ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “ប្រជាធិបតេយ្យបែបអាមេរិក”ដែលធ្វើឱ្យពិភពលោកមានភាពច្របូកច្របល់គួរតែបញ្ឈប់ទៅ!
2023-03-22 14:32:27cri
Share with:

ពេលថ្មីៗកន្លងទៅនេះ ឥស្សរជនប្រឆាំងសង្គ្រាមរាប់រយនាក់បានធ្វើមីទ្ទីងនៅទីលាន Lafayette ដែលស្ថិតនៅភាគខាងជើងសេតវិមាន ។ ពួកគេលើកពាក្យស្លោកដូចជា និយាយថា ទេ ចំពោះសង្គ្រាមឥតឈប់ឈររបស់អាមេរិក បញ្ឈប់ទម្លាក់ថវិកាសម្រាប់សង្គ្រាមនិង កសាងសាលារៀនតែមិនមែនផលិតគ្រាប់បែកជាដើម ដើម្បីដាស់តឿនឱ្យរដ្ឋាភិបាលអាមេរិកពិនិត្យកំហុសនៃសង្គ្រាមអ៊ីរ៉ាក់ ពោលគឺ បិទម៉ាស៊ីនសង្គ្រាម ចោលតែម្ដង។

កាលពីថ្ងៃទី២០ខែមីនា២០ឆ្នាំមុន សហរដ្ឋអាមេរិកបានយកអ្វីដែលហៅថា អ៊ីរ៉ាក់មានអាវុធប្រល័យលោកទ្រង់ទ្រាយធំធ្វើជាលេស ប្រមែប្រមូលសម្ព័ន្ធមិត្តលោកខាងលិចទៅឈ្លានពានអ៊ីរ៉ាក់ ដែលបានបណ្តាលឱ្យជនស៊ីវិលជាង២សែននាក់ស្លាប់និងប្រជាជនជាង៩លាននាក់ទៀតបាត់បង់ទីជម្រក ។ រយៈពេល២០ឆ្នាំបានកន្លងផុតទៅហើយ សហរដ្ឋអាមេរិកនៅតែមិនអាចផ្តល់ភស្តុតាងជាក់លាក់នោះឡើយ ។ ប៉ុន្តែអ៊ីរ៉ាក់ដែលជាប្រទេសអរិយធម៌បុរាណនេះបានរងការបំផ្លាញយ៉ាងខ្លាំងពីសង្គ្រាម ដែលក្លាយជាឆាកបង្ហាញពីការប្រព្រឹត្តអំពើអាក្រក់នៃ ប្រជាធិបតេយ្យបែបអាមេរិក ។

រយៈពេល២០ឆ្នាំគឺយូរណាស់សម្រាប់អ្នកបំផុសសង្គ្រាមទៅពិនិត្យកំហុសឡើងវិញ ។ ប៉ុន្តែសហរដ្ឋអាមេរិកមិនត្រឹមតែមិនអើពើសេចក្ដីឈឺចាប់របស់ប្រជាជនអ៊ីរ៉ាក់ប៉ុណ្ណោះទេ ថែមទាំងក៏បន្តបង្ករឿងហេតុនៅទូទាំងពិភពលោកដោយយកប្រជាធិបតេយ្យធ្វើជាលេស ។ នៅថ្ងៃទី២០ខែមីនាឆ្នាំ២០២៣ ក្រសួងការបរទេសចិនបានចេញផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកប្រចាំឆ្នាំ២០២២ ដោយលាតត្រដាងពីស្ថានភាពរញ៉េរញ៉ៃខាងប្រជាធិបតេយ្យក្នុងស្រុកអាមេរិក ព្រមទាំងការដែលអាមេរិកបង្ខំលើកបន្តុបប្រជាធិបតេយ្យរបស់ខ្លួនទៅលើអ្នកដទៃដែលបណ្តាលឱ្យកើតមានភាពច្របូកច្របល់និងគ្រោះមហន្តរាយលើទូទាំងពិភពលោក ដូច្នេះ បានធ្វើឱ្យមនុស្សគ្រប់គ្នាមើលឃើញកាន់តែច្បាស់ពីមុខមាត់ពិតប្រាកដនៃ ប្រជាធិបតេយ្យបែបសហរដ្ឋអាមេរិកថែមមួយកម្រិតទៀត ។ 

របាយការណ៍បានលើកឡើងថា សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ ការប្រកួតប្រជែងរវាងបក្សទាំងពីរបានបង្កើនភាពជ្រុលនិយមខាងនយោបាយ នយោបាយប្រើប្រាស់លុយកាក់មានភាពកាន់តែខ្លាំងឡើងៗ សេរីភាពបញ្ចេញមតិមានតែឈ្មោះប៉ុណ្ណោះ ប្រព័ន្ធផ្លូវច្បាប់មិនអើពើប្រជាមតិ ហើយប្រជាពលរដ្ឋកាន់តែអស់សង្ឃឹមចំពោះ ប្រជាធិបតេយ្យបែបអាមេរិក ។ ប៉ុន្តែ គឺប្រទេសដែលមានគុណវិបត្តិជាច្រើនបែបនេះ តែងតែប៉ុនប៉ងធ្វើជាអ្នកប្រៀនប្រដៅខាងប្រជាធិបតេយ្យ ដោយប្រើសន្លឹកបៀចំនួនបី គឺសង្គ្រាម ការដាក់ទណ្ឌកម្មនិងប្រឌិតរឿងរ៉ាវស្តីពី ប្រជាធិបតេយ្យទប់ទល់នឹងអំណាចខ្លាំង ដើម្បីគាបសង្កត់ទៅលើប្រទេសដទៃទៀតនិងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាមានចេតនាបង្កភាពចលាចលនៅទូទាំងពិភពលោក ។

ពេលថ្មីៗកន្លងទៅនេះ លោក Iyad Allawi អតីតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់អ៊ីរ៉ាក់បានរិះគន់នៅពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា អ្វីដែលហៅថា ប្រជាធិបតេយ្យបែបអាមេរិកនៅអ៊ីរ៉ាក់ គឺបម្រើតែផលប្រយោជន៍របស់អាមេរិក តែមិនមែនផលប្រយោជន៍របស់ជនជាតិអ៊ីរ៉ាក់ទេ ។ 

លោក Powell អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកធ្លាប់ទទួលស្គាល់ថា សុន្ទរកថាអំពីអ្វីដែលហៅថា អ៊ីរ៉ាក់មានអាវុធប្រល័យលោកទ្រង់ទ្រាយធំដែលលោកបានថ្លែងក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំ២០០៣នោះគឺជា ស្នាមប្រឡាក់មួយក្នុងជីវប្រវត្តិរបស់លោក ។ បន្ទាប់ពីធ្វើសង្គ្រាមនៅអ៊ីរ៉ាក់អស់រយៈពេល២០ឆ្នាំ អ្នកនយោបាយអាមេរិកគួរតែពិនិត្យកំហុសរបស់ខ្លួនឱ្យស៊ីជម្រៅ បញ្ឈប់បង្ករឿងហេតុនៅគ្រប់ទីកន្លែងលើពិភពលោកដោយយក ប្រជាធិបតេយ្យធ្វើជាលេស កុំបន្សល់ទុក ស្នាមប្រឡាក់ដែលមានឈាមស្រស់ពាសពេញពិភពលោកឱ្យសោះ ៕

 

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស