ពេលថ្មីៗកន្លងទៅនេះ លោក Seymour Hersh អ្នកសារព័ត៌មានស៊ើបអង្កេតដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិកបានចុះផ្សាយអត្ថបទថា រដ្ឋាភិបាលលោក Joe Biden បានរៀបចំគម្រោងយ៉ាងម៉ត់ចត់ក្នុងការបំផ្ទុះបំពង់ Nord-Stream ដែលរុស្ស៊ីបង្ហូរឧស្ម័នធម្មជាតិទៅអឺរ៉ុប ។ តាមរយៈការពិពណ៌នាអំពីកិច្ចការលម្អិតនៃដំណើរហេតុការណ៍នេះជាច្រើន ឥស្សរជនអ្នកវិភាគជាច្រើនបានសម្គាល់ថា នេះមិនអាចជារឿងគ្មានភស្តុតាងនោះទេ ។ ប៉ុន្តែ ស្ថាប័នជាច្រើនរបស់អាមេរិកដូចជា គណៈកម្មាធិការសន្តិសុខជាតិសេតវិមាន ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA និងក្រសួងការបរទេសអាមេរិកជាដើមសុទ្ធតែបដិសេធទាំងស្រុង រីឯប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃបស្ចិមប្រទេសដែលតែងតែចាប់អារម្មណ៍រសើបចំពោះព័ត៌មានធំៗស្ទើរតែមិនបញ្ចេញសំឡេងដែលខុសពីប្រក្រតី ។
នៅរយៈពេលជាង៤ខែមុន បំពង់បង្ហូរឧស្ម័នធម្មជាតិទៅអាល្លឺម៉ង់របស់រុស្ស៊ីដែលឈ្មោះ “Nord-Stream-1” និងបំពង់“Nord-Stream-2”បានកើតរឿងបំផ្ទុះក្រោមទឹកយ៉ាងខ្លាំងនៅលំហសមុទ្រក្បែរស៊ុយអែតនិងដាណឺម៉ាក ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ប្រសិនបើគ្មានការអនុញ្ញាតដោយសម្ងាត់និងញាក់ខ្សែបញ្ជាពីក្រោយពីរដ្ឋាភិបាលប្រទេសពាក់ព័ន្ធនិងប្រទេសធំ នោះ ការវាយប្រហារបំពង់ថាមពលវាគឺជាភារកិច្ចដែលពិបាកសម្រេចបាន ដូច្នេះ ការនេះអាចនឹងជា “ទង្វើភេរវកម្មជាតិនិយម”មួយលើក ។
អាកប្បកិរិយារបស់រដ្ឋាភិបាលអាមេរិកដែលគេចវេះនិងមិនឆ្លើយតបត្រង់ៗបែបនេះ បែរជាបង្កឱ្យឃើញចំណុចគួរឱ្យសង្ស័យចាប់ពីកើតហេតុការណ៍នេះមក៖
ទីមួយ ហេតុអ្វីបានជាសហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចស្រែកថា ត្រូវស៊ើបអង្កេតចំពោះហេតុការណ៍នេះខណៈពេលទើបកើតរឿងនេះ ប៉ុន្តែក្រោយមកក៏គ្មានសកម្មភាពបន្ទាប់?
បំពង់បង្ហូរឧស្ម័ន Nord-Stream ជាគម្រោងដែលរុស្ស៊ីនិងប្រទេសអឺរ៉ុបវិនិយោគរួមគ្នា។ បន្ទាប់ពីកើតមានហេតុការណ៍នេះ លោក Jose Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុបធ្លាប់លើកឡើងថា ហេតុការណ៍បំពង់បង្ហូរឧស្ម័ន Nord-Stream មិនមែនជារឿងចៃដន្យទេ សហភាពអឺរ៉ុបនឹងគាំទ្ររាល់ការស៊ើបអង្កេតចំពោះករណីនេះ។ លោក Joe Biden ប្រធានាធិបតីអាមេរិកក៏បានថ្លែងថា បន្ទាប់ពីរឿងនេះកន្លងផុតទៅប៉ុន្មានថ្ងៃ យើងនឹងចាត់បញ្ជូនអ្នកមុជទឹកទៅរុករកនិងស៊ើបអង្កេតក្នុងពេលវេលាសមស្រប។ ប៉ុន្តែអ្វីដែលគួរឱ្យចម្លែកនោះគឺ បន្ទាប់ពីបង្ហាញឥរិយាបថហើយ ក៏គ្មានប្រតិបត្តិការបន្ទាប់នោះឡើយ អាកប្បកិរិយារបស់សហរដ្ឋអាមេរិកនិងអឺរ៉ុបក៏បានប្រែប្រួលយ៉ាងច្បាស់ក្រឡែត។
ទីពីរ ហេតុអ្វីបានជាប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចដែលតែងតែក្តាប់ជាប់ “ដំណឹងបែកធ្លាយ” ស្ទើរតែមិនបញ្ចេញសំឡេងអ្វីជាមួយគ្នាបន្ទាប់ពីលោក Seymour Hersh ចុះផ្សាយអត្ថបទ?
ប្រព័ន្ធសារព័ត៌មាន CNN របស់អាមេរិក កាសែត Washington Post កាសែត The New York Times និងប្រព័ន្ធសារព័ត៌មាន BBC អង់គ្លេសជាដើមសុទ្ធតែមិនបានផ្សាយដំណឹងពាក់ព័ន្ធនឹងករណីនេះទេ ។ អ្នកផងទាំងពួងចង់សួរថា បំណាច់ជាប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចយកចិត្តទុកដាក់ដល់ហេតុការណ៍បំពង់បង្ហូរឧស្ម័ន Nord-Stream បែបនេះ ហេតុអ្វីបានជាពួកគេមិនអើពើនឹងដំណឹងគួរឱ្យភ្ញាក់ផ្អើលធំអ៊ីចឹង? តើអ្នកណាញាក់ខ្សែបញ្ជាពីក្រោយពួកគេឱ្យរក្សាភាពស្ងៀមស្ងាត់ដោយលក្ខណៈជ្រើសរើសបែបនេះ ?
បច្ចុប្បន្ននេះ ការផ្សាយដំណឹងអំពីការស៊ើបអង្កេតរបស់លោក Seymour Hersh បានផ្តល់តម្រុយដ៏សំខាន់ដល់ការស៊ើបអង្កេតអំពីហេតុការណ៍បំពង់បង្ហូរឧស្ម័ន Nord-Stream ភាគីនានាគួរតែបន្ដតាមដានស៊ើបអង្កេតតទៅទៀត ។ ភាគីអាមេរិកតែងតែនិយាយបានតែមាត់ពី “សណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកក្បួនច្បាប់ជាមូលដ្ឋាន” នោះ ក៏ចាំបាច់ត្រូវឆ្លើយតបនឹងការសង្ស័យពីសហគមន៍អន្តរជាតិយ៉ាងស្មោះត្រង់ ហើយសហការជាមួយនឹងការស៊ើបអង្កេតចម្រុះពហុភាគី ដើម្បីផ្តល់ការពិតដែលមានទំនួលខុសត្រូវដល់ពិភពលោក ៕