ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍សំខាន់អំពីឧប្បត្តិហេតុបាក់រលំនៃអណ្តូងរ៉ែធ្យូងថ្មបើកចំហនៅតំបន់ Alxa ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង
2023-02-23 15:52:25cri
Share with:

នៅវេលាប្រហែលម៉ោង ១៣ ថ្ងៃទី ២២ ខែកុម្ភៈ នៅក្នុងអណ្តូងរ៉ែធ្យូងថ្មបើកចំហរបស់ក្រុមហ៊ុនធ្យូងថ្ម Xinjing Alxa ក្នុងតំបន់ Alxa ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងនៃប្រទេសចិនកើតឧប្បត្តិហេតុបាក់រលំទ្រង់ទ្រាយធំ ។ គិតរហូតដល់បច្ចុប្បន្ននេះ ឧប្បត្តិហេតុនេះបានបណ្តាលឱ្យមនុស្ស ២ នាក់ស្លាប់ ៦នាក់រងរបួស និង៥៣នាក់ទៀតបាត់ការទាក់ទង ។

បន្ទាប់ពីកើតឧប្បត្តិហេតុ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមនិងបានផ្តល់អនុសាសន៍សំខាន់ ដោយតម្រូវឱ្យខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយដើម្បីស្វែងរកអ្នកបាត់ខ្លួន និងព្យាបាលអ្នករបួសឱ្យអស់ពីលទ្ធភាព ព្រមនិងធ្វើការងារចាត់ចែងពាក់ព័ន្ធឱ្យបានល្អ។ ត្រូវធ្វើការងារជួយសង្គ្រោះតាមបែបវិទ្យាសាស្ត្រ បង្កើនការត្រួតពិនិត្យនិងការផ្តល់សញ្ញាព្រមានជាមុន ដើម្បីបង្ការកុំឱ្យកើតមានគ្រោះមហន្តរាយបន្ទាប់បន្សំ។ ត្រូវស្វែងរកមូលហេតុនៃឧប្បត្តិហេតុឱ្យបានឆាប់ ដេញដោលរកទំនួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ ព្រមនិងធ្វើការសន្និដ្ឋានដើម្បីទប់ស្កាត់ចន្លោះខ្វះខាតក្នុងការគ្រប់គ្រង។ មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនជិតនឹងប្រព្រឹត្តទៅនៅពេលដ៏ខ្លីខាងមុខនេះហើយ គ្រប់តំបន់និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែប្រកាន់ខ្ជាប់ទទួលខុសត្រូវជានិច្ច ធ្វើការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រោះថ្នាក់លាក់កំបាំងខាងសុវត្ថិភាព បង្កើនវិធានការបង្ការ ដើម្បីការពារយ៉ាងប្រាកដប្រជានូវសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន ក៏ដូចជាស្ថិរភាពនៃសង្គមទាំងមូលផងដែរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស