ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើប្រទេសដែលតែងអួតអាងថាខ្លួនជា«បិតាប្រជាធិបតេយ្យ»ពិតជាបានតម្កល់អាយុជីវិតជាចម្បងមែនទេ ?
2023-03-18 14:45:17cri
Share with:


តាំងតែពីដើមមក ប្រទេសលោកខាងលិចមួយចំនួន ពិសេសសហរដ្ឋអាមេរិកតែងប្រកាសប្រាប់ពិភពលោកថាខ្លួនជា«បិតាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» ហើយដើររិះគន់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យរបស់ប្រទេសដែលមិនស្តាប់តាមបង្គាប់ខ្លួន ។ ជាងនេះទៅទៀត សឹងតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសនេះប្រទេសនោះក្រោមលេស«រំលោភសិទ្ធិមនុស្ស»ឬ«គ្មានប្រជាធិបតេយ្យ»ជាដើម ។

 

តើអាយុជីវិតរបស់ប្រជាជនអាមេរិកពិតជាទទួលបានការការពារដូចការអះអាងរបស់អ្នកនយោបាយមែនទេ ? ជាបឋម យើងមកមើលពីករណីបាញ់ប្រហារដែលកើតឡើងជារឿយៗនៅសហរដ្ឋអាមេរិក ។

 

អាមេរិកជាប្រទេសដែលកើតមានករណីបាញ់ប្រហារច្រើនបំផុតលើពិភពលោក ដែលមួយឆ្នាំៗបានបណ្តាលឱ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិតដោយគ្រោះអកុសលដែលបង្កដោយមនុស្ស ។ គ្រាន់តែរយៈពេលពីរខែក្នុងឆ្នាំ ២០២៣ នេះ គិតជាមធ្យមក្នុងមួយថ្ងៃក៏មានមនុស្សលើសពី ១០០ នាក់ត្រូវស្លាប់បាត់បង់ជីវិតក្នុងករណីបាញ់ប្រហារ ។ ភាពអនាធិបតេយ្យនៃការប្រើប្រាស់កាំភ្លើងបានក្លាយជាទម្លាប់ប្រចាំថ្ងៃមួយរបស់ពលរដ្ឋអាមេរិកទៅហើយ ចំណែកឯការដាក់ចេញច្បាប់គ្រប់គ្រងកាំភ្លើងដែលអូសបន្លាយពីមួយអាណត្តិទៅមួយអាណត្តិក៏ពុំឃើញមានប្រសិទ្ធភាពអ្វីឡើយ ។

 

ឧទាហរណ៍មួយទៀតគឺករណីជំងឺកូវីដ-១៩ ។ យើងបានសង្កេតឃើញថា បន្ទាប់ពីផ្ទុះរាលដាលជំងឺរាតត្បាតនេះមក ប្រទេសចិនជាអ្នករងគ្រោះធ្ងន់បំផុតនិងដំបូងបង្អស់ ប៉ុន្តែវិធានការបង្ការនិងគ្រប់គ្រងរបស់ប្រទេសចិន បានទប់ស្កាត់ដោយមានប្រសិទ្ធភាពនិងទាន់ពេលវេលានូវការរីករាលដាលខ្លាំងនៃជំងឺឆ្លង ដែលបានកាត់ផ្តាច់ខ្សែសង្វាក់ចម្លង និងខិតខំរិះរកគ្រប់មធ្យោបាយដើម្បីការពារអាយុជីវិតរបស់ប្រជាជន ។ ក្នុងរយៈពេលជាងបីឆ្នាំកន្លងមក អត្រាឆ្លងនិងអត្រាស្លាប់ដោយសារជំងឺកូវីដ-១៩នៅប្រទេសចិនគឺតិចជាងប្រទេសលោកខាងលិចយ៉ាងច្រើន ។

 

ងាកមកមើលអាមេរិកវិញ ពិតមែនតែមានបច្ចេសវិទ្យាជឿនលឿនបំផុត សម្ភារៈវេជ្ជសាស្ត្រទំនើបបំផុត និងប្រព័ន្ធសុខាភិបាលដែលមានកម្រិតខ្ពស់បំផុត ក៏ប៉ុន្តែភាពអសកម្មនិងអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺឆ្លង បានបណ្តាលឱ្យមានករណីស្លាប់បាត់បង់ជីវិតច្រើនបំផុតនៅលើពិភពលោក ។

 

ដោយឡែក ក្នុងការចែកចាយវ៉ាក់សាំងវិញ ប្រទេសចិនជាអ្នកលើកឡើងមុនគេបង្អស់ថាត្រូវចាត់ទុកវ៉ាក់សាំងជាផលិតផលសាធារណៈដើម្បីចែកចាយវ៉ាក់សាំងឱ្យស្មើភាព ជាពិសេសដើម្បីឱ្យប្រទេសមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានវ៉ាក់សាំងដើម្បីសង្គ្រោះអាយុជីវិតប្រជាជនឱ្យបានច្រើនតាមតែអាចធ្វើទៅបាន តែបស្ចិមប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកវិញបែរជាស្តុកទុកវ៉ាក់សាំងរហូតដល់ហួសដឺឡេក៏មាន ។

 

ករណីមួយទៀត គឺក្នុងពេលកើតមានឧប្បត្តិហេតុរថភ្លើងរអិលធ្លាក់ចេញពីផ្លូវនៅរដ្ឋ Ohio សហរដ្ឋអាមេរិកកាលពីពេលកន្លងទៅនេះ ដែលបណ្តាលឱ្យលេចធ្លាយសារធាតុគីមីពុលដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើនក្នុងតំបន់ស្រាប់តែកើតមានជំងឺដោយមិនដឹងមូលហេតុ ហើយខណៈពេលដែលប្រជាពលរដ្ឋទាមទារឱ្យមានការបកស្រាយពីរឿងនេះ រដ្ឋបាលតំបន់បែរជានិយាយថាវាជា«រឿងសម្ងាត់» មិនអាចពន្យល់បានទេ ។ នេះឬជាសេរីភាពដែលបានលើកឡើងក្នុងសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ?

 

តាមរយៈឧទាហរណ៍មួយចំនួនដូចខាងលើ គេនឹងចោទជាចម្ងល់ថា តើនេះឬជាអាកប្បកិរិយាទទួលខុសត្រូវរបស់ប្រទេសដែលអះអាងថា«ឱ្យតម្លៃបំផុតចំពោះសិទ្ធិមនុស្ស និងតម្កល់ទុកប្រជាជនជាអាទិភាព» ? តើអ្នកនយោបាយដែលអួតអាងថាជា«បិតាប្រជាធិបតេយ្យ»ឬ«បិតាសិទ្ធិមនុស្ស»បានធ្វើអ្វីខ្លះដើម្បីការពារអាយុជីវិតរបស់ប្រជាជនឱ្យប្រាកដ ?

 

តាំងពីដើមមក អ្នកនយោបាយអាមេរិកបានប្រកាន់ខ្ជាប់នូវគោលនយោបាយ«អាមេរិកជាអាទិភាព» តែអាទិភាពនេះមិនមែនជាអាទិភាពរបស់ប្រជាជនទេ គឺជាអាទិភាពរបស់អ្នកនយោបាយ ។ ដើម្បីបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន អ្នកនយោបាយអាមេរិកមិនដែលយកភ្នែកទៅមើលសុខទុក្ខរបស់ប្រជាជននៃប្រទេសដទៃឡើយ មានតែការរិះគន់ឬសឹងតែជាន់ពន្លិចបន្ថែម ។ តួយ៉ាងដូចជាការដាក់ទណ្ឌកម្មចំពោះប្រទេសដែលកំពុងកើតមានវិបត្តិស្រាប់ ។

 

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ការការពារ«សិទ្ធិមនុស្ស» គឺត្រូវឈរលើមូលដ្ឋាននៃសិទ្ធិរស់រានមានជីវិត បើសូម្បីតែការរស់រានមានជីវិតក៏មិនអាចទទួលបានការធានាផង ទៅនិយាយអីដល់សិទ្ធិដទៃទៀតនោះ ? ក្នុងន័យនេះ  «ការតម្កល់ប្រជាជនជាស្នូល , តម្កល់ប្រជាជនជាអាទិភាព» មិនមែនជាគោលនយោបាយជាតិដែលធ្វើឱ្យតែល្អមើលឬនិយាយឱ្យបានតែរួចពីមាត់នោះទេ ពោលគឺត្រូវយកការអនុវត្តជាក់ស្តែងដើម្បីគាំពារអាយុជីវិតជាចម្បង នោះទើបជាការគោរពប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដោយពិតប្រាកដ ៕

 

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន  

អ្នកបកប្រែ:李庆莉
ប្លុកពិសេស