ថ្ងៃទី១៥ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយពិភពលោកនៅក្រុងប៉េកាំង ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។ លោក Xi Jinping បានអធិប្បាយជាប្រព័ន្ធអំពីការយល់ដឹងរបស់បក្សកុម្មុយនីស្តចិនចំពោះការស្វែងរកមាគ៌ាទំនើបកម្ម បានឆ្លើយ “សំណួរមួយចំនួនស្តីពីការធ្វើទំនើបកម្ម” ហើយបានលើកឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានផ្តល់ផែនករចិន ដើម្បីជំរុញដំណើរទំនើបកម្មសកល និងជំរុញវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ ។
តើត្រូវឆ្លើយ“សំណួរមួយចំនួនស្តីពីការធ្វើទំនើបកម្ម”យ៉ាងម៉េច ? លោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើម៥ចំណុច ពោលគឺត្រូវប្រកាន់ខ្ជាប់គំនិតតម្កល់ប្រជាជនជាអាទិភាព ផ្តោតសំខាន់ទៅលើលក្ខណៈប្រជាជននៃទិសដៅធ្វើទំនើបកម្ម ត្រូវប្រកាន់ខ្ជាប់គោលការណ៍ឯករាជ្យម្ចាស់ការ ត្រូវស្វែងរកលក្ខណៈសម្បូរបែបរបស់ផ្លូវទំនើបកម្ម ត្រូវមានមនសិការត្រឹមត្រូវនិងច្នៃប្រឌិតថ្មី ត្រូវរក្សានិរន្តភាពនៃដំណើរធ្វើទំនើបកម្ម ត្រូវផ្សព្វផ្សាយស្មារតីសម្រេចគោលដៅរបស់ខ្លួននិងផ្តល់ផលប្រយោជន៍ដល់អ្នកផ្សេង បង្កើនការផ្តល់ផលប្រយោជន៍ជាទូទៅនូវលទ្ធផលទំនើបកម្ម ត្រូវរក្សាឥរិយាបថខិតខំព្យាយាម និងធានាជាក់លាក់ភាពមុតមាំនៃការណែនាំរបស់ទំនើបកម្ម ។ អធិប្បាយជាប្រព័ន្ធដោយគ្រប់ជ្រុងជ្រោយទាំងនេះបានចង្អុលបង្ហាញពីទិសដៅសម្រាប់ឱ្យមនុស្សជាតិជំរុញដំណើរទំនើបកម្ម ។
គំនិតផ្តួចផ្តើមទាំងនេះបានបញ្ជាក់យ៉ាងពេញលេញថា បើសិនជាប្រទេសមួយចង់ដើរតាមផ្លូវទំនើបកម្ម នោះត្រូវគោរពក្រឹត្យក្រមជាទូទៅនៃទំនើបកម្មផង ហើយក៏ត្រូវស្របតាមសភាពការណ៍ជាក់ស្តែងនិងលក្ខណៈពិសេសរបស់ប្រទេសខ្លួនឯងផងដែរ ជាងនេះទៅទៀត ក៏ត្រូវប្រកាន់ខ្ជាប់ការចែករំលែកកាលានុវត្តភាពជាមួយគ្នា និងរួមគ្នាបង្កើតអនាគតផងដែរ ។
ក្នុងការជំរុញដំណើរទំនើបកម្ម អរិយធម៌គ្រប់បែបយ៉ាងរបស់មនុស្សជាតិសុទ្ធតែបានរួមចំណែកដ៏សំខាន់ ។ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់លើកនេះ លោក Xi Jinping បានលើកឡើងជាលើកដំបូងនូវគំនិតផ្តួចផ្តើមអរិយធម៌សកល អំពាវនាវឱ្យរួមគ្នាផ្តួចផ្តើមការគោរពភាពសម្បូរបែបរបស់អរិយធម៌សកល ផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ផ្តោតសំខាន់ទៅលើការបន្តនិងឆ្នៃប្រឌិតអរិយធម៌ និងបង្កើតការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិលើវិស័យអរិយធម៌ ។ មជ្ឈដ្ឋានមតិអន្តរជាតិសម្គាល់ឃើញថា គំនិតផ្តួចផ្តើមអរិយធម៌សកល ជាទស្សនៈសំខាន់មួយទៀតដែលប្រទេសចិនបានរួមចំណែកដល់ពិភពលោក បន្ទាប់ពីគំនិតផ្តួចផ្តើមស្តីពីការបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ។
បច្ចុប្បន្ននេះ ប្រទេសលោកខាងលិចមួយចំនួនតូច នៅតែឃោសនាបំប៉ោងពី “ឧត្តមភាពអរិយធម៌” “ការប៉ះទង្គិចអរិយធម៌”ដដែល ព្រមទាំងឃោសនាបំប៉ោងពីអ្វីដែលហៅថា “តម្លៃសកល” ពោលគឺតម្កល់ខ្លួនឯងជាអាទិភាព បង្ខិតបង្ខំឱ្យប្រទេសដទៃអនុវត្តទស្សនៈនយោបាយនិងរូបមន្តរបស់មូលធននិយម ប្រការនេះគឺបានត្រឹមតែរារាំងដល់វឌ្ឍនភាពអរិយធម៌មនុស្សជាតិនិងដំណើរទំនើបកម្មតែប៉ុណ្ណោះ ។
ខណៈពេលមនុស្សជាតិបានឈរនៅផ្លូវកែងនៃយុគសម័យម្តងទៀត ក្នុងនាមជាគណបក្សធំទីមួយនៅលើពិភពលោក បក្សកុម្មុយនីស្តចិនបានផ្តល់ចម្លើយរបស់ខ្លួនឯង។ នៅពេលអនាគត ក្នុងដំណើរជំរុញទំនើបកម្មតាមបែបផែនចិន បក្សកុម្មុយនីស្តចិននឹងខិតខំប្រឹងប្រែង ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គាំពារសមភាពនិងយុត្តិធម៌អន្តរជាតិ ជំរុញការផ្លាស់ប្តូរនិងរៀនសូត្រអរិយធម៌ពីគ្នា ក៏ដូចជាបង្ហាញទៅកាន់ពិភពលោកនូវចិត្តទូលាយនិងទំនួលខុសត្រូវរបស់ប្រទេសធំ ៕