ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រព័ន្ធដែលបង្កើតឡើងក្នុងគោលបំណងការពារកុមារនៅអាមេរិកដែលជាមហាអំណាចតែមួយគត់លើទូទាំងពិភពលោកបានត្រូវបំផ្លាញអស់ហើយ
2023-03-04 12:18:53cri
Share with:


    កុមារជាក្តីសង្ឃឹមនិងអនាគតរបស់ពិភពលោក ។ ប៉ុន្តែ យោងតាមរបាយការណ៍ដែលរួមគ្នាចេញផ្សាយដោយអង្គការពលកម្មអន្តរជាតិនិងមូលនិធិកុមារអង្គការសហប្រជាជាតិកាលពីដើមខែមីនា ឆ្នាំនេះបានបង្ហាញថា បញ្ហាក្រីក្ររបស់ក្រុមកុមារនៅតែមានភាពលេចធ្លោដដែល ហេតុនេះហើយ បានអំពាវនាវឱ្យបណ្តាប្រទេសនានាបង្កើនការការពារចំពោះក្រុមកុមារ ។ សំដៅចំពោះការអំពាវនាវនេះ សហរដ្ឋអាមេរិកដែលអួតអាងថាខ្លួនជា"ប៉មសិទ្ធិមនុស្ស"នោះ គួរតែស្តាប់ស្នូរសំរែករបស់សហគមន៍អន្តរជាតិ ។

    តាមការផ្សាយដំណឹងរបស់កាសែត«ញូវយ៉កថាមស៍»នាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា តាំងពីឆ្នាំ ២០២១ មក ការប្រើពលកម្មកុមារនៅអាមេរិកបានកើនឡើងយ៉ាងខ្លាំង ។ យោងតាមការស្ទង់មតិបានរកឃើញថា ចំនួនកុមារអន្តោប្រវេសន៍ដែលបានចូលក្នុងសហរដ្ឋអាមេរិកដោយគ្មានការមើលថែទាំពីឪពុកម្តាយបានបំបែកកំណត់ត្រាថ្មី ហើយទីបំផុត ការងារដែលកុមារទាំងនេះបានធ្វើ គឺ បានល្មើសនឹងច្បាប់ពលកម្មកុមារ ។ ពលកម្មកុមារមាននៅពាសពេញគ្រប់មុខរបរនៃរដ្ឋនានាទូទាំងសហរដ្ឋអាមេរិក ក្នុងនោះ ក៏បូករួមទាំងការងារអនាម័យដ៏មានហានិភ័យខ្ពស់នៅតាមទីសត្វឃាតនិងរោងចក្រផលិតគ្រឿងបន្លាសរថយន្តផងដែរ ។

    តាមការផ្សាយដំណឹងឱ្យដឹងថា នៅឆ្នាំ ២០២២ អនីតិជនគ្មានអាណាព្យាបាលដែលបានចូលក្នុងសហរដ្ឋអាមេរិកមានចំនួនឡើងដល់ ១ សែន ៣ ម៉ឺននាក់ តួលេខនេះស្មើនឹង ៣ ដងនៃរយៈពេល ៥ ឆ្នាំមុន ហើយតាមការប៉ាន់ប្រមាណ នៅរដូវក្តៅឆ្នាំនេះ តួលេខនេះនឹងបន្តកើនឡើងថែមទៀត ។

    យោងតាមស្ថិតិឱ្យដឹងថា លទ្ធភាពស្លាប់បាត់បង់ជីវិតរបស់កុមារនិងក្មេងជំទង់របស់អាមេរិកដោយសាររងការបាញ់ប្រហារ ខ្ពស់ជាងតួលេខសរុបរបស់ប្រទេសចំណូលខ្ពស់ ៣១ ប្រទេស ចំនួន ១៥ ដង ហើយបើកគិតត្រឹមតែឆ្នាំ ២០២២ ក៏មានកុមារអាមេរិកចំនួនជាង ៦ ពាន់នាក់បានស្លាប់បាត់បង់ជីវិតឬរងរបួសក្នុងករណីបាញ់ប្រហារផងដែរ ។ តាមការផ្សាយដំណឹងឱ្យដឹងទៀតថា ប្រព័ន្ធដែលបង្កើតឡើងក្នុងគោលបំណងការពារកុមារនៅអាមេរិកដែលជាមហាអំណាចតែមួយគត់លើទូទាំងពិភពលោកបានត្រូវបំផ្លាញអស់ហើយ ។

    សូមបញ្ជាក់ថា ទុក្ខវេទនារបស់កុមារគ្រាន់តែជាជ្រុងតូចមួយនៃបញ្ហារំលោភសិទ្ធិមនុស្សជាប្រព័ន្ធរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ តាមទិន្នន័យបង្ហាញថា ជារៀងរាល់ឆ្នាំ ប្រជាជនដែលត្រូវជួញដូរពីបរទេសទៅកាន់សហរដ្ឋអាមេរិកហើយត្រូវបង្ខំឱ្យធ្វើពលកម្មមានចំនួនច្រើនជាង ១ សែននាក់ ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ រដ្ឋចំនួន ៥០ ទាំងអស់និងតំបន់ពិសេសកូឡុំប៊ីរបស់សហរដ្ឋអាមេរិកសុទ្ធតែបានរាយការណ៍ពីសំណុំរឿងបង្ខំឱ្យធ្វើពលកម្មនិងសំណុំរឿងជួញដូរមនុស្ស ។

    តាមស្ថិតិនៃអង្គការពលកម្មអន្តរជាតិឱ្យដឹងថា ក្នុងចំណោមអនុសញ្ញាសំខាន់ៗចំនួន ៨ នៃអង្គការនេះ សហរដ្ឋអាមេរិកត្រឹមតែបានអនុម័តអនុសញ្ញាចំនួនពីរ គឺជារដ្ឋសមាជិកដែលបានអនុម័តអនុសញ្ញាចំនួនតិចបំផុត ។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិតែមួយគត់ដែលមិនបានអនុម័ត«អនុសញ្ញាស្តីពីសិទ្ធិនិងផលប្រយោជន៍របស់កុមារ»ផងដែរ ។ អាចនិយាយបានថា មិនថាសិទ្ធិរបស់ពលករឬក៏ការការពារកុមារក៏ដោយ ក៏សុទ្ធតែបានក្លាយជាអ្នកត្រូវពលីក្នុង"ករណីលើកលែងរបស់អាមេរិក" ។

    គួររំលឹកថា អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិកតែងតែនិយាយបានតែមាត់ពី"ក្បួនច្បាប់" ហើយក៏បាននិងកំពុងប្រឌិតពាក្យកុហកដើម្បីមួលបង្កាច់ប្រទេសផ្សេងទៀតថា "បង្ខំឱ្យធ្វើពលកម្ម"និង"រំលោភសិទ្ធិមនុស្ស"ជាដើម ។ ប៉ុន្តែតាមពិតទៅ ប្រទេសដែលមើលរំលងក្បួនច្បាប់អន្តរជាតិនិងរំលោភសិទ្ធិមនុស្ស នោះគឺ សហរដ្ឋអាមេរិកខ្លួនហ្នឹងឯង ។ នៅពេលដែលក្រុមកុមារលែងរំពឹងលើ"ក្តីសុបិនអាមេរិក"ទៀត តើរដ្ឋាភិបាលអាមេរិកមានទីសំអាងអីមកអួតអាងថាខ្លួនជា"ប៉មសិទ្ធិមនុស្ស" ?

អ្នកបកប្រែ:魏伟
ប្លុកពិសេស