ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖គំនិតផ្តួចផ្តើមរបស់ចិនផ្តល់គម្រោងអាចអនុវត្តបានដល់ការដោះស្រាយវិបត្តិអ៊ុយក្រែន
2023-02-25 11:04:55cri
Share with:

គិតមកទល់ថ្ងៃទី២៤ខែកុម្ភៈ វិបត្តិអ៊ុយក្រែនបានផ្ទុះឡើងអស់រយៈពេលមួយឆ្នាំគត់ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ វិបត្តិលើកនេះមិនគ្រាន់តែបានបំផ្លាញដល់សន្តិសុខនិងស្ថិរភាពរបស់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវកត្តាមិនប្រាកដប្រជានិងអសន្តិសុខដល់ពិភពលោកផងដែរ ។ តើត្រូវបញ្ឈប់សង្គ្រាមយ៉ាងដូចម្តេច?តើគួរកាត់បន្ថយការវាយប្រហារដោយវិបត្តិទៅលើពិភពលោកយ៉ាងម៉េច?នៅថ្ងៃដដែល ភាគីចិនបានចេញផ្សាយពីគោលជំហររបស់ចិនអំពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមនយោបាយ ដើម្បីផ្តល់តម្រិះប្រាជ្ញារបស់ចិនសម្រាប់ដោះស្រាយវិបត្តិលើកនេះ ។

រំលឹកឡើងវិញនូវផលប៉ះពាល់នៃវិបត្តិអ៊ុយក្រែនក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ អ្នកផងទាំងពួងនឹងកាន់តែយល់ដឹងពីតម្លៃនិងអត្ថន័យនៃគម្រោងរបស់ចិននេះ ។ វិបត្តិលើកនេះនាំឱ្យភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនខូចខាតយ៉ាងដំណំ ការផ្គត់ផ្គង់ថាមពលនិងស្បៀងអាហារនៃពិភពលោករងផលប៉ះពាល់ អតិផរណាកើនឡើងឥតឈប់ឈរ សន្តិសុខនុយគ្លេអ៊ែររងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ហើយដំណើរសកលភាវូបនីយកម្មរងការវាយប្រហារម្តងទៀត។ល។

លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពី ប្រការគួរតែចំនួន៤ ចំណុចរួមគ្នាចំនួន៤ និងការគិតពិចារណាបីចំណុច ដើម្បីចង្អុលបង្ហាញពីទិសដៅដ៏ត្រឹមត្រូវសម្រាប់ជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនតាមនយោបាយ ។ ហើយឯកសារស្តីពីគោលជំហរដែលភាគីចិនបានចេញផ្សាយថ្មីបំផុតបានផ្តល់គំរោងគ្រប់ជ្រុងជ្រោយនិងប្រាកដប្រជាដែលអាចអនុវត្តបានសម្រាប់ដោះស្រាយវិបត្តិអ៊ុយក្រែនតាមនយោបាយ ។

បើមើលឱ្យបានជាក់ស្តែងឃើញថា គោលជំហររបស់ភាគីចិនបូករួមទាំងវិស័យចំនួន១២ ពោលគឺប្រកាន់ខ្ជាប់គោលការណ៍ជាប់រហូតស្តីពី ការគោរពអធិបតេយ្យភាពរបស់ប្រទេសនានាផង ហើយក៏ផ្តល់វិធានការជាក់ស្តែងសម្រាប់ដោះស្រាយវិបត្តិមនុស្សធម៌ផង សំដៅចំពោះបញ្ហាត្រូវដោះស្រាយជាបន្ទាន់ ប្រទេសចិនបានអំពាវនាវថា គួរតែ បញ្ឈប់សង្គ្រាមនិង ចាប់ផ្តើមធ្វើការចរចាសន្តិភាព ហើយសម្លឹងមើលទៅអនាគតវែងឆ្ងាយ ប្រទេសចិនបានលើកឡើងថាត្រូវជំរុញការកសាងជាថ្មីឡើងវិញបន្ទាប់ពីសង្គ្រាម គំនិតផ្តួចផ្តើមរបស់ចិនបានផ្តោតសំខាន់ទៅលើបញ្ហាដែលភាគីនានាសុទ្ធតែយកចិត្តទុកដាក់ មិនបានឈរជាមួយអ្នកណាផង ហើយក៏បានបញ្ជាក់ពីភារកិច្ចនិងកាតព្វកិច្ចរបស់ភាគីនានាយ៉ាងច្បាស់ផង ។

ការផ្ទុះវិបត្តិអ៊ុយក្រែនជាលទ្ធផលដែលកើតឡើងដោយសារកត្តាដ៏ស្មុគ្រស្មាញមួយចំនួន ។ ក្នុងនោះ សហរដ្ឋអាមេរិកនិងអង្គការណាតូបានដើរតួជាអ្នកចាក់សាំងលើភ្លើង ជាអ្នកបង្កដើមហេតុនិងអ្នកជំរុញនៃវិបត្តិលើកនេះ ។ គំនិតផ្តួចផ្តើមដូចជា ការលុបចោលគំនិតសង្គ្រាមត្រជាក់ និងការបញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគីជាដើមដែលលើកឡើងដោយភាគីចិន គឺមានអំណោយផលដល់ការនាំឱ្យពិភពលោកឃើញច្បាស់ថែមមួយកម្រិតទៀតនូវបញ្ហាគន្លឹះនៃវិបត្តិអ៊ុយក្រែន ដូច្នេះ សហរដ្ឋអាមេរិកនិងអង្គការណាតូគួរតែគិតពិចារណាពីកំហុសរបស់ខ្លួនយ៉ាងស៊ីជម្រៅ ។

ព្រមពេលជាមួយគ្នានេះ ភាគីចិនក៏បានលើកឡើងថា ត្រូវសម្លឹងមើលទៅអនាគតកាន់តែវែងឆ្ងាយដែរ ។ ភាគីចិនបានគូសបញ្ជាក់ថា គួរតែធានាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ រំលឹកឡើងវិញថា មិនត្រូវប្រើប្រាស់អាវុធនុយគ្លេអ៊ែរ ហើយមិនត្រូវធ្វើសង្គ្រាមនុយគ្លេអ៊ែរនោះទេ ក៏ដូចជាអំពាវនាវថា ត្រូវធានាសន្តិសុខនៃសំណង់នុយគ្លេអ៊ែរស៊ីវិល ព្រមទាំងប្រឆាំងប្រទេសណាទាំងអស់សិក្សាស្រាវជ្រាវនិងប្រើប្រាស់អាវុធគីមីជីវសាស្ត្រទោះក្នុងសភាពការណ៍ណាក៏ដោយ ពោលគឺគំនិតផ្តួចផ្តើមរបស់ចិនបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវកម្រិតខ្ពស់ចំពោះសុវត្ថិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិទាំងមូល ។

កាលណាស្ថានការណ៍កាន់តែស្មុគ្រស្មាញ កាលនោះក៏កាន់តែត្រូវរក្សាការអត់ធ្មត់និងការអនុវត្តជាក់ស្តែង ព្រមទាំងត្រូវធ្វើការងារយ៉ាងមធ្យ័ត ។ គំនិតផ្តួចផ្តើមរបស់ចិនបានផ្តល់គម្រោងអាចអនុវត្តបានដល់ការដោះស្រាយវិបត្តិអ៊ុយក្រែន ភាគីនានាគួរតែគិតពិចារណាឱ្យបានស៊ីជម្រៅ ក្នុងន័យបង្កើតឱកាសមួយដើម្បីស្តារសន្តិភាពឡើងវិញ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស