ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

Covid-19ក្នុងពេល៣ឆ្នាំ បង្ហាញពីប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់បំផុតនៃគោលនយោបាយរបស់ចិន
2023-03-16 17:17:07cri
Share with:

ក្នុងរយៈពេល៣ឆ្នាំដោយគិតចាប់ពីដើមឆ្នាំ២០២០ដល់ឆ្នាំ២០២៣នេះ ប្រទេសចិនជាជើងឯកប្រកបដោយទំនួលខុសត្រូវស្របតាមនិយាមវិទ្យាសាស្រ្តសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ដោយដៃម្ខាងតម្កល់អាយុជីវិតរបស់ប្រជាជនចិនជាអាទិភាព ដោយរួមមានទាំងខិតខំពន្លឿនល្បឿននៃការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំងប្រឆាំងCovid-19 ហើយដៃម្ខាងចូលរួមជាមួយអង្គការសុខភាពពិភពលោក និយាយរួម ជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក និយាយដោយឡែកក្នុងការទប់ស្កាត់ការរីករាលនៃជំងឺដ៏កាចសាហាវនេះ ក្នុងការចែករំលែកបទពិសោធន៍ទាំងបច្ចេកទេសនិងបច្ចេកវិទ្យា រួមជាមួយការផ្តល់ជាសាធារណៈប្រកបដោយសមធម៌នូវវ៉ាក់សាំងប្រឆាំងជំងឺCovid-19 ដល់បណ្តាប្រទេសនានាទាំងក្នុងកម្រិតទ្វេភាគី និងក្រោមឆ័ត្ររបស់អង្គការសុខភាពពិភពលោក។ នេះជាគោលនយោបាយប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ក្នុងការការពារបាននូវអាយុជីវិតរបស់មនុស្ស ហើយព្យាយាមលុបបំបាត់ឱ្យបានឆាប់អ័ព្ទនៃជំងឺCovid-19ពីពិភពលោក ហើយជំនួសមកវិញនូវស្នាមញញឹមនិងក្តីសង្ឃឹមថ្មីនៃកំណើនសេដ្ឋកិច្ចសកល ។ ច្បាស់ណាស់ដែលថា ប្រសិនបើប្រទេសចិនមិនបានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយគ្រប់គ្រងCovid-19ទេ នោះពិភពលោកពិតជាមិនអាចកំណត់បានថាឆ្នាំ២០២៣ជាពេលវេលាសមស្របនៃការចាកចេញពីCovid-19នោះឡើយ។ ប្រសិនជាផ្តល់ជូនមេដាយសម្រាប់ជើងឯកនៃការគ្រប់គ្រងជំងឺCovid-19 នោះប្រទេសចិននឹងឈរនៅលើតារាងទី១និងខ្ពស់បំផុតក្នុងការទទួលបានមេដាយដែលបានជួយសង្គ្រោះជីវិតមនុស្សគេចចេញពីផ្លូវមរណៈដែលបង្កដោយជំងឺCovid-19។ ប្រសិនជាយើងពិនិត្យដោយម៉ត់ចត់លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃជំងឺCovid-19 ហើយឆ្លុះបញ្ចាំងតាមរយៈសុភាសិតទាំង៤ខាងក្រោមនេះ នោះយើងនឹងយល់កាន់តែច្បាស់ថារយៈពេលបីឆ្នាំមកនេះ សមិទ្ធផលរបស់ប្រទេសចិនបានលាតត្រដាងពីភាពគ្មានប្រសិទ្ធភាពរបស់សហរដ្ឋអាមេរិកដែលតែងបានចោទប្រកាន់ដោយគ្មានទឡ្ហីករណ៍វិទ្យាសាស្រ្តនិងដោយឥតអៀនខ្មាស់៖

       «ស្វាស៊ីបាយ លាបមាត់ពពែ» បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីកលល្បិចរបស់ថ្នាក់ដឹកនាំអាមេរិក ដែលបានចោទប្រកាន់ដោយឥតអៀនខ្មាស់លើភាពបរិសុទ្ធរបស់ចិនទាក់ទងនឹងប្រភពនៃជំងឺCovid-19 បើទោះបីជា៖ ១-ចិនដែលជាប្រទេសរងគ្រោះមុនគេដោយសារជំងឺដ៏កាចសហាវនេះ ហើយស្របពេលដែលចិនបានខិតខំក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ២-ប្រទេសចិនបានសហការប្រកបដោយទំនួលខុសត្រូវប្រកបដោយតម្លាភាពតាមក្រមនិងនិយាមវិទ្យាសាស្រ្តវេជ្ជសាស្ត្រយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោកបែបណាក៏ដោយ ៣-អនុសាសន៍របស់របាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការសុខភាពពិភពលោកស្តីពីប្រភពនៃមេរោគCovid-19 ក៏សហរដ្ឋអាមេរិកបានបដិសេធនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងល្អនេះ។

«គោដំបៅខ្នង ក្អែកហើររំលង រសាយកន្ទុយ» បាននិងកំពុងអត្ថិភាពក្នុងទង្វើដោយផ្ទាល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងការគ្រប់គ្រងCovid-19 ជាក់ស្តែងកាលពីឆ្នាំ២០២១ជាសក្ខីភាពបញ្ជាក់ថា ដោយសារតែអាមេរិកខ្លួនឯងទប់Covid-19មិនជាប់ ទាំងនេះដោយសារកង្វះវិន័យ កង្វះជំនឿចិត្តរបស់ប្រជាជនលើការគ្រប់គ្រងរដ្ឋាភិបាល ទើបកំណើនអ្នកស្លាប់ដោយជំងឺCovid-19នៅសហរដ្ឋអាមេរិកកើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីដើម្បីការពារនយោបាយប្រជាភិថុតរបស់ខ្លួន សហរដ្ឋអាមេរិកបែរជាទម្លាក់ទំនួលខុសត្រូវទាំងនេះមកលើប្រទេសចិន ។ នៅពេលដែលនិយាយដល់ការគ្រប់គ្រងជំងឺដ៏កាចសាហាវនេះ ថ្នាក់ដឹកនាំអាមេរិកបែរជាចោទដោយបំពានលើវិធានការគ្រប់គ្រងCovid-19របស់ប្រទេសចិន ហើយបណ្តាញព័ត៌មានបស្ចិមប្រទេសបែរជាបានរំលេចពីការសង្ស័យដោយគ្មានមូលដ្ឋានវិទ្យាសាស្រ្តលើប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនក្នុងការការពារអាយុជីវិតរបស់មនុស្សជាតិ។

«ចិត្តជាទេវទត្ត មាត់ជាទេវតា» ក៏បានរំលេចផងដែរពីឆន្ទៈរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកដែលបានស្តុកទុកវ៉ាក់សាំងសម្រាប់តែប្រទេសខ្លួនឯង ហើយបានផ្តល់វ៉ាក់សាំងដែលជិតផុតកំណត់ទៅឱ្យប្រទេសក្រីក្រដទៃទៀត ហើយបែរជាស្រែកក្តែងៗពីការគោរពសិទ្ធិមនុស្ស ការពារអាយុជីវិតមនុស្សជាតិស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។ ផ្ទុយពីទង្វើរបស់បស្ចិមប្រទេស ប្រទេសចិនបានចែករំលែកវ៉ាក់សាំងប្រឆាំងCovid-19 បើទោះបីជាបរិមាណវ៉ាក់សាំងមានតិចតួចក្នុងប្រទេសរបស់ខ្លួនយ៉ាងណាក៏ដោយ ក្នុងស្មារតីប្រកបដោយទំនួលខុសត្រូវនៅលើមាគ៌ានៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ វ៉ាក់សាំងចិនបានចែកជូនដល់ប្រទេសភាគច្រើនលើសលុបនៅក្នុងពិភពលោក ឬអាចនិយាយម្យ៉ាងទៀតថា ក្នុងចំណោមវ៉ាក់សាំង២ដូសដែលបានចាក់ជូនដល់ប្រជាជននៅក្នុងពិភពលោក មាន១ដូសជាវ៉ាក់សាំងរបស់ប្រទេសចិន។  

«គីង្គក់លក់ថ្នាំស្រែង» ពិតជាស័ក្តិសមក្នុងការផ្តល់ជូនដល់សហរដ្ឋអាមេរិកដែលតែងអួតក្តែងៗលើការថែរក្សាអាយុជីវិតរបស់មនុស្សជាតិនៅលើពិភពលោកដោយសមភាព ក្នុងពេលដែលខ្លួនមិនអាចគ្រប់គ្រងCovid-19បាន ហើយមិនមានលទ្ធភាពក្នុងការរួមសុខរួមទុក្ខជាមួយបណ្តាប្រទេសដទៃក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19។ គិតមកដល់ពេលនេះ ប្រសិនបើយើងយកបញ្ជីដែលបានចេញផ្សាយដោយអង្គការសុខភាពពិភពលោកពីចំនួនអ្នកស្លាប់ដោយCovid-19 នោះសហរដ្ឋអាមេរិកនៅតែឈរលើតារាងលំដាប់ទី១ដែលមានប្រជាជនបានស្លាប់ច្រើនជាងគេ។ ផ្ទុយពីទង្វើរបស់អាមេរិក ចិនបានគ្រប់គ្រងយ៉ាងច្បាស់លាស់ស្របតាមនិយាមវេជ្ជសាស្ត្រ ហើយជាពិសេសគោលនយោបាយ «សូន្យកូវីដ» បានបញ្ជាក់យ៉ាងច្បាស់ពីទំនួលខុសត្រូវរបស់ប្រទេសចិនក្នុងការតម្កល់អាយុជីវិតរបស់មនុស្សជាតិជាអាទិភាពដោយចូលរួមយ៉ាងសកម្មនិងសំខាន់នៅក្នុងការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនៃការរីករាលដាលនៃជំងឺCovid-19។

ជារួម ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃនិងគាំទ្រយ៉ាងពេញលេញដល់អង្គការសុខភាពពិភពលោកដែលមានសិទ្ធិអំណាចលើវិស័យវិទ្យាសាស្រ្តវេជ្ជសាស្រ្ត ប្រទេសចិនតែងប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីវិទ្យាសាស្ត្រប្រកបដោយវិជ្ជាជីវៈនិងវត្ថុបំណងផ្នែកវិទ្យាសាស្ត្រ ដោយបដិសេធដាច់ខាតចំពោះការប្រើប្រាស់លេសនៃបញ្ហាវិទ្យាសាស្រ្តជាឧបករណ៍របស់អ្នកនយោបាយ។ ប្រទេសចិនតែងខិតខំប្រកៀកស្មាជាប់ជានិច្ចជាមួយបណ្តាប្រទេសនានាក្នុងពិភពលោកក្នុងកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិដោយផ្តល់កត្តាលីករដល់ការថែរក្សាសន្តិភាពនិងបង្កើនការអភិវឌ្ឍស្របតាមមាគ៌ារបស់ប្រទេសនីមួយៗដោយបន្ស៊ីគោលនយោបាយរបស់ប្រទេសរៀងៗខ្លួនជាមួយនឹងគំនិតផ្តួចផ្តើមជាច្រើនរបស់ចិនដែលរួមមាន៖«ខ្សែក្រវាត់និងផ្លូវ» «អភិវឌ្ឍសកល» «សន្តិសុខសកល» និង «អរិយធម៌សកល»

 

ដោយបណ្ឌិត ជា មុនីឫទ្ធិ

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស