ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនច្រានចោលការលើកឡើងរបស់លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ហើយដាស់តឿនឱ្យសហរដ្ឋអាមេរិកបង្ហាញភាពស្មោះត្រង់និងកែកំហុសរបស់ខ្លួន
2023-02-23 15:53:43cri
Share with:

ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២២ ខែកុម្ភៈ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានច្រានចោលការលើកឡើងមិនពិតរបស់លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ព្រមនិងដាស់តឿនឱ្យសហរដ្ឋអាមេរិកបង្ហាញភាពស្មោះត្រង់ កែកំហុសរបស់ខ្លួន ប្រឈមមុខនិងដោះស្រាយយ៉ាងត្រឹមត្រូវចំពោះផលប៉ះពាល់ទំនាក់ទំនងចិន-អាមេរិកដោយសារតែអាមេរិកប្រើកម្លាំងអាវុធខុសទំនង ។

យោងតាមការផ្សាយដំណឹងឱ្យដឹងថា ពេលថ្មីៗនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបង្ហោះសារនៅលើ Twitter ដោយថ្កោលទោសចំពោះអ្វីដែលហៅថា បាឡុងចិនបានឈ្លានពានអាមេរិក ហើយបានលើកឡើងម្តងទៀតក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថា បាឡុងចិនបានរំលោភលើអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក និងបានរំលោភបំពានច្បាប់អន្តរជាតិ។

ជុំវិញករណីនេះ លោក Wang Wenbin បានចង្អុលបង្ហាញថា ភាគីចិនបានប្រាប់ទៅភាគីអាមេរិកយ៉ាងច្បាស់ជាច្រើនដងហើយថា បាឡុងស៊ីវិលចិនដែលគ្មានមនុស្សបើកបានចូលដែនអាកាសអាមេរិកដោយចៃដន្យ គឺជាហេតុការណ៍កើតឡើងជាយថាហេតុក្នុងករណីប្រធានស័ក្តិ។ ប៉ុន្តែសហរដ្ឋអាមេរិកព្រងើយកន្តើយនឹងការពិត ប្រឌិតរឿងអំពី "បាឡុងចារកម្ម" ហើយប្រើប្រាស់កម្លាំងអាវុធខុសទំនង និងមានប្រតិកម្មជ្រុល បំពានយ៉ាងធ្ងន់ធ្ងរលើទម្លាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ។ ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើអាក្រក់របស់អាមេរិក ហើយបានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ជាច្រើនលើកចំពោះសហរដ្ឋអាមេរិក ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស