ល្ងាចថ្ងៃទី២១ ខែមីនាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការពិគ្រោះពិភាក្សាក្នុងក្របខណ្ឌធំជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីនៅវិមាន Kremlin ក្រុងមូស្គូ។
លោក Xi Jinping បានលើកឡើងថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងចិន-រុស្ស៊ីបានរក្សាភាពនឹងនរនិងអភិវឌ្ឍយ៉ាងល្អប្រសើរជារហូតមក ។ ប្រទេសទាំងពីរមានទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមក មានផលប្រយោជន៍ស៊ីចង្វាក់គ្នា ប្រជាជនតភ្ជាប់ដួងចិត្តគ្នាកាន់តែជ្រាលជ្រៅ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ វិនិយោគ ថាមពល វប្បធម៌មនុស្សជាតិ និងថ្នាក់មូលដ្ឋានជាដើមបានត្រូវជំរុញជាបន្តបន្ទាប់ ។កាលពីយប់មិញ និងព្រឹកមិញ ខ្ញុំបានផ្លាស់ប្តូរមតិយោបល់យ៉ាងល្អប្រសើរជាមួយលោកប្រធានាធិបតី Putin និងលោកនាយករដ្ឋមន្ត្រី Mishustin ហើយបានឈានដល់គំនិតឯកភាពសំខាន់ៗជាច្រើន។ វិស័យធ្វើកិច្ចសហប្រតិបត្តិការរវាងទ្វេភាគីកាន់តែច្រើន មតិឯកភាពក៏ត្រូវបានពង្រឹងបន្ថែមទៀត លទ្ធផលនៃកិច្ចសហប្រតិបត្តិការដំណាក់កាលមុនបានចេញជាផ្លែផ្កាហើយ ឯកិច្ចសហប្រតិបត្តិការកាន់តែច្រើនកំពុងអនុវត្តដោយគ្រប់ជ្រុងជ្រោយ។
ឆ្នាំនេះជាឆ្នាំដែលចិនចាប់ផ្តើមអនុវត្តដោយគ្រប់ជ្រុងជ្រោយចំពោះស្មារតីសមាជបក្សកុម្មុយនិស្តចិនលើកទី ២០ យើងនឹងពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ខិតខំជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយ។ ចំណែកភាគីរុស្ស៊ីក៏កំពុងជំរុញគោលដៅអភិវឌ្ឍន៍ជាតិមុនឆ្នាំ២០៣០ ផងដែរ ។ ភាគីទាំងពីរគួរបង្កើនការទាក់ទងគ្នា ធ្វើកិច្ចសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរឱ្យរីកចម្រើនថែមទៀត។ ខ្ញុំមានឆន្ទៈរួមជាមួយលោកប្រធានាធិបតី Putin ដើម្បីរៀបចំចាត់ចែងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញការស្តារនិងអភិវឌ្ឍរបស់ប្រទេសជាតិរៀងៗខ្លួន៕