ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីរុស្ស៊ី លោកភូទីន ជួបសន្ទនាជាមួយលោក Wang Yi
2023-02-23 15:14:11cri
Share with:


 

នៅថ្ងៃទី២២ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោកភូទីនប្រធានាធិបតីរុស្ស៊ីបានជួបសន្ទនាជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសមជ្ឈិមចិននៅទីក្រុងម៉ូស្គូ។

លោក Wang Yi បានលើកឡើងថា ទំនាក់ទំនងភាពជាដៃគូសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ីក្នុងយុគសម័យថ្មី មិនដែលសំដៅចំពោះភាគីទីបីទេ ហើយក៏មិនត្រូវជ្រៀតជ្រែកពីភាគីទីបីដែរ កាន់តែមិនអនុញ្ញាតឱ្យមានការបង្ខិតបង្ខំដោយភាគីទីបីនោះឡើយ។ ប្រទេសចិនមានឆន្ទៈរួមជាមួយរុស្ស៊ីដើម្បីរក្សាភាពនឹងធឹងជាយុទ្ធសាស្ត្រ ពង្រឹងទំនុកចិត្តគ្នាផ្នែកនយោបាយ ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ការពារផលប្រយោជន៍ស្របច្បាប់នៃប្រទេសទាំងពីរ និងដើរតួនាទីមានលក្ខណៈស្ថាបនារបស់ប្រទេសទាំំងពីរក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍពិភពលោក។

 

ជាការឆ្លើយតប លោក ភូទីន បានលើកឡើងថា បច្ចុប្បន្ន ទំនាក់ទំនងរុស្ស៊ី-ចិនកំពុងឆ្ពោះទៅរកគោលដៅដែលបានគ្រោងទុក។កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កា។ការពង្រឹងសាមគ្គីភាពនិងការសម្របសម្រួលក្នុងកិច្ចការអន្តរជាតិវាមានសារសំខាន់ណាស់ក្នុងការជំរុញការធ្វើប្រជាធិបតេយ្យភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ក៏ដូចជាតុល្យភាពនិងស្ថិរភាពនៃ និម្មាបនកម្មអន្តរជាតិ។

ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអ៊ុយក្រែនយ៉ាងស៊ីជម្រៅ។ លោក Wang Yi បានសម្តែងការកោតសរសើរចំពោះការរំលឹកជាថ្មីរបស់រុស្ស៊ីអំពីឆន្ទៈរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាតាមរយៈការសន្ទនានិងការចរចា។ ប្រទេសចិននឹងរក្សាគោលជំហរសត្យានុម័តនិងយុត្តិធម៌ជាប់រហូត ហើយដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការដោះស្រាយវិបត្តិតាមវិធីនយោបាយ។

អ្នកបកប្រែ:马小青
ប្លុកពិសេស