព្វផ្សាយអំពីពិធីនេះផងដែរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស