ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុអ្វីលោកXi Jinpingចូលរួមការពិនិត្យពិភាក្សានៃប្រតិភូខេត្តJiangsu ?
2023-03-08 13:08:46cri
Share with:

អនុលោមតាមរដ្ឋធម្មនុញ្ញចិន សភាតំណាងប្រជាជនទូទាំងប្រទេសចិនបើកធ្វើកិច្ចប្រជុំប្រចាំឆ្នាំម្តងជារៀងរាល់ឆ្នាំ តំណាងសភាបង្កើតជាប្រតិភូតាមមណ្ឌលបោះឆ្នោត ដើម្បីធ្វើការពិនិត្យពិភាក្សាចំពោះបញ្ហាពិភាក្សានានា ជាចុងក្រោយបោះឆ្នោតសម្រេចក្នុងមហាសន្និបាតពេញអង្គ។ របបសភាតំណាងប្រជាជនទូទាំងប្រទេសចិនជាចំណែកដ៏សំខាន់នៃរបបប្រជាធិបតេយ្យរបស់ប្រទេសចិន។

លោកXi Jinpingក្នុងនាមជាតំណាងប្រជាជនមួយរូបប្រតិភូដែលលោកស្ថិតនៅគឺប្រតិភូខេត្ត Jiangsu អនុលោមតាមរបៀបវារៈនៃមហាសន្និបាតលើកនេះ អ្វីដែលោកនិងតំណាងផ្សេងទៀតពិនិត្យពិភាក្សាគឺរបាយការណ៍ការងាររដ្ឋាភិបាល។ លោកXi Jinpingបានយល់ស្របចំពោះរបាយការណ៍ការងាររដ្ឋាភិបាល និងបានអធិប្បាយយ៉ាងស៊ីជម្រៅអំពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ 

ហេតុអ្វីលោកXi Jinpingផ្តោតសំខាន់លើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់?

លោកXi Jinpingបានគូសបញ្ជាក់ក្នុងពេលឡើងថ្លែងសន្ទរកថាថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាភារកិច្ចចម្បងនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកXi Jinpingបានលើកឡើងសំណូមពរចំពោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាច្រើនលើក ត្រឹមតែឆ្នាំ ២០២៣ នេះ លោកបានរៀបចំចាត់ចែងការងារពាក់ព័ន្ធក្នុងកិច្ចប្រជុំសំខាន់ៗជាច្រើន។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាខ្លឹមសារសំខាន់នៃគំនិតសេដ្ឋកិច្ចរបស់លោកXi Jinping ដែលមានគោលបំណងជំរុញសេដ្ឋកិច្ចចិនឱ្យលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់។

បញ្ហាសំខាន់បំផុតនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់គឺពន្លឿនការសម្រេចភាពឯករាជ្យម្ចាស់ការខាងបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចលោកXi Jinpingបានថ្លែងថា នេះគឺជាមាគ៌ាដ៏ចំាំបាច់នៃការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ជាគន្លឹះនៃការដែលតើប្រទេសចិនអាចកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងតាមពេលកំណត់និងដោយគ្រប់ជ្រុងជ្រោយឬអត់។

ក្នុងការប្រកួតប្រជែងអន្តរជាតិដ៏ខ្លាំងក្លា អាមេរិកបានរួមជាមួយសម្ព័ន្ធមិត្តកៀបសង្កត់ចំពោះវិស័យបច្ចេកវិទ្យាខ្ពស់របស់ចិន និងដាក់សហគ្រាសចិនក្នុងបញ្ជីដាក់ទណ្ឌកម្មនិងវាយបង្ក្រាបជាញឹកញាប់។ នៅពេលនេះ បច្ចេកវិទ្យានិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានរួមបញ្ចូលគ្នាកាន់តែលឿន ពហុមុខវិជ្ជាបានរួមបញ្ចូលគ្នាកាន់តែច្រើន និងការស្រាវជ្រាវអន្តរកម្មរីកចម្រើនឥតឈប់ឈរ បើសេដ្ឋកិច្ចចិនចង់សម្រេចការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រួសត្រាយផ្លូវប្រណាំងថ្មី និងបង្កើតកម្លាំងចលករថ្មី នោះនិយាយពីឫសគល់គឺត្រូវពឹងផ្អែកលើការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា។ 

តើប្រទេសចិនត្រូវសម្រេចការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងដូចម្តេច?

ពេលថ្លែងកថានាថ្ងៃដដែល លោកXi Jinpingបានលើកឡើងពីការគិតពិចារណាមួយចំនួនរបស់លោកចំពោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

លោកសម្គាល់ថា ប្រទេសចិនត្រូវពន្លឿនការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍បែបនវានុវត្តន៍ គាំទ្រដល់អ្នកវិទ្យាសាស្ត្រកំពូលនាំមុខធ្វើការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបែបដើមនិងឈានមុខ លើកកម្ពស់នូវកម្រិតនៃការអនុវត្តជាក់ស្តែងនិងឧស្សាហូបនីយកម្មនៃសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ថ្មី បង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឧស្សាហកម្មដែលប្រកបោយកម្លាំងឥទ្ធិពលសកល។

ត្រូវពន្លឿនការកសាងប្រព័ន្ធឧស្សាហកម្មទំនើប ផ្តោតលើសេដ្ឋកិច្ចពិតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវបង្កើនប្រព័ន្ធរបបសេដ្ឋកិច្ចទីផ្សារសង្គមនិយមដែលមានកម្រិតខ្ពស់ ជំរុញការបើកទូលាចំពោះក្រៅប្រទេសដែលមានកម្រិតខ្ពស់ ចំណែកការធ្វើទំនើបកម្មកសិកម្មក៏ជាការទាមទារដ៏ចាំបាច់នៃការសម្រេចការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនផងដែរ។ 

តើគោលដៅចុងក្រោយនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនគឺអ្វីខ្លះ?

បើតាមទស្សនៈរបស់លោក Xi Jinping  គោលដៅចុងក្រោយនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់គឺដើម្បីសេចក្តីសុខរបស់ប្រជាជន។ លោក Xi Jinpingបានថ្លែងថា ចាំបាច់ត្រូវផ្លាស់ប្តូរសមិទ្ធផលនៃការអភិវឌ្ឍទៅជាគុណភាពនៃជីវភាពរស់នៅ បង្កើនអារម្មណ៍ទទួលបាន អារម្មណ៍សុភមង្គល និងអារម្មណ៍សន្តិសុខរបស់ប្រជាជនឥតឈប់ឈរ។ តម្កល់ប្រជាជាជនចម្បងជាគំនិតអភិបាលកិច្ចស្នូលរបស់លោក Xi Jinping បំណងប្រាថ្នារបស់ប្រជាជនចិនចំពោះជីវភាពដ៏ល្អបវរគឺជាគោលដៅតស៊ូព្យាយាមរបស់យើង។នេះគឺជាការស្វែងរកដោយឥតស្រាកស្រាន្តរបស់លោក Xi Jinping

អ្នកបកប្រែ:王昭君
ប្លុកពិសេស