ថ្ងៃទី៦ខែមីនាឆ្នាំ២០២៣លោក Xi Jinping ថ្នាក់ដឹកនាំកំពូលចិនបានអញ្ជើញសួរសុខទុក្ខសមាជិកសមាគមកសាងប្រជាធិបតេយ្យជាតិ និងសមាជិកសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិនដែលមកចូលរួមមហាសន្និបាតលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤នៅទីក្រុងប៉េកាំង។សមាជិកសមាគមទាំងពីរនេះសំខាន់គឺមានសេដ្ឋកិច្ចវិទូ បញ្ញវន្តនិងសហគ្រិនឯកជន។លោកXi Jinpingបានលើកទឹកចិត្តឱ្យសហគ្រាសឯកជនបង្កើនជំនឿចិត្តហ៊ានធ្វើការអភិវឌ្ឍ ដើម្បីសម្រេចបាននូវការធ្វើឱ្យសេដ្ឋកិច្ចឯកជនអភិវឌ្ឍដោយត្រឹមត្រូវនិងមានគុណភាពខ្ពស់។តើហេតុអ្វីបានជាលោក Xi Jinping យកចិត្តទុកដាក់ចំពោះសេដ្ឋកិច្ចឯកជននិងសហគ្រាសឯកជន?តទៅនេះយើងខ្ញុំសូមធ្វើអធិប្បាយត្រង់ចំណុចនេះ
តើហេតុអ្វីលោកXi Jinpingបានយកចិត្តទុកដាក់លើសហគ្រាសឯកជននាពេលនេះ?
សេដ្ឋកិច្ចឯកជនមានសារសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច ការផ្តល់ឱកាសការងារ ចំណូលសារពើពន្ធ និងការឆ្នៃប្រឌិតថ្មីបច្ចេកវិទ្យារបស់ប្រទេសចិនជាដើម។តាមទិន្នន័យបានឱ្យដឹងថាសេដ្ឋកិច្ចឯកជនបានរួមចំណែកនៃពន្ធដាលើសពី៥០%រួមចំណែកនៃGDPលើសពី៦០%រួមចំណែកនៃការឆ្នៃប្រឌិតថ្មីបច្ចេកវិទ្យាលើសពី៧០% និងរួមចំណែកដល់ការផ្តល់ឱកាសការងារតាមទីក្រុងលើសពី៨០%។
ប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសលោកខាងលិចដែលមានសហរដ្ឋអាមេរិកជាមេដឹកនាំ បានទប់ស្តាត់ឡោមព័ទ្ធនិងកៀបសង្កត់ដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសចិន ក្នុងនោះក៏រួមបញ្ចូលទាំងសហគ្រាសបច្ចេកវិទ្យាឯកជនចិនជាច្រើន ដូចជាក្រុមហ៊ុនHuaweiជាដើមបានត្រូវអាមេរិកដាក់ចូលបញ្ជីឈ្មោះបង្ក្រាបនិងដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ការវាយលុកពីជំងឺកូវីដ១៩បាននាំមកនូវបញ្ហាលំបាកជាច្រើនដល់សហគ្រាសឯកជន។ក្នុងគ្រានេះរដ្ឋាភិចាលចិនត្រូវបញ្ចេញសញ្ញាយ៉ាងសកម្ម ដ៏ខ្លាំងក្លាដើម្បីលើកកម្ពស់ដល់ជំនឿចិត្តរបស់សហគ្រាសឯកជនគាំទ្រ និងជំរុញសេដ្ឋកិច្ចឯកជនឲ្យអភិវឌ្ឍដោយមានគុណភាពខ្ពស់។
ក្រៅពីនេះប្រព័ន្ធសារព័ត៌មានរបស់លោកខាងលិចមួយចំនួនក៏ផ្សាយពាក្យចចាមអារ៉ាមថាគោលនយោបាយរបស់ប្រទេសចិននឹងមានការប្រែប្រួល នឹងមិនការអភិវឌ្ឍនៃគាំទ្រសេដ្ឋកិច្ចឯកជនទៀត។ ត្រង់ចំណុចនេះ លោកXi Jinpingបានបញ្ជាក់ច្បាស់នាថ្ងៃទី៦ខែមីនាថាសេដ្ឋកិច្ចឯកជនជាកម្លាំងដ៏សំខាន់សម្រាប់បក្សកុម្មុយនីស្តចិនកាន់អំណោចដ៏យូរអង្វែងរួមសាមគ្គីនិងដឹកនាំប្រជាជនទូទាំងប្រទេសចិន ដើម្បីសម្រេចបាននូវសុបិនចិនដែលស្តារឱ្យប្រជាជាតិចិនមានភាពរុងរឿងសាឡើងវិញ។បក្សកុម្មុយនីស្តចិនចាត់ទុកសហគ្រាសឯកជននិងសហគ្រិនឯកជនជាសមាជិកខ្លួនជានិច្ច បានផ្តល់ការគាំទ្រនិងជំនួយដល់សហគ្រាសឯកជនក្នុងខណៈពួកគេជួបបញ្ហាលំបាកនិងផ្តល់ការណែនាំដល់សហគ្រាសឯកជនក្នុងខណៈពួកគេមានទុក្ខកង្វល់។
លោក Xi Jinping បានគូសបញ្ជាក់ម្តងទៀតថាប្រទេសចិនប្រកាន់ខ្ជាប់ដោយមិនងាករេនូវ«គោលនយោបាយជាតិជាមូលដ្ឋានពីរ»ពោលគឺការប្រកាន់ខ្ជាប់ដោយមិនងាករេនូវការពង្រឹងនិងអភិវឌ្ឍសេដ្ឋកិច្ចកម្មសិទ្ធិសាធារណៈនិងការប្រកាន់ខ្ជាប់ដោយមិនងារេកនូវការលើកទឹកចិត្តគាំទ្រនិងណែនាំការអភិវឌ្ឍនៃសេដ្ឋកិច្ចឯកជន។កន្លងមកថ្នាក់ដឹកនាំចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀតចំពោះគោលនយោបាយជាតិជាមូលដ្ឋានទាំងពីរនេះក្នុងកាលៈទេសៈជាច្រើនដើម្បីលើកទឹកចិត្តដល់សេដ្ឋកិច្ចឯកជន។
លោកXi Jinpingបានលើកឡើងសំណូមពរអ្វីចំពោះការអភិវឌ្ឍសហគ្រាសឯកជន?
លោក Xi Jinping បានដាក់ចេញគម្រោងផែនការអភិវឌ្ឍសេដ្ឋកិច្ចចិននាពេលអនាគតគឺការអភិវឌ្ឍដោយមានគុណភាពខ្ពស់។នាពេលបច្ចុប្បន្ននេះប្រទេសចិនបាននិងកំពុងបង្កើតនិម្មាបនកមអភិវឌ្ឍន៍ថ្មីដែលចាត់ទុកសេដ្ឋកិច្ចក្នុងស្រុកជាតួអង្គសំខាន់ និងការដែលធ្វើឱ្យសេដ្ឋកិច្ចជាតិនិងអន្តរជាតិជំរុញការអភិវឌ្ឍគ្នាទៅវិញទៅមក។ក្រោមបរិបទនេះលោកXi Jinpingបានគូសបញ្ជាក់ថាសហគ្រាសគួរអនុលោមតាមគំនិតអភិវឌ្ឍន៍ថ្មីដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយមានគុណភាពខ្ពស់។លោកបានលើកទឹកចិត្តដល់ទុនឯកជនចូលរួមការកសាងគម្រោងខ្នាតធំដ៏សំខាន់របស់ជាតិនិងគម្រោងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មដ៏សំខាន់លើកទឹកចិត្តដល់សហគ្រាសឯកជននិងសហគ្រាសរដ្ឋ រួមគ្នាទទួលភារកិច្ចសង្គមដែលជំរុញឱ្យប្រជាជនទាំងមូលមានវិបុលភាពរួម៕