ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យបង្រួញគម្លាតយេនឌ័រក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
2023-03-08 14:36:58cri
Share with:

កិច្ចប្រជុំលើកទី៦៧នៃគណៈកម្មការស្តីពីស្ថានភាពស្ត្រីនៃអង្គការសហប្រជាជាតិបានបើកធ្វើនៅទីចាត់ការទូទៅអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក ។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់ប្រតិបត្តិការ ដើម្បីបង្រួញគម្លាតយេនឌ័រក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។

លោក Antonio Guterres បានថ្លែងថា កិច្ចប្រជុំលើកនេះបានផ្តោតលើការបង្រួញគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យានិងការឆ្នៃប្រឌិតថ្មី ។ លោកបានលើកឡើងថា អំណាចគ្រប់គ្រងដោយបុរសនិងផ្នត់គំនិតចាស់កំរិលដែលរើសអើងនិងបំផ្លាញផលប្រយោជន៍ក្នុងរយៈពេលរាប់សតវត្សរ៍កន្លងទៅនេះ បណ្តាលឱ្យកើតមានគម្លាតយេនឌ័រដ៏ធំសម្បើមក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដូច្នេះ ការលើកកម្ពស់ការរួមចំណែករបស់ស្ត្រីចំពោះវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីដោយគ្រប់ជ្រុងជ្រោយជាទង្វើដ៏ចាំបាច់សម្រាប់ផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូល ។ លោកបានអំពាវនាវឱ្យចាត់ប្រតិបត្តិការកែលម្អការអប់រំរបស់ស្ត្រីនិងកុមារីនៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍ឬមានការអភិវឌ្ឍតិចតួច ដើម្បីជំរុញស្ត្រីនិងកុមារីឱ្យចូលរួមកិច្ចការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយ៉ាងពេញលេញ លើកកម្ពស់ឋានៈដឹកនាំរបស់ពួកគេ ក៏ដូចជាបង្កើតបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាពជូនពួកគេ ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស