ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការចូលរួមចំណែករបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ១៩មិនអាចលុបបំបាត់បានទេ
2023-03-18 19:54:41cri
Share with:


     ជំងឺកូវីដ១៩ គឺជាជំងឺរាតត្បាតសកល ដែលបានបង្ករជាផលប៉ះពាល់យ៉ាងទូលំទូលាយបំផុតដែលមនុស្សជាតិបានជួបប្រទះក្នុងរយៈពេល១សតវត្សរ៍កន្លងមក  បានបណ្តាលឱ្យមានការគំរាមកំហែងយ៉ាងខ្លាំងចំពោះសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់មនុស្សជាតិហើយវាក៏ជាវិបត្តិយ៉ាងធ្ងន់ធ្ងរនិងការសាកល្បងយ៉ាងតឹងរ៉ឹងមួយលើកសម្រាប់ពិភពលោកទាំងមូលផងដែរ។

     រយៈពេល៣ឆ្នាំចុងក្រោយនេះ  ជានិច្ចកាលរដ្ឋាភិបាលចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍តម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បង។  យោងតាមសភាពការណ៍ជាតិរបស់ខ្លួន បានដាក់ចេញគោលនយោបាយបង្ការជំងឺរាតត្បាតដែលសមស្របនឹងផលប្រយោជន៍របស់ប្រជាជនដ៏ទូលំទូលាយបំផុត  បានជៀសវាងដោយជោគជ័យនូវការរីករាលដាលយ៉ាងទូលំទូលាយនៃវីរុសកូវីដដើម និងវីរុសកូវីដ១៩បម្លែងថ្មីDelta ដែលមានសមត្ថភាពចម្លងខ្លាំង   ការរីករាលដាលនៃជំងឺកូវីដ១៩និងចំនួនអ្នកស្លាប់បានស្ថិតក្នុងកម្រិតទាបបំផុតក្នុងពិភពលោក  បានការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា កាត់បន្ថយផលប៉ះពាល់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃជំងឺរាតត្បាតក្នុងកម្រិតអតិបរមា។ អាយុកាលរំពឹងទុកជាមធ្យមរបស់ប្រជាជនចិនបានកើនឡើងពី៧៧,៣ឆ្នាំនៅឆ្នាំ២០១៩ដល់៧៨,២ឆ្នាំនៅឆ្នាំ២០២១។ ការធ្វើការចាត់ចែងរៀបចំប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ទទួលបានសមិទ្ធផលវិជ្ជមានយ៉ាងខ្លាំង។

         រយៈពេល៣ឆ្នាំចុងក្រោយនេះ ការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ របស់ពួកយើងមិនដែលឈប់ទេ។ រហូតដល់ពេលបច្ចុប្បន្ននេះ  វីរុសបានមានភាពខ្សោយ  ប៉ុន្តែយើងមានខ្លាំងវិញ។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ  ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់បានរួមសុខរួមទុក្ខជាមួយគ្នា   ដោយបង្កើតស្មារតីដ៏អស្ចារ្យក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ។ ការសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ បានក្លាយជាការចងចាំរួមរបស់ប្រជាជាតិចិន។

     នៅដើមឆ្នាំ២០២០   ពេលប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ដែលផ្ទុះឡើងដោយទាន់ហន់ណាស់  ក្រោមការបញ្ជាផ្ទាល់របស់លោកXi Jinpingមេដឹកនាំកំពូលរបស់ប្រទេសចិន  រដ្ឋាភិបាលចិនបានអនុវត្តវិធានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយទាន់ពេលវេលាដែលបានកាត់ផ្តាច់ខ្សែសង្វាក់នៃការចម្លងវីរុសប្រកបដោយប្រសិទ្ធភាព ដណ្ដើមបានពេលវេលាដ៏មានតម្លៃសម្រាប់ការស្រាវជ្រាវ ផលិតនិងប្រើប្រាស់វ៉ាក់សាំងនិងឱសថ ព្រមនិងការត្រៀមរៀបចំធនធានវេជ្ជសាស្រ្ដ  ហើយបានក្លាយជាខ្សែការពារដំបូងរបស់ពិភពលោកក្នុងការទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩។   លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិធ្លាប់បានវាយតម្លៃថា  រាល់ការពលីទាំងអស់របស់ប្រជាជនចិនដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩  គឺជាការរួមចំណែកដ៏មហាអស្ចារ្យ សម្រាប់មនុស្សជាតិទាំងមូល។

     ព្រមពេលជាមួយគ្នានេះ   ប្រទសចិនប្រកាន់ខ្ជាប់គោលការណ៍ស្តីពីការបើកចំហ មានតម្លាភាពនិងទទួលខុសត្រូវ  បានជូនដំណឹងអំពីសភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩ទៅកាន់អង្គការសុខភាពពិភពលោកដោយទាន់ហេតុការណ៍ ចែករំលែកលំដាប់ហ្សែននៃវីរុសកូវីដ១៩ជាមួយពិភពលោកដោយភ្លាមៗ និងចាប់ផ្តើមកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកអ្នកជំនាញក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ដោយទាន់ពេលវេលា។

         នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២០  ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនជួយកម្ពុជា បានយកសម្ភារៈបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ទៅដល់រាជធានីភ្នំពេញប្រទសកម្ពុជា  ដែលទទួលបាននូវការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ឥស្សរជនគ្រប់មជ្ឈដ្ឋានប្រទេសកម្ពុជា។  នៅពេលមើលការផ្សាយផ្ទាល់  អ្នកលេងបណ្តាញអ៊ីនធឺណេតកម្ពុជា បាននាំគ្នាកោតសរសើរ ហើយបញ្ចេញមតិថាសូមអរគុណរដ្ឋាភិបាលចិននិងប្រជាជនចិន

       ប្រទេសដែលទទួលបានជំនួយពីប្រទេសចិនមិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ។ រហូតដល់ខែមករា ឆ្នាំ២០២៣  ប្រទេសចិនបានផ្តល់សម្ភារៈទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩សរុបរាប់រយពាន់លានដល់១៥៣ប្រទេសនិងអង្គការអន្តរជាតិចំនួន១៥   បានរួមគ្នារៀបចំសកម្មភាពផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា ដូចជាការបង្ការនិងគ្រប់គ្រងការីករាលដាលនៃជំងឺកូវីដ១៩និងជួយសង្គ្រោះសុខាភិបាលជាដើមជាមួយ១៨០ប្រទេសនិងតំបន់ និងអង្គការអន្តរជាតិចំនួនជាង១០   បានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ចំនួន៣៧ក្រុមទៅកាន់៣៤ប្រទេស។  ព្រមពេលជាមួយគ្នានេះ    ប្រទេសចិនបានផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ចំនួនជាង២ពាន់២រយលានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង១២០។

      ប្រទេសចិនធ្វើបែបនេះ  គឺមិនត្រឹមតែជួយសង្គ្រោះជីវិតដោយឈរលើស្មារតីមនុស្សធម៌តែប៉ុណ្ណោះទេ   ថែមទាំងអនុវត្តគោលគំនិតនៃសហគមន៍រួមវាសនារបស់មនុស្សជាតិដែលលើកឡើងដោយលោកXiJinpingប្រធានរដ្ឋចិនដោយសកម្មភាពជាក់ស្តែង បានបង្ហាញពីទំនួលខុសត្រូវចំពោះសន្តិសុខសុខាភិភាពសាធារណៈសកលនិងការអភិវឌ្ឍរបស់មនុស្សជាតិ។

      គោលនយោបាយ"សូន្យថាមវន្ត"គឺជាការច្នៃប្រឌិតថ្មីមួយក្នុងគោលនយោបាយបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩របស់ប្រទេសចិន។ ស្របតាមវីរុសកូវីដ១៩បម្លែងថ្មីអូមីក្រុងក្លាយទៅជាវីរុសរីករាលដាលចម្បងនៅឆ្នាំ២០២១និងឆ្នាំ២០២២  ជានិច្ចកាលប្រទេសចិនប្រកាន់ខ្ជាប់នូវការវាយតម្លៃចំពោះការពិតយ៉ាងសកម្ម ហើយកែសម្រួលគោលនយោបាយបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ដោយថាមវន្ត ។ ចាប់តាំងពីរយៈពេលដំបូងនៃការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ១៩  ប្រទេសចិនបានដាក់បញ្ចូលវាជាជំងឺឆ្លងថ្នាក់B ហើយបានចាត់វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងថ្នាក់A   ដល់រយៈពេល៣ឆ្នាំចុងក្រោយនេះ  ប្រទេសចិនបានកំណត់គម្រោងបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩  គម្រោងវិនិច្ឆ័យ និងព្យាបាលជំងឺកូវីដ១៩ចំនួន៩ជាបន្តបន្ទាប់  ព្រមទាំងបានដាក់ចេញវិធានការកែសម្រួលចំនួន២០និងវិធានការថ្មីចំនួន១០  រហូតដល់ថ្ងៃទី៨ខែមករាឆ្នាំ២០២៣  ក្រោមសភាពការណ៍ដែលសមត្ថភាពចម្លងវីរុសកូវីដ១៩បម្លែងថ្មីអូមីក្រុងត្រូវបានចុះខ្សោយយ៉ាងជាក់លាក់  ប្រទេសចិនបានកែសម្រួលកម្រិតឆ្លងវីរុសកូវីដ១៩ពី"ថ្នាក់Bនិងគ្រប់គ្រងតាមថ្នាក់A"ទៅជា"ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B"  លែងអនុវត្តវិធានការគ្រប់គ្រងជំងឺឆ្លងនិងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរនិងទំនិញចូលដែនទៀតហើយ។  រាល់វិធានការបង្ការនិងគ្រប់គ្រងដែលប្រទេសចិនបានអនុវត្តទៅតាមពេលវេលានិងស្ថានភាព សុទ្ធតែដើម្បីការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា និងកាត់បន្ថយក្នុងកម្រិតអតិបរមានូវផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមផងដែរ។

       ក្នុងរយៈពេល៣ឆ្នាំនៃការរីករាលដាលនៃជំងឺកូវីដ១៩   សេដ្ឋកិច្ចពិភពលោកបានរងផលប៉ះពាល់យ៉ាងខ្លាំង។  ចំណែកប្រទេសចិនវិញ បានដើរតាមផ្លូវដែលអាចបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពខ្ពស់   ហើយក៏អាចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមផងដែរ   ដូច្នេះចិនបានក្លាយជា“ក្បាលម៉ាស៊ីន”នៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។  មជ្ឈដ្ឋានមតិក្នុងស្រុកនិងអន្តរជាតិសម្គាល់ឃើញជាទូទៅថា  ឆ្នាំនេះដំណើរសេដ្ឋកិច្ចរបស់ចិនត្រូវបានរំពឹងថានឹងកើនឡើងជាទូទៅ។  ធនាគារវិនិយោគនិងគ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសជាច្រើនបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ។ លោកBrendeប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងកាលពីប៉ុន្មានថ្ងៃមុនថា ការកែសម្រួលគោលនយោបាយបង្ការជំងឺកូវីដ១៩របស់ប្រទេសចិន   នឹងជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត និងមានអំណោយផលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិសម្គាល់ឃើញថា   នៅឆ្នាំ២០២៣   សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើងជាលំដាប់   ហើយនឹងក្លាយជាកត្តាវិជ្ជមានដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ចពិភពលោក។

      ក្នុងរយៈពេល៣ឆ្នាំកន្លងមកដូចគ្នានេះ  ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ផ្ទុះឡើងជាដំបូង  រដ្ឋាភិបាលអាមេរិកបានមានភាពអសកម្មនិងយឺតយ៉ាវ  រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋប្រយុទ្ធគ្នាដោយបើកចំហនិងសម្ងាត់  បក្សទាំង២តទល់គ្នាទៅវិញទៅមក អ្នកនយោបាយវីវក់ក្នុងការអូសទាញសន្លឹកឆ្នោតនិងរកលុយ ។ ដោយសារតែភាពអសកម្មនិងទង្វើផ្តេសផ្តាសរបស់រដ្ឋាភិបាលអាមេរិក  បានជាវីរុសកូវីដ១៩បម្លែងថ្មីស្ទើរតែគ្រប់ប្រភេទបានវាយលុកនៅក្នុងអាមេរិក  ដែលបណ្តាលឱ្យមនុស្សជាង១រយលាននាក់ឆ្លងជំងឺកូវីដ១៩ស្លាប់ជាង១លាន៨ម៉ឺននាក់ និងមានកុមារចំនួន២សែន៥ម៉ឺននាក់ក្លាយជាកុមារកំព្រាដែលកម្រិតសោកនាដកម្មជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក។ នៅឆ្នាំ២០២១ អាយុកាលរំពឹងទុកជាមធ្យមរបស់ប្រជាជនអាមារិកបានបន្តធ្លាក់ចុះដល់៧៦.៤ឆ្នាំ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៩៦មក។

      ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ  គោលនយោបាយបង្ការការរីករាលដាលនៃជំងឺកូវីដ១៩បែបអសកម្មរបស់អាមេរិក  បានបណ្តាលឱ្យវីរុសរីករាលដាលនៅពេញពិភពលោកដែលបង្កឱ្យមានការគំរាមកំហែងយ៉ាងខ្លាំងដល់អាយុជីវិតនិងសុខភាពរបស់ប្រជាជនទូទាំងពិភពលោក។ តាមស្ថិតិបង្ហាញឱ្យឃើញថា  ចាប់ពីខែមេសាឆ្នាំ២០២០ដល់ខែមីនាឆ្នាំ២០២១  ប្រជាពលរដ្ឋអាមេរិកសរុបចំនួន២៣លាន១សែន៩ម៉ឺន៥ពាន់នាក់បានធ្វើដំណើរទៅក្រៅប្រទេសដោយមានគោលដៅនៅទូទាំងពិភពលោក។ ទន្ទឹមនឹងការនេះ អាមេរិកបានព្រងើយកន្តើយនឹងក្រមសីលធម៌សច្ចធម៌អន្តរជាតិ បានធ្វើការបណ្ដេញចេញជនអន្តោប្រវេសន៍ខុសច្បាប់វិញក្នុងទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាអាមេរិកឡាទីនជាដើមកាន់តែខ្លាំងក្លា។  ចំណុចទាំងអស់នេះបានកើតឡើងនៅរយៈពេលដែលវីរុសកូវីដ១៩មានជាតិពុលខ្លាំងនិងមានអត្រាស្លាប់ខ្ពស់។ អាមេរិកគួរមានទំនួលខុសត្រូវដែលមិនអាចរុញច្រានចោលពីការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងពិភពលោកទាំងមូល។

       លើសពីនេះទៀត  ដើម្បីបិទបាំងការបរាជ័យរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩  អាមេរិកបានច្រានចោលទំនួលខុសត្រូវឥតឈប់ឈរ ហើយរំខានដល់សណ្តាប់ធ្នាប់អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ ចាប់ពីការលួចប្លន់សម្ភារៈបង្ការការរីករាលដាលនៃជំងឺកូវីដ១៩នៅរយៈពេលដំបូង "កាត់ផ្តាច់"ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក   ទប់ស្កាត់ការស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំងរបស់ប្រទេសដទៃ  ដល់ការរៀបចំ"យកប្រភពវីរុសធ្វើជាបញ្ហានយោបាយ" ដែលប៉ុនប៉ងចង់លាបពណ៌សមិទ្ធផលប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩របស់ប្រទេសចិន  បន្តធ្វើឱ្យការរីករាលដាលនៃជំងឺកូវីដ១៩ក្លាយជាបញ្ហានយោបាយមកផ្ទេរទំនាស់ ដែលបំផ្លាញកម្លាំងរួមរបស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

      បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩អស់រយៈពេល៣ឆ្នាំនេះ  បណ្តាប្រទេសនៅលើពិភពលោកសុទ្ធតែបានឃើញលទ្ធផលខុសគ្នានៃប្រទេសចិននិងអាមេរិកដែលជាមហាអំណាចទាំង២នៅក្នុង"ការសាកល្បងដ៏ធំ"ក្នុងសតវត្សនេះ។  ក្នុងនាមជា"សិស្សអន់ខ្សោយ"អាមេរិកគួរតែគិតពិចារណាឡើងវិញចំពោះទង្វើរបស់ខ្លួន   ការពឹងលើការច្រានចោលទំនួលខុសត្រូវ គឺទៅមិនរួចទេ។  ការចូលរួមចំណែករបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាកនៃជំងឺកូវីដ១៩ដល់ពិភពលោក គឺមិនអាចលុបបំបាត់ចោលដោយប្រទេសណាមួយឬនរណាម្នាក់បានទេ!

អ្នកបកប្រែ:冯辉
ប្លុកពិសេស