ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឆ្នាំ ២០២៣ ពិភពលោកផ្ញើក្តីរំពឹងទុកយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចចិន
2023-02-06 09:55:38cri
Share with:

    ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំថោះឆ្នាំ ២០២៣ ចំនួនអ្នកធ្វើទេសចរណ៍នៅទូទាំងប្រទេសចិន គឺ ៣០៨ លាននាក់ដែលសម្រេចបាននូវចំណូលទេសចរណ៍ក្នុងស្រុក ៣ សែន ៧ ម៉ឺន ៥ ពាន់ ៨ រយ ៤៣ លានយាន់ប្រាក់ចិន បានកើនឡើង ២៣,១ ភាគរយនិង ៣០ ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ចំណូលលក់សំបុត្រភាពយន្តសរុបក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គឺ ៦ ពាន់ ៧ រយ ៥៨ លានយាន់ប្រាក់ចិនដែលបានកើនឡើង ១១,៨៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ហើយយោងតាមការពិនិត្យនិងធ្វើស្ថិតិនៃស្ថាប័នគ្រប់គ្រងជនអន្តោប្រវេសន៍ទូទាំងប្រទេសចិនបានឱ្យដឹងថា ចំនួនបុគ្គលិកចេញចូលដែនបានកើនឡើង ១២០,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ល។ ទិន្នន័យថ្មីបំផុតក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំថោះដែលចិនបានប្រកាសទាំងនោះបានបង្ហាញពីនិន្នាការស្តារឡើងវិញនៃសេដ្ឋកិច្ចនិងកម្លាំងរស់រវើកនៃទីផ្សារប្រើប្រាស់របស់ចិន ។

    បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទីមួយបន្ទាប់ពីការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩រ របស់ចិនបានឈានចូលដំណាក់កាលថ្មី ទន្ទឹមនឹងរដ្ឋាភិបាលចិនបានរៀបចំឡើងវិញប្រកបដោយរបៀបរៀបរយឱ្យប្រជាពលរដ្ឋចិនទៅធ្វើទេសចរណ៍នៅក្រៅប្រទេស ប្រជាជនចិនជាច្រើនបានជ្រើសរើសការទៅធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះដែលបាននាំមកនូវជំនឿចិត្តដល់ការងើបឡើងវិញនៃឧស្សាហកម្មទេចសចរណ៍របស់ប្រទេសជាច្រើន ព្រមពេលជាមួយគ្នានេះ វាក៏ជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចសកលដ៏ខ្លាងក្លាផងដែរ ។

    ពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានវិនិយោគអន្តរជាតិជាច្រើនដូចជាក្រុមហ៊ុន Morgan Stanley ក្រុមហ៊ុន Goldman Sachs និងក្រុមហ៊ុន JPMorgan Chase ជាដើមបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៣ ។ សភាពាណិជ្ជកម្មប្រទេសជាច្រើននៅប្រទេសចិន ដូចជាអាមេរិក អង់គ្លេសនិងអាល្លឺម៉ងជាដើមបានសម្គាល់ឃើញថា ប្រទេសចិនកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ វាមានអំណោយផលដល់ការរៀបចំឡើងវិញនូវការទៅមកនិងការធ្វើដំណើរផ្នែកពាណិជ្ជកម្មរបស់បុគ្គលិកចិននិងបរទេស ក៏ដូចជានឹងរៀបចំឡើងវិញនូវសុទិដ្ឋិនិយមចំពោះទីផ្សារចិនផងដែរ ប្រទេសចិននឹងបន្តក្លាយជាគោលដៅវិនិយោគជាអាទិភាពរបស់ទុនបរទេស ។ ការដែលប្រទេសចិនធ្វើឱ្យគោលនយោបាយចូលដែនចិនមានសុក្រឹតភាពថែមមួយកម្រិតទៀត គឺ មានអំណោយផលយ៉ាងច្បាស់លាស់ដល់សេដ្ឋកិច្ចក្នុងតំបន់និងពាណិជ្ជកម្មសកល ។

    តាមការវិភាគរបស់អ្នកជំនាញបានឱ្យដឹងថា ឆ្នាំ ២០២៣ យោងតាមតម្រូវការបានកើនឡើងវិញជាសន្សឹមៗនិងឥទ្ធិពលវិជ្ជមានរបស់គោលនយោបាយ សេដ្ឋកិច្ចនិងសង្គមចិននឹងបញ្ចេញភាពរស់រវើកថែមមួយកម្រិតទៀតដើម្បីបំពេញបន្ថែមនូវកម្លាំងចលករយ៉ាងខ្លាំងដល់កាជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។

    តំបន់នានារបស់ប្រទេសចិនបាននាំគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបើកការដ្ឋានសាងសង់គម្រោងវិស្វកម្មធំនិងសំខាន់ៗ ក៏ដូចជាចាត់បញ្ជូនគណប្រតិភូចេញទៅបរទេសជាបន្តបន្ទាប់តាមរយៈការម៉ៅយន្តហោះដើម្បីស្វែងរកការបញ្ជាទិញ ហើយទីផ្សារម្ហូបអាហារនិងទេសចរណ៍កំពុងស្តារឡើងវិញជាបណ្តើរៗ ។ល។ វិនិយោគិនអន្តរជាតិបានមើលឃើញកាលានុវត្តភាពថ្មីរបស់ប្រទេសចិន ហើយប្រព័ន្ធសារព័ត៌មានបរទេសបានរកឃើញសញ្ញាវិជ្ជមានរបស់សេដ្ឋកិច្ចចិនដែលកំពុងវិវឌ្ឍរីកចម្រើនទៅរកភាពល្អប្រសើរ ។

    កាសែត«Financial Times»របស់អង់គ្លេសបានដកស្រង់ការប៉ាន់ប្រមាណរបស់អ្នកវិភាគនៃធនាគារ Citibank របស់អាមេរិកថា ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមនៅឆ្នាំ ២០២៣ នឹងកើនឡើង ១១ ភាគរយ គឺបានឡើងដល់ ៥០ ទ្រីលានយាន់ប្រាក់ចិន ។ ដូច្នេះ វិនិយោគិននិងអ្នកវិភាគបានប៉ាន់ប្រមាណថា "ក្នុងរយៈពេល ១ ឆ្នាំខាងមុខនេះ អនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិននឹងមានភាពកាន់តែភ្លឺស្វាង" ។

    តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន CNN របស់អាមេរិកនាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា ខេត្តនិងភូមិភាគសំខាន់ៗមួយចំនួនរបស់ប្រទេសចិនបានលើកឡើងនូវគោលដៅកំណើននៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ២០២៣ ក្នុងនោះ តំបន់ភាគច្រើនសុទ្ធតែបានកំណត់ គឺ លើសពី ៥ ភាគរយដែលបានផ្តល់តម្រុយដំបូងបង្អស់សម្រាប់ការកំណត់មាគ៌ាអភិវឌ្ឍន៍នៃសេដ្ឋកិច្ចចិននៅឆ្នាំ ២០២៣ ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា រដ្ឋាភិបាលចិនបានកែសម្រួលវិធានការអំពីឧស្សាហកម្មបច្ចេកវិទ្យានិងអាជីវកម្មអចលនទ្រព្យ ។ បាតុភូតទាំងនេះបានលើកកម្ពស់ជំនឿចិត្តរបស់វិនិយោគិននិងអ្នកវិភាគ ហេតុនេះហើយ ពួគគេជឿជាក់ថា សេដ្ឋកិច្ចចិននៅឆ្នាំ ២០២៣ នឹងងើបឡើងវិញយ៉ាងលេចធ្លោ ។

    សូមបញ្ជាក់ថា របាយការណ៍ស្តីពី«ស្ថានការណ៍និងការរំពឹងទុកអំពីសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ »ដែលអង្គការសហប្រជាជាតិបានចេញផ្សាយកាលពីថ្ងៃទី ២៥ ខែមករាឆ្នាំនេះបានប៉ាន់ប្រមាណថា ទន្ទឹមនឹងរដ្ឋាភិបាលចិនកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ និងចាត់វិធានការសេដ្ឋកិច្ចដ៏វិជ្ជមាន កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំនេះនឹងឡើងដល់ ៤,៨ ភាគរយ ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងជះឥទ្ធិពលដ៏សំខាន់ទៅលើប្រទេសជាច្រើននៅតំបន់អាស៊ីបូព៌ា ហើយតាមការប៉ាន់ប្រមាណ ការស្តារឡើងវិញនៃសេដ្ឋកិច្ចចិននឹងផ្តល់ការគាំទ្រដល់កំណើននៃតំបន់ទាំងមូល ។

    ឆ្នាំ ២០២២ ផលិតផលក្នុងស្រុកសរុបរបស់ចិនគឺ លើសពី ១២០ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៣ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២១ ទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនបានឡើងដល់ ៤២,០៧ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៧,៧ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២១ ក៏ដូចជាប្រាក់នៅសល់នៃទំហំរូបិយប័ណ្ណបម្រុងរបស់ចិននៅចុងឆ្នាំ ២០២២ មានចំនួន ៣ លាន ១ សែន ២ ម៉ឺន ៧ ពាន់ ៧ រយលានដុល្លារអាមេរិកដែលស្ថិតក្នុងចំណាត់ថ្នាក់ទី ១ លើពិភពលោក។ល។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសចិនបានទប់ទល់នឹងកម្លាំងសម្ពាធ ហើយសម្រេចបាននូវភាពនឹងនរជាទូទៅនៃដំណើរការខាងសេដ្ឋកិច្ចចិន ។

    តាំងពីចូលឆ្នាំ ២០២២ មក ក្នុងបរិបទដែលរងផលប៉ះពាល់ពីកត្តាហួសពីការប៉ាន់ប្រមាណជាច្រើន ដូចជា ភាពច្របូកច្របល់នៃស្ថានការណ៍នយោបាយភូមិសាស្ត្រ ហានិភ័យធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកបានកើនឡើងនិងជំងឺកូវីដ ១៩ ក្នុងស្រុកចិនបានរីករាលដាលនៅតំបន់ជាច្រើនជាដើម សេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធ ទំហំសេដ្ឋកិច្ចសរុបបានបំបែកកំណត់ត្រាថ្មីម្តងទៀត សមិទ្ធផលគួរឱ្យកត់សម្គាល់ទាំងនេះគឺបានមកដោយមិនងាយនោះទេ ។ បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោក អត្រាកំណើនសេដ្ឋកិច្ចចំនួន ៣ ភាគរយ របស់ចិននៅឆ្នាំ ២០២២ ខ្ពស់ជាងអង្គភាពសេដ្ឋកិច្ចសំខាន់ៗភាគច្រើនដែលបង្ហាញពីភាពធន់ដ៏ខ្លាំងក្លានិងកម្លាំងរស់រវើកយ៉ាងផុលផុស ។

    តាំងពីចូលឆ្នាំ ២០២៣ មក ប្រទេសចិនបានបន្តបោះជំហានយ៉ាងខ្លាំងក្លាក្នុងការជំរុញការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ ។ ចាប់ពីថ្ងៃទី ១ ខែមករាឡើងទៅ ប្រទេសចិនបានអនុវត្តជាផ្លូវការនូវ«បញ្ជីឈ្មោះឧស្សាហកម្មដែលលើកទឹកចិត្តឱ្យវិនិយោគិនបរទេសបណ្តាក់ទុនឆ្នាំ ២០២២ » ។ បញ្ជីឈ្មោះនេះនឹងផ្តល់ចន្លោះអភិវឌ្ឍន៍កាន់តែទូលំទូលាយនិងប្រាក់ចំណេញកាន់តែច្រើនសន្ធឹកដល់វិនិយោគិនបរទេសដែលបានបណ្តាក់ទុននៅចិន ។ ចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំនេះតទៅ ប្រទេសចិនក៏នឹងអនុវត្តវិធានការកាត់បន្ថយពន្ធគយចំពោះអត្រាពន្ធគយអនុគ្រោះបំផុតនៃផលិតផលបច្ចេកវិទ្យាព័ត៌មានចំនួន ៦២ ផ្នែកផងដែរ ។ បន្ទាប់ពីបានកែសម្រួល កម្រិតពន្ធគយទូទៅរបស់ចិននឹងត្រូវកាត់បន្ថយពី ៧,៤ ភាគរយមកនៅត្រឹម ៧,៣ ភាគរយ ។ វិធានការទាំងនេះបានបង្ហាញយ៉ាងពេញលេញនូវឆន្ទៈដ៏មុតមាំរបស់ប្រទេសចិនក្នុងការបន្តជំរុញការបើកទូលាយចំពោះក្រៅប្រទេសតទៅទៀត ក៏ដូចជារួមគ្នាចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយបណ្តាភាគីនានា ។

    ដើម្បីធ្វើឱ្យពិភពលោកអាចចែករំលែកនូវសមិទ្ធផលជាផ្លែផ្កានិងឱកាសអភិវឌ្ឍន៍របស់ចិនឱ្យបានកាន់តែល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ប្រទេសចិនបានបង្កើតឡើងជាថ្មីនូវវេទិកាជំរុញការនាំចូលប្រកបដោយកម្រិតខ្ពស់និងគុណភាពខ្ពស់ជាច្រើន ។ កិច្ចកសាងនិងការអភិវឌ្ឍនៃវេទិកាមួយចំនួន ដូចជា ពិព័រណ៍នាំចូលចិនអន្តរជាតិនិងពិព័រណ៍ផលិតផលប្រើប្រាស់ចិនអន្តរជាតិជាដើមបានផ្តល់ការធានាយ៉ាងខ្លាំងសម្រាប់ចែករំលែកកាលានុវត្តភាពទីផ្សាររបស់ចិនជាមួយពិភពលោក ក៏ដូចជាជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។

    កាលពីថ្ងៃទី ១៦ ខែមករា វេទិកាសេដ្ឋកិច្ចពិភពលោកបានចេញផ្សាយរបាយការណ៍ស្តីពី«ការរំពឹងទុករបស់ប្រធានសេដ្ឋវិទ»ដោយចង្អុលបង្ហាញថា ប្រធានសេដ្ឋវិទូដែលផ្តល់បទសម្ភាសន៍ចំនួនជិត ២ ភាគ ៣ បានព្យាករណ៍ថា តាមការប៉ាន់ប្រមាណ សេដ្ឋកិច្ចពិភពលោកនឹងលេចចេញភាពថមថយចុះនៅឆ្នាំ ២០២៣ ។ ក្នុងបរិបទដែលសំឡេងខ្ទរប្រកបដោយទុទិដ្ឋិនិយមបែបនេះបានលាន់ឮមិនដាច់ ពិភពលោកទាំងមូលបាននិងកំពុងផ្ញើក្តីរំពឹងទុកយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចចិន។

    លោក Borge Brende អគ្គនាយកនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានលើកឡើងថា ការដែលប្រទេសចិនកែសម្រួលគោលនយោបាយបង្ការជំងឺកូវីដ ១៩ នឹងជំរុញកំណើននៃឧស្សាហកម្មសេវាកម្ម ក្នុងនោះបួករួមទាំងតម្លៃផលិតផលនៃឧស្សាហកម្ម ការវិនិយោគនិងទេសចរណ៍ជាដើម ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ការបើកចំហរបស់ប្រទេសចិនមានអំណោយផលដល់កំណើនសេដ្ឋកិច្ចសកល ។

    គួរបញ្ជាក់ដែរថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចកាត់ផ្តាច់ពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោកក៏ត្រូវការប្រទេសចិនផងដែរ ។ សេដ្ឋកិច្ចចិនដែលប្រកបដោយភាពនឹងនរនិងរឹងមាំ វាមានសារៈសំខាន់កាន់តែខ្លាំងឡើងៗចំពោះពិភពលោក ។ ប្រទេសចិនដែលមានភាពកាន់តែបើកទូលាយ ក៏កាន់តែមានជំនឿចិត្តលើខ្លួនឯងកំពុងបង្កើតកាលានុវត្តភាពកាន់តែច្រើនសម្រាប់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន ក៏ដូចជាបំពេញបន្ថែមនូវស្ថិរភាពនិងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកដែលមានភាពច្របូកច្របល់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស