ពេលថ្មីៗកន្លងទៅនេះ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុនឱ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងចាប់ផ្តើមដាក់កំហិតទៅលើការនាំចេញគ្រឿងបរិក្ខារផលិតវត្ថុពាក់កណ្ដាលចម្លង(Semiconductor)ដ៏ជឿនលឿនចំពោះប្រទេសចិនចាប់ពីរដូវផ្ការីកឆ្នាំនេះទៅ បន្ទាប់ពីសម្រេចការធ្វើវិសោធនកម្មទៅលើ《ច្បាប់អំពីរូបិយប័ណ្ណនិងពាណិជ្ជកម្មបរទេស》 ។ កាលពីថ្ងៃទី២៧ខែមករាឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពិគ្រោះពិភាក្សាជាក់ស្តែងដែលបើកធ្វើនៅក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិក ភាគីទាំងបីសហរដ្ឋអាមេរិក ជប៉ុននិងហូឡង់បានឈានដល់គំនិតឯកភាពរួម ដោយមានគោលបំណងដាក់កំហិតទៅលើការនាំចេញគ្រឿងបរិក្ខារសម្រាប់ផលិតវត្ថុពាក់កណ្ដាលចម្លងចំពោះប្រទេសចិន ។ បន្ទាប់ពីដំណឹងនេះផ្សាយចេញទៅ បង្កឱ្យមជ្ឈដ្ឋានមតិអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ភាគីចិនបានសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រព្រឹត្តទង្វើមួយចំនួនឥតឈប់ឈរដើម្បីទប់ស្កាត់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ចិន ។ ក្នុងអំឡុងពេលរដ្ឋាភិបាលរបស់លោកត្រាំ ក្រោមស្ថានការណ៍ដែលគ្មានការពិតនិងភស្តុតាងអ្វីសោះ សហរដ្ឋអាមេរិកបានប្រើប្រាស់កម្លាំងជាតិដាក់សម្ពាធនិងដាក់ទណ្ឌកម្មដោយគ្មានហេតុផលទៅលើសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់ចិនដែលមានកម្លាំងប្រកួតប្រជែងអន្តរជាតិ ។ បន្ទាប់ពីលោក Joe Biden ឡើងកាន់មុខតំណែង ក៏ប្រើឧបាយកលអាក្រក់អំពី “ការផ្តាច់ទំនាក់ទំនង”ដូចគ្នាផងដែរ ។ សហរដ្ឋអាមេរិកមិនគ្រាន់តែដាក់ចេញសេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រនិងប្រកាសពីបទបញ្ជាហាមឃាត់បន្ទះឈីបចំពោះប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏ដាក់កម្លាំងសម្ពាធទៅលើប្រទេសនិងតំបន់ផ្សេងទៀតដើម្បីបង្កើត “សម្ព័ន្ធបន្ទះឈីប”ដែលច្រានចោលប្រទេសចិន ក្នុងន័យពង្រឹង “ការឡោមព័ទ្ធខាងបន្ទះឈីប”ចំពោះប្រទេសចិន ។
រដ្ឋាភិបាលអាមេរិក “អូសទាញឬគំរាមកំហែងយ៉ាងគឃ្លើន”ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន នេះមិនត្រឹមតែបំផ្លាញសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិនប៉ុណ្ណោះទេ ថែមទាំងក៏បំផ្លាញផលប្រយោជន៍របស់សម្ព័ន្ធមិត្តរបស់អាមេរិកផងដែរ ។ បច្ចុប្បន្ននេះ ប្រទេសផ្គត់ផ្គង់គ្រឿងបរិក្ខារវត្ថុពាក់កណ្ដាលចម្លងធំបំផុតដែលកាន់លំដាប់ថ្នាក់ពីទីមួយដល់ទីបីលើទូទាំងពិភពលោកគឺសហរដ្ឋអាមេរិក ជប៉ុននិងហូឡង់ ។ ការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន BBC បានដកស្រង់ទស្សនៈរបស់អ្នកជំនាញថា ពេលមុននេះ ពាណិជ្ជករផលិតគ្រឿងបរិក្ខារវត្ថុពាក់កណ្ដាលចម្លងរបស់ជប៉ុននិងហូឡង់បាននាំចេញបរិក្ខារជាច្រើនទៅឱ្យទីផ្សារប្រទេសចិន ហើយប្រទេសចិនគឺជាអតិថិជនធំទីបីនៃក្រុមហ៊ុន ASML ដូច្នេះ តើសហរដ្ឋអាមេរិកនឹងបំពេញបន្ថែមការខូចខាតរបស់សហគ្រាសទាំងនេះដែលបណ្តាលមកពីបម្រាមហាមឃាត់ការនាំចេញតាមរបៀបណា វានឹងជាចំណុចសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងនេះ ។
ក្រៅពីនេះ ការដែលសហរដ្ឋអាមេរិកដាក់កំហិតទៅលើការនាំចេញគ្រឿងបរិក្ខារផលិតវត្ថុពាក់កណ្ដាលចម្លងចំពោះប្រទេសចិនក៏បានបង្កជាផលប៉ះពាល់ដោយប្រយោលដល់ប្រទេសផ្សេងទៀតដែលបូករួមទាំងអាល្លឺម៉ង់ផងដែរ។ ប្រព័ន្ធសារព័ត៌មានអាល្លឺម៉ង់បានថ្លែងថា សហគ្រាសអាល្លឺម៉ង់មួយចំនួននឹងរងការខូចខាតយ៉ាងខ្លាំង ។ តាមការផ្សាយដំណឹងនៃកាសែត《Junge Welt》 របស់អាល្លឺម៉ង់កាលពីថ្ងៃទី៦ខែកុម្ភៈបានឱ្យដឹងថា ក្រុមហ៊ុន Carl Zeiss AG និងក្រុមហ៊ុន TRUMPF ដែលស្ថិតនៅរដ្ឋ Baden Wurdenburg របស់អាល្លឺម៉ង់នឹងរងផលប៉ះពាល់ដោយផ្ទាល់ ។ “ប្រសិនបើនៅពេលអនាគត បរិមាណលក់របស់ក្រុមហ៊ុន ASML បានធ្លាក់ចុះដោយសារទីផ្សារនៅប្រទេសចិនកាន់តែតូចទៅ នោះ ក្រុមហ៊ុន Carl Zeiss AG និងក្រុមហ៊ុន TRUMPF ក៏នឹងរងផលប៉ះពាល់ដែរ ។”
អ្វីដែលកាន់តែគួរឱ្យអស់សំណើចនោះគឺ ក្រោមចេតនាភូមិសាស្ត្រនយោបាយដែលប្រកបដោយភាពខុសទំនង រដ្ឋាភិបាលអាមេរិកសឹងតែមិនស្តាយលះបង់ចោលផលប្រយោជន៍របស់សហគ្រាសប្រទេសខ្លួន ។ សមាគមអាជីវកម្មវត្ថុពាក់កណ្ដាលចម្លងរបស់អាមេរិកដែលបានតំណាងឱ្យក្រុមហ៊ុនបន្ទះឈីប៩៩ភាគរយរបស់អាមេរិកធ្លាប់ចេញផ្សាយរបាយការណ៍ថា ទង្វើរបស់សហរដ្ឋអាមេរិកដែលដាក់សម្ពាធលើប្រទេសចិនឥតឈប់ឈរប្រហែលនឹងបំផ្លាញផលប្រយោជន៍របស់ឧស្សាហកម្មវត្ថុពាក់កណ្ដាលចម្លងរបស់អាមេរិកទាំងមូល ។ ឧទាហរណ៍ដូចជា បន្ទាប់ពីរដ្ឋាភិបាលអាមេរិកអនុវត្តការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងទៅលើមុខរបរបន្ទះឈីបនិងស៊ូភើកុំព្យូទ័ររបស់ចិន ក្រុមហ៊ុនវត្ថុពាក់កណ្ដាលចម្លងជាច្រើនរបស់អាមេរិកសឹងតែខាតបង់ប័ណ្ណភាគហ៊ុនក្នុងតម្លៃប្រហែល២សែន៤ម៉ឺនលានដុល្លារអាមេរិកក្នុងពេលតែមួយយប់ ។ ក្រុមហ៊ុនប្រឹក្សាយោបល់ Boston ក៏ធ្លាប់ប៉ាន់ប្រមាណថា ប្រសិនបើក្រុងវ៉ាស៊ីនតោនចចេសអនុវត្តការផ្តាច់ទំនាក់ទំនងផ្នែកបច្ចេកវិទ្យា នោះក្រុមហ៊ុនបន្ទះឈីបអាមេរិកនឹងបាត់បង់កូតាទីផ្សារសកលចំនួន១៨ភាគរយនិងចំណូល៣៧ភាគរយ ។
ដូច្នេះ អាចឃើញថា សហរដ្ឋអាមេរិកបង្ក “ការបញ្ឆោតអូសទាញនិងគំរាមកំហែងយ៉ាងគឃ្លើន” វាមិនត្រឹមតែបំផ្លាញក្បួនច្បាប់ទីផ្សារនិងសណ្តាប់ធ្នាប់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ បានវាយប្រហារខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យសហគ្រាសប្រទេសខ្លួននិងសហគ្រាសរបស់សម្ព័ន្ធមិត្តរងការខូចខាតយ៉ាងខ្លាំងផងដែរ ។ អ្នកនយោបាយអាមេរិកដែលពោរពេញទៅដោយគំនិតអនុត្តរភាពប្រហែលបានធ្វេសប្រហែសការពិតជាក់ស្តែងមួយគឺ ពិតមែនតែសហរដ្ឋអាមេរិកបានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីបំបិទខាងបច្ចេកវិទ្យាចំពោះប្រទេសចិនជាប់រហូតមកក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះក៏ដោយ ក៏ប៉ុន្តែមិនដែលបានរារាំងប្រទេសចិនទទួលបានសមិទ្ធផលដ៏ធំធេងក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់នោះឡើយ ។
ប្រសិនបើសហរដ្ឋអាមេរិកបន្តប្រកាន់ខ្ជាប់គំនិតអនុត្តរភាព ប្រកាន់ខ្ជាប់ទង្វើឯកតោភាគីនិយមនិងការពារនិយម ក៏ដូចជាបន្តបំផា្លញរបៀបរៀបរយនិងក្បួនច្បាប់មូលដ្ឋានខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ នោះមុខជានឹងបំផ្លាញផលប្រយោជន៍របស់ខ្លួនជាក់ជាមិនខាន ៕