លោកស្រីZhen Shunyingមានអាយុ៦០ឆ្នាំក្នុងឆ្នាំនេះជាអ្នកបន្តវេនរបស់ល្ខោនទាជីវដែលជាបេតិកភណ្ឌវប្បធម៌អរូបិយថ្នាក់ជាតិចិន។
ល្ខោនទាជីវជាល្ខោនហ៊ីដ៏បុរាណម្យ៉ាងដែលច្រៀងជាភាសាចិនទាជីវក្នុងតំបន់ភាគខាងត្បូងប្រទេសចិនដែលមានប្រវត្តិសាស្រ្តជាង៥៨០ឆ្នាំមកហើយ។
លោកស្រីZhen Shunyingនិងស្វាមីបានប្រឡងជាប់សាលាវិចិត្រសិល្បៈល្ខោនទាជីវនាឆ្នាំ១៩៧៨ ហើយរៀនសម្តែងល្ខោនទាជីវជាមួយគ្នា។លោកស្រីនិងស្វាមី បានស្គាល់គ្នានិងស្រឡាញ់គ្នាតាមរយៈល្ខោនទាជីវ ហើយរួមគ្នាអភិរក្សនិងបន្តវេននូវល្ខោនទាជីវ។ទោះបីបានឈានចូលអាយុ៦០ឆ្នាំក៏ដោយក៏លោកស្រីZhen Shunyingនៅតែខិតខំហាត់សមជារៀងរាល់ថ្ងៃ ហើយប្រឹងប្រែងធ្វើយ៉ាងម៉េច ដើម្បីឱ្យយុវជនកាន់ច្រើនបានស្គាល់ល្ខោនទាជីវនិងរៀនសម្តែងល្ខោនទាជីវ។ដោយសារលោកស្រីបានដឹងថាមានតែយុវជនចូលចិត្តនោះ ល្ខោនទាជីវទើបមានអនាគត។
ក្រុមសិល្បៈល្ខោនទាជីវដែលលោកស្រីZhen Shunyingនៅគឺបង្កើតឡើងនៅឆ្នាំ១៩៥៦ដែលបានបណ្តុះបណ្តាលធនធានមនុស្សខាងល្ខោនទាជីវជាច្រើនក្នុងរយៈពេលជាង៦០ឆ្នាំមក។សិល្បករទាំងឡាយធ្លាប់សម្តែងទៅដល់ប្រទេសសិង្ហបុរីថៃនិងឥណ្ឌូណេស៊ីជាដើម។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររងការប៉ះពាល់ពីជំងឺកូវីដ១៩ក្រុមសិល្បៈល្ខោនទាជីវមានឱកាសចេញទៅសម្តែងកាន់តែតិចទៅៗ។ ដើម្បីអភិរក្សវប្បធម៌ប្រពៃណី ធ្វើឱ្យ ល្ខោនទាជីវបន្តវេនកាន់តែល្អ រដ្ឋបាលតំបន់បានផ្តល់ប្រាក់ឧបត្ថម្ភ ទ្រទ្រង់ដល់ក្រុមសិល្បៈល្ខោនទាជីវ។
បច្ចុប្បន្ននេះប្រទេសចិនមានប្រភេទល្ខោនហ៊ីតាមតំបន់ជាង៣០០ប្រភេទ។ដោយសារមានការអភិរក្សនិងបន្តវេនរបស់រដ្ឋាភិបាលនិងក្រុមសិល្បករល្ខោនហ៊ីប្រពៃណីទាំងនេះ ទោះបីបានឆ្លងកាត់់ប្រវត្តិសាស្រ្តដ៏យូរអង្វែង ក៏នៅតែរក្សាបានភាពទាក់ទាញដ៏វិសេសវិសាលនិងជីវិតដ៏រស់រវើក៕