លោកស្រី Hu Pingping អ្នកកាសែតនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)៖ លោក Xi Jinping បានលើកឡើងនូវទស្សនៈសហគមន៍រួមវាសនានៃមនុស្សជាតិជាលើកទីមួយនៅឆ្នាំ ២០១៣ ។ ឆ្នាំ២០២៣នេះជាខួប១០ឆ្នាំនៃការលើកឡើងនៃគំនិតនេះ តើលោកប្រធានាធិបតីវាយតម្លៃយ៉ាងម៉េចចំពោះគំនិតនេះ?
លោក Arif Alvi ប្រធានាធិបតីប៉ាគីស្ថាន៖ ខ្ញុំសម្គាល់ថា នៅលើពិភពលោកនេះកម្រឃើញមាននរណារុករកគោលដៅសម្រាប់មនុស្សជាតិទាំងអស់ណាស់ ជាទូទៅផ្តោតសំខាន់តែលើគោលដៅរបស់ខ្លួននិងអនាគតរបស់ខ្លួន។ ប៉ុន្តែនៅ២០ ឬ ៣០ឆ្នាំកន្លងមក សភាពការណ៍នេះបានត្រូវកែប្រែជាបណ្តើៗ សហគមន៍អន្តរជាតិបានយល់ឃើញរួចហើយថាកិច្ចការជាច្រើនត្រូវការសហប្រតិបត្តិការពីគ្រប់ភាគីទើបអាចធ្វើបាន។ កាលណាអ្នកផងទាំងពួងខិតខំរួមគ្នា យើងអាចឆ្លងផុតព្រំដែននៃបញ្ហាតាមផ្នែកនិងផលប្រយោជន៍ផ្ទាល់ខ្លួន គិតគូរចំពោះអន្តរជាតិ។ ឧបមាថា បញ្ហាបរិស្ថានជាសកលនិងបញ្ហាបញ្ចេញឧស្ម័នកាបូនិក មានតែពិភពលោកខិតខំរួមគ្នាទើបអាចដោះស្រាយបាន។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះកម្លាំងនិងកម្រិតធ្វើកិច្ចសហប្រតិបត្តិការជាសកលនៅមិនគ្រប់គ្រាន់ឡើយ។ យើងបានឃើញហើយ ប៉ុន្មានឆ្នាំចុងក្រោយនេះប៉ាគីស្ថានបានរងភាពប៉ះពាល់ខ្លាំងពីបញ្ហាជាច្រើនទាំងទឹកជំនន់ អាកាសធាតុសកលកាន់តែក្តៅឡើងជាដើម ទោះបីជាប៉ាគីស្ថានបញ្ចេញឧស្ម័នកាបូនិកចំនួនតិចក្តី ប៉ុន្តែបានក្លាយជាប្រទេសរងគ្រោះពីការបំផ្លាញបរិស្ថាននៃពិភពលោក។ ខ្ញុំយល់ឃើញថាប្រទេសចិនកំពុងដឹកនាំការអភិវឌ្ឍជាសកលដោយរបៀបដ៏ឆ្នើម។ប្រទេសចិនបានបង្ហាញនូវសមទ្ធិផលដ៏អស្ចារ្យក្នុងវិស័យមួយទៀតនោះគឺដឹកនាំប្រជាជនចេញផុតពីភាពក្រីក្រ។ ជោគជ័យរបស់ចិនក្នុងវិស័យនេះជាគំរូរបស់ប៉ាគីស្ថាននិងពិភពលោក អ្នកទាំងអស់បាននិងកំពុងរៀនបទពិសោធន៍ពាក់ព័ន្ធពីប្រទេសចិន។ ឧទាហរណ៍មួយទៀត ប្រទេសចិនបានតម្កល់ទុកការអប់រំ និងសុខភាពរបស់មហាជនក្នុងកម្រិតដ៏សំខាន់ ប៉ាគីស្ថានក៏កំពុងខិតខំតស៊ូក្នុងវិស័យនេះដែរ។ នៅពេលអនាគតយើងមិនគ្រាន់តែត្រូវការចក្ខុវិស័យប្រទេសមួយតែប៉ុណ្ណោះទេ កាន់តែត្រូវការចក្ខុវិស័យជាសកល។ ប្រទេសនីមួយៗត្រូវគិតពិចារណាដល់ផលប្រយោជន៍របស់ខ្លួន ប៉ុន្តែផលប្រយោជន៍រួមជាសកលមិនត្រូវមើលរំលងឡើយ៕