ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកលបានឆ្លងកាត់រយៈពេលបីឆ្នាំហើយ ។ ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ប្រទេសចិនបានប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាអាទិភាពជាប់រហូត ដែលបានកែសម្រួលនិងនាំឱ្យប្រសើរឡើងនូវគោលនយោបាយនិងវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩តាមស្ថានការណ៍និងកាលៈទេសៈខុសៗគ្នា ពោលគឺបានចៀសវាងដោយជោគជ័យកុំឱ្យវីរុសដែលនឹងបង្កមានជំងឺធ្ងន់និងមានអត្រាស្លាប់ខ្ពស់រីករាលដាលយ៉ាងទូលំទូលាយ ដែលបានការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព ក៏ដូចជាទទួលបានពេលវេលាដ៏មានតម្លៃដើម្បីយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
តើប្រទេសចិនបានសម្រេចបានការងារទាំងនេះយ៉ាងដូចម្ដេច?ហើយបានរួមចំណែកអ្វីដល់ពិភពលោក?
ប្រទេសចិនមានចំនួនប្រជាជនច្រើនលើសលប់ ដែលទូទាំងប្រទេសចិនមានប្រជាជនចំនួន១ពាន់៤រយលាននាក់ ។ ដង់ស៊ីតេប្រជាជននៅទីក្រុងធំៗដូចជាក្រុងប៉េកាំងជាដើម មានកម្រិតខ្ពស់ជាទូទៅ ហើយចរាចរណ៍នៃមនុស្សក៏ញឹកញាប់ដែរ ។ នៅជនបទនិងទីប្រជុំជនមធ្យមនិងតូចមួយចំនួន បុគ្គលិកវេជ្ជសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលសាធារណៈគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ មានចំនួនតិចជាងប្រទេសអភិវឌ្ឍន៍ ដូច្នេះ គឺមានការលំបាកកាន់តែខ្លាំងនិងកាន់តែច្រើនក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាជួយសង្គ្រោះនិងព្យាបាលជំងឺផងដែរ ។
ក្នុងបរិបទដែលសភាពការណ៍ជាតិមានស្មុគស្មាញនិងក្រោមការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ប្រទេសចិនបានរាយការណ៍ពីស្ថានភាពជំងឺកូវីដ១៩ទៅកាន់អង្គការសុខភាពពិភពលោកភ្លាមៗ ហើយបានបញ្ជាក់ពីសារធាតុបង្ករោគយ៉ាងទាន់ហេតុការណ៍ ចែករំលែកលំដាប់ហ្សែនវីរុសជាមួយពិភពលោកយ៉ាងទាន់ហេតុការណ៍បានចេញផ្សាយគម្រោងពិនិត្យនិងព្យាបាលជំងឺនិងគម្រោងស្តីពីការបង្ការនិងគ្រប់គ្រងយ៉ាងទាន់ហេតុការណ៍ ដែលបានផ្តល់ទីសំអាងប្រកបដោយវិទ្យាសាស្ត្រដល់សហគមន៍អន្តរជាតិដើម្បីបង្ការនិងគ្រប់គ្រងជំងឺ ក៏ដូចជាសិក្សាស្រាវជ្រាវវ៉ាក់សាំងនិងថ្នាំតេស្តផងដែរ ។
ចាប់ពីឆមាសទីមួយឆ្នាំ២០២០ដល់ចុងឆ្នាំ២០២២ ទន្ទឹមនឹងអនុវត្តការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ជាប្រចាំ ប្រទេសចិនក៏បានធ្វើការសិក្សាស្រាវជ្រាវពីថ្នាំព្យាបាលជំងឺនិងវ៉ាក់សាំងយ៉ាងឆាប់រហ័ស ហើយបានជំរុញការងារចាក់វ៉ាក់សាំងជំងឺកូវីដ១៩ឥតគិតថ្លៃដ៏មានទ្រង់ទ្រាយធំលើទូទាំងពិភពលោកក្នុងរយៈពេលដ៏ខ្លី ។ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅ ប្រទេសចិនបានខំប្រឹងរក្សាអត្រាឆ្លងនិងអត្រាស្លាប់បាត់បង់ជីវិតក្នុងក្របខ័ណ្ឌទាបបំផុតនៅលើពិភពលោក ។
តើប្រទេសចិនបានរួមចំណែកអ្វីដល់ពិភពលោក?
ក្នុងសភាពការណ៍ដែលខ្លួនឯងបានរងការលំបាកដ៏ខ្លាំងក្លា ចិនក៏បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកលជាប់រហូត ប្រទេសចិនបានផ្តល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សរុបចំនួនរាប់សែនលានសម្ភារៈដល់ប្រទេសចំនួន១៥៣និងអង្គការអន្តរជាតិចំនួន១៥ ចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រចំនួន៣៧ក្រុមទៅកាន់ប្រទេសចំនួន៣៤ ដើម្បីចែករំលែកបទពិសោធន៍របស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ចិនក៏ជាប្រទេសដែលបានសន្យាថា នឹងចាត់ទុកវ៉ាក់សាំងកូវីដ១៩ជាផលិតផលសាធារណៈសកលមុនគេបង្អស់ ដែលបានផ្តល់វ៉ាក់សាំងលើសពី២ពាន់២រយលានដូសដល់ប្រទេសនិងអង្គការអន្តរជាតិជាង១២០ ក៏ដូចជាបានក្លាយទៅជាប្រទេសដែលបានផ្តល់វ៉ាក់សាំងច្រើនបំផុតចំពោះបរទេស ។
តើចិននឹងធ្វើយ៉ាងដូចម្តេចនៅពេលអនាគត?
បច្ចុប្បន្ននេះ ស្ថានការណ៍បង្ការនិងគ្រប់គ្រង់ជំងឺកូវីដ១៩របស់ចិនមាននិន្នាការល្អប្រសើរជាទូទៅ ប៉ុន្តែជំងឺកូវីដ១៩នៅតែរីករាលដាលនៅទូទាំងពិភពលោកដដែល ហើយវីរុសក៏បាននិងកំពុងបម្លែងឥតឈប់ឈរដែរ ។ ប្រទេសចិននឹងបូកសរុបបទពិសោធន៍និងវិធីសាស្ត្ររបស់ខ្លួនក្នុងរយៈពេលជាងបីឆ្នាំកន្លងមក ជាពិសេសគឺរយៈពេលថ្មីៗកន្លងទៅនេះ ដើម្បីបង្កើនប្រព័ន្ធសេវាកម្មសុខាភិបាល និងពង្រឹងសមិទ្ធផលសំខាន់ៗដែលបានមកដោយមិនងាយ ៕