កាលពីថ្ងៃទី ២២ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Seymour Hersh អ្នកសារព័ត៌មានស៊ើបអង្កេតជើងចាស់របស់អាមេរិកបានបង្ហោះសារម្តងទៀតនៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គមដោយអះអាងថា ការផ្សាយដំណឹងដែលថា "ក្រុមគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន"បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream គឺជាព័ត៌មានក្លែងក្លាយ ។ ព័ត៌មានក្លែងក្លាយនេះគឺ ស្ថាប័នស៊ើបការណ៍អាមេរិកទទួលបទបញ្ជាប្រឌិតនិងផ្សព្វផ្សាយដើម្បីលាក់បាំងការពិតជាក់ស្តែង ។
ការបែកធ្លាយអំពីរឿងនេះ បានដកស្រង់ពាក្យសម្តីរបស់ប្រភពព័ត៌មានការទូតឱ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់នៅសហរដ្ឋអាមេរិកកាលពីដើមខែនេះ លោកបានធ្វើការពិគ្រោះពិភាក្សាជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកអំពីហេតុការណ៍បំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ។ បន្ទាប់មក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA អាមេរិកបានសហការជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធអាល្លឺម៉ង់ក្នុងការប្រឌិត"រឿងរ៉ាវលើទំព័រមុខ"មួយ ដើម្បីលាក់បាំងការពិតជាក់ស្តែងនៃការបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ។
បើសិនជាការទម្លាយព័ត៌មានថ្មីបំផុតរបស់លោក Seymour Hersh ពិតជាបែបហ្នឹង នោះ អង្គការសហប្រជាជាតិកាន់តែចាំបាច់ត្រូវដឹកនាំការស៊ើបអង្កេតអន្តរជាតិចំពោះហេតុការណ៍បំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ដើម្បីធ្វើការស៊ើបអង្កេតរកការពិតយ៉ាងឆាប់រហ័ស ។ អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានបញ្ចប់ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ស្ទើរតែក្នុងពេលជាមួយគ្នានេះ កាសែត«ញូវយ៉កថាមស៍»របស់អាមេរិកនិងទស្សនាវដ្ដី«Die Zeit »របស់អាល្លឺម៉ង់បានផ្សាយដំណឹងអំពីបាតដៃខ្មៅនៅពីក្រោយហេតុការណ៍បំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream គឺ "ក្រុមគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន" ។ ទាក់ទិននឹងការទម្លាយព័ត៌មានថ្មីបំផុតរបស់លោក Seymour Hersh គឺគួឱ្យអ្នកផងទាំងពួងចោទជាមន្ទិលសង្ស័យដោយខានពុំបានថា តើនេះជារឿងចៃដន្យមែនទេ ?
ចំពោះបទរាយការណ៍ដែលជាអ្វីហៅថា "ក្រុមគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន"បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិNordStream សហគមន៍អន្តរជាតិបានលើកចម្ងល់ជាច្រើន។ លោកJeffrey Sachsសាស្ត្រាចារ្យនៃសកលវិទ្យាល័យColumbiaអាមេរិកយល់ឃើញថា ការងារដែលបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ"NorthStream"មានច្រើន ហើយមានតែអាមេរិកទេដែលមានទាំងបំណងនិងសមត្ថភាពក្នុងការអនុវត្តការបំផ្លិចបំផ្លាញលើកនេះ។វាអាចមើលឃើញថា បទរបាយការណ៍ពាក់ព័ន្ធនៃប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិងអាល្លឺម៉ង់ មិនអាចជឿទុកចិត្តទេ ប៉ុន្តែពួកគេត្រូវបានសង្ស័យថាបានបិទបាំងការពិតដែលបង្កើនភាពជឿជាក់នៃការទម្លាយរបស់Hersh។
បើមកមើលប្រតិកម្មរបស់រដ្ឋាភិបាលអាមេរិកវិញ គួរឱ្យសង្ស័យណាស់ ។ឥឡូវនេះ វាមានរយៈពេលមួយខែកន្លះហើយ ចាប់តាំងពីការទម្លាយជាលើកដំបូងរបស់លោកHersh ហើយក្រៅពីការបដិសេធសាមញ្ញ វ៉ាស៊ីនតោនបានរក្សាភាពស្ងៀមស្ងាត់រហូត។ ក្រៅពីភាពស្ងៀមស្ងាត់ អាមេរិកនៅតែព្យាយាមរារាំងការស៊ើបអង្កេតពាក់ព័ន្ធ។ មុនពេលនេះ រុស្ស៊ីបានដាក់ជូនសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តមួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានខ្លឹមសារថា ជំរុញឱ្យអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតអន្តរជាតិ។ប៉ុន្តែសមាជិកក្រុមប្រឹក្សាសន្តិសុខលោកខាងលិច ក្នុងនោះបូករួមទាំងអាមេរិកផងបានលើកឡើងនូវមតិប្រឆាំង។ ហេតុអ្វីបានជាអាមេរិកព្យាយាមរារាំងម្ល៉េះ?ឬក៏កំពុងតែស៊ីលៀសរអៀសខ្លួន?
ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ។ ប្រឈមមុខនឹងភស្តុតាងកាន់តែច្រើនឡើងៗ ការបដិសេធដ៏ងាយៗមួយម៉ាត់ របស់រដ្ឋាភិបាលអាមេរិក គឺមិនអាចយកជាការបានទេ។ ប្រសិនបើអាមេរិកពិតជាមានមនសិការច្បាស់លាស់ វាត្រូវឆ្លើយតបទៅនឹងចង្ងល់និងការព្រួយបារម្ភជាច្រើនរបស់សហគមន៍អន្តរជាតិមួយៗ ហើយនិងគាំទ្រអង្គការសហប្រជាជាតិក្នុងការដឹកនាំការស៊ើបអង្កេតអន្តរជាតិចំពោះហេតុការណ៍បំផ្ទុះបំពង់ឧស្ម័នNordStream ។បើមិនដូច្នេះទេ ភាពស្ងៀមស្ងាត់បែបនេះវាមិនខុសពីការទទួលស្គាល់ការពិតឡើយ៕