ក្នុងមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះ សេចកី្តព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់នីតិប្បញ្ញតិ្តត្រូវបានដាក់ជូនមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនពិនិត្យពិភាក្សាជាថ្មីម្តងទៀត ។ ច្បាប់នីតិប្បញ្ញតិ្តជាច្បាប់មូលដ្ឋាន ដើម្បីធ្វើឱ្យប្រព័ន្ធរបបនីតិប្បញ្ញតិ្តនិងតាក់តែងច្បាប់របស់ប្រទេសជាតិមានបទដ្ឋាន និងគាំពារឯកភាពរបស់នីតិរដ្ឋសង្គមនិយម ដូច្នេះត្រូវគេហៅថាជា “ច្បាប់សម្រាប់គ្រប់គ្រងច្បាប់” ។ អ្នកសង្កេតការណ៍បានសង្កេតឃើញថា សេចកី្តព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់នីតិប្បញ្ញតិ្ត បានបន្ថែមអត្ថរសស្តីពីការប្រកាន់ខ្ជាប់និងអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ។ អ្នកជំនាញផ្លូវច្បាប់បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នីតិប្បញ្ញតិ្តនឹងបង្កើនការធានាខាងផ្លូវច្បាប់ចំពោះប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ដែលអាចប្រមូលបានមតិយោបល់និង ពុទ្ធិរបស់ប្រជាជនឱ្យបានកាន់តែល្អក្នុងដំណើរតាក់តែងច្បាប់ ។
ប្រទេសចិនមានប្រជាជនជាង១ពាន់៤រយលាននាក់ ត្រូវជាជិត១ភាគ៥របស់ចំនួនប្រជាជនពិភពលោកទាំងមូល ។ តើត្រូវធ្វើយ៉ាងម៉េច ទើបអាចធ្វើឱ្យប្រជាជនច្រើនបែបហ្នឹងបញ្ចេញសំណើរនិងប្រមូលបានមតិយោបល់ឱ្យបានល្អ ? ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសចិនបានស្វែងរកកូនសោមាសមួយ ពោលគឺ “ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល” ។
ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ជាលក្ខណៈពិសេសនៃសារធាតុដើមរបស់នយោបាយប្រជាធិបតេយ្យសង្គមនិយម ។ រូបមន្តប្រជាធិបតេយ្យបែបនេះ បានធ្វើឱ្យប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតផ្សារភ្ជាប់ជាមួយប្រជាធិបតេយ្យតាមរយៈការប្រឹក្សាយោបល់ ដែលបានធ្វើឱ្យការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ការប្រឹក្សានយោបាយតាមបែបប្រជាធិបតេយ្យ ការធ្វើសម្រេចចិត្តតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងការត្រួតពិនិត្យតាមបែបប្រជាធិបតេយ្យតភ្ជាប់ជាមួយគ្នា នឹងធ្វើឱ្យគ្រប់ដំណាក់កាលនៃជីវភាពនយោបាយនិងជីវភាពសង្គមរបស់រដ្ឋ សុទ្ធតែអាចស្តាប់បានសំឡេងរបស់ប្រជាជន និងឆ្លុះបញ្ចាំងពីក្តីបំណងរបស់ប្រជាជន ។
សូមយកការបោះឆ្នោតតាមបែបប្រជាធិបតេយ្យជាឧទាហរណ៍ ការបោះឆ្នោតតំណាងប្រជាជនទូទាំងប្រទេសចិនជាការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក ។ តំណាងប្រជាជនថ្នាក់ទាំង៥ សុទ្ធតែបង្កើតឡើងតាមរយៈការបោះឆ្នោតប្រជាធិបតេយ្យ មួយនីតិកាល៥ឆ្នាំ ។ នៅទូទាំងប្រទេសចិន អ្នកបោះឆ្នោតចំនួនជាង១ពាន់លាននាក់ មនុស្សម្នាក់មួយសន្លឹកដើម្បីបោះឆ្នោតនិងបង្កើតឡើងដោយផ្ទាល់នូវតំណាងប្រជាជនថ្នាក់ទាំងពីរ គឺថ្នាក់ស្រុកនិងថ្នាក់ឃុំ ។ តំណាងប្រជាជនថ្នាក់លើសពីស្រុក គឺបង្កើតឡើងតាមរយៈការបោះឆ្នោតសភាតំណាងប្រជាជនថ្នាក់ក្រោម ។ រាល់តំបន់ រាល់មុខរបរ រាល់វិស័យនិងរាល់ជនជាតិ សុទ្ធតែមានតំណាងប្រជាជន ។
ក្នុងចំណោមតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលនេះចំនួន២៩៧៧រូប មានតំណាងជនជាតិភាគតិចចំនួន៤៤២រូប រាល់ជនជាតិភាគតិចទាំង៥៥ជនជាតិសុទ្ធតែមានតំណាងប្រជាជន ។ តំណាងកម្មករនិងតំណាងកសិករមានចំនួន៤៩៧រូប ត្រូវជា១៦,៦៩ភាគរយនៃចំនួនតំណាងសរុប ។ អ្នកសារព័ត៌មានបរទេសដែលធ្លាប់យកបទសម្ភាសន៍មហាសន្និបាតសភាទាំងពីររបស់ចិនបានថ្លែងថា “ខ្ញុំបានសង្កេតឃើញថា ក្នុងចំណោមតំណាងប្រជាជននិងសមាជិកសភាប្រឹក្សានយោបាយ មានអ្នកបើកឡាន អ្នកដឹកជញ្ជូនអីវ៉ាន់រហ័ស កសិករ ចុងភៅ និងគ្រូពេទ្យ ។ នៅប្រទេសផ្សេងទៀត អ្នកដែលប្រកបមុខរបរទាំងនេះកម្រមានឱកាសបែបនេះណាស់ ” ។
ការអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ជាតម្រូវការពីឬសគល់មួយក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ។ រូបមន្តបែបនេះបានបង្ហាញទៅកាន់ពិភពលោកនូវឧត្តមភាពយ៉ាងខ្លាំងនៃ “អភិបាលកិច្ចរបស់ចិន” ដែលបានស្វែងរកផ្លូវថ្មី ដើម្បីអភិវឌ្ឍបុព្វហេតុប្រជាធិបតេយ្យរបស់មនុស្សជាតិ ។ នៅពេលអនាគត ផ្លូវប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលនឹងមានភាពកាន់តែទូលំទូលាយ បង្កើតលទ្ធផលអភិវឌ្ឍន៍កាន់តែច្រើន ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៅលើពិភពលោកផងដែរ ៕